ពីនេះ ពីនោះ
ជួយ​ខ្លួនឯង​ដោយ​ខ្លួនឯង
20, Sep 2015 , 12:50 pm        
រូបភាព
ដោយ: ថ្មីៗ

ជីវិត​មនុស្ស​យើង​នេះ នរណា​ជាស​ត្រូវ​ក៏ដោយ ក៏​មិន​កាច​អាក្រក់​ឲ្យ​ដូចជា​ខ្លួនឯង​ធ្វើជា សត្រូវ​នឹង​ខ្លួនឯង​ទេ។ ក្នុង​ធម្មជាតិ​នេះ គ្មាន​អ្នកណាម្នាក់​អាចជួយ​សង្គ្រោះ​យើង​ស្មើនឹង​ខ្លួនឯង​ឡើយ ហើយក៏​គ្មាន​អ្នកណាម្នាក់​បំផ្លាញ​យើង​ដូចនឹង​ខ្លួន​យើង​ដែរ។



អ្នកដទៃ​ជាស​ត្រូវ​អាចមាន​ផ្លូវ​នឹង​គេច​ចៀសបាន។ ខ្លួនឯង​ត្រូវ​រត់គេច​យ៉ាងណា មាន​ញាតិមិត្ត​ជួយ​ការពារ​ផង ពឹងពាក់​អាជ្ញាធរ​ផង ក៏​ល្មម​ផុត​ភ័យ​ទៅបាន ទោះបីថា​សត្រូវ នោះមក​បៀតបៀន​ប្រទូសរ៉ាយ​បាន​យ៉ាងណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះ។ បើ​យើង​ជាម​នុស្ស ប្រព្រឹត្ត​ល្អ ស្លាប់​ហើយ​មិនបាន​ទៅ​អបាយភូមិ​ឡើយ។

ប៉ុន្តែ បើ​យើង​ជាស​ត្រូវ​នឹង​ខ្លួនឯង ដោយ​ការប្រព្រឹត្ត​លះបង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួនឯង​ហើយ គឺ​មិនមាន​នរណា​អាចជួយ​បានឡើយ។ មាន​ទំនង​ដូចគ្នា​ដែរ ក្នុងការ​ដែលមាន​អ្នកដទៃ​ទំនុកបម្រុង ជួយ​ធ្វើអ្វីៗឲ្យ​យើង គឺ​មិន​ដូចជា​យើង ធ្វើ​ដោយ​ខ្លួនឯង​ទេ ។

ឪពុកម្តាយ ញាតិមិត្ត​បងប្អូន លោកគ្រូ​អាចារ្យ​បានត្រឹមតែ​ទូន្មាន ប្រៀន ប្រដៅ​អប់រំ ណែនាំ​ប៉ុណ្ណោះ ចំណែក​ការចុះ​ដៃ​ធ្វើ ជា​រឿង​របស់​យើង។ គុណធម៌ សេចក្តី​ល្អ​ក្នុង​ខ្លួន មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួនឯង ក្នុង​លោក​នេះ មិនមាន​ព្រះ​ណា​អាច​សាង​ឲ្យ​យើង​បានឡើយ៕

ប្រភព៖ ដកស្រង់​ពី​គេហទំព័រ​ព្រះពុទ្ធសាសនា​ខ្មែរ



© រក្សាសិទ្ធិដោយ thmeythmey.com