អន្តរជាតិ
ដៅ​ចំណុច​មូល​ខ្មៅ​មួយ​លើ​បាតដៃ​គឺជា​សញ្ញា​សុំ​ជំនួយស្ងាត់ៗពី​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​ក្នុង​គ្រួសារ
20, Sep 2015 , 5:26 pm        
រូបភាព
ដោយ: ធីតា

ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​បួន​នាក់​នៅ​សហរដ្ឋអាមេរិក សុទ្ធតែ​ធ្លាប់​ទទួលរង​នូវ​អំពើហិង្សា​ពី​សំណាក់​ដៃគូ​ដ៏​ស្និទ្ធស្នាល​របស់ខ្លួន ខណៈដែល​ការសុំ​ជំនួយ​គឺជា​រឿង​ប្រថុយ​នឹង​គ្រោះថ្នាក់​បំផុត។ នេះ​គឺជា​គោលបំណង​នៃ​យុទ្ធនាការ Black dot ដែល​ត្រូវបាន​បង្កើតឡើង​នៅលើ​បណ្តាញ​សង្គម Facebook ។ យុទ្ធនាការ​នេះ​មាន​គោលដៅ​ជំរុញ​ឲ្យ​ជនរងគ្រោះ​ដោយសារ​អំពើហិង្សា​ក្នុង​គ្រួសារ មិន​ថា​ជា​បុរស ឬ​ស្ត្រី ដៅ​សញ្ញា​មូល​ពណ៌​ខ្មៅ​មួយ​លើ​បាតដៃ ដើម្បី​សុំ​ជំនួយ​ដោយស្ងាត់។



នៅពេល​ឃើញ​សញ្ញា​នេះ មិត្តភក្តិ បងប្អូន គ្រូពេទ្យ ឬក៏​បុគ្គលិក​នៃ​សេវា​សង្គម​ណាមួយ​ដែល​ជនរងគ្រោះ​ទុកចិត្ត អាច​សម្គាល់​ដឹង​ភ្លាម​ថា អ្នកនោះ​កំពុងតែ​ទទួលរង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ចង់​ស្វែងរក​ជំនួយ។ យុទ្ធនាការ​នេះ​ត្រូវបាន​បង្កើតឡើង​មិន​ផ្លូវការ​ដោយ​អតីត​ស្ត្រី​រងគ្រោះ​ក្នុង​អំពើហិង្សា​ក្នុង​គ្រួសារ​ម្នាក់។ បើទោះបីជា​សម្រាប់​ពេលនេះ យុទ្ធនាការ​នេះ​មិនទាន់​ទទួលបាន​ការគាំទ្រ និង​ជំនួយ​ជា​ផ្លូវការ តែ​គំនិត​ផ្តួចផ្តើម​នេះ​មាន​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​ដែល​ទើបតែ​បង្កើតឡើង​ក្នុង​ខែកញ្ញា​នេះ រហូតដល់ ៤,៨ លាន​នាក់។

ទន្ទឹម​នឹងមាន​អ្នកគាំទ្រ ក៏មាន​អ្នក​រិះគន់​ផងដែរ។ មនុស្ស​មួយចំនួន​យល់ថា សញ្ញា​នេះ​ហាក់ដូចជា​ស្រពេចស្រពិល​ពេក ហើយ​វា​ងាយ​នឹង​ច្រឡំ​ជាមួយ​ប្រជ្រុយ​ធម្មជាតិ​ទៀតផង។ អ្នក​ខ្លះទៀត​ពន្យល់ថា បើសិនជា​ប្តី​ដឹង​ពី​អត្ថន័យ​នៃ​សញ្ញា​លើ​បាតដៃ​របស់​ប្រពន្ធ បុរស​នោះ​នឹង​វ៉ៃ​ប្រពន្ធ​ជាការ​តបស្នង​នឹង​ទង្វើ​សុំ​ជំនួយ​នេះ​មិន​ខាន។ ឯ​អ្នក​ខ្លះទៀត​ងឿងឆ្ងល់​ថា បើ​សមត្ថកិច្ច​ជំនាញ​មិនបាន​ទទួល​ការអប់រំ​ពាក់ព័ន្ធ​នឹង​អត្ថន័យ​នៃ​សញ្ញា​មូល​ពណ៌​ខ្មៅ​នេះ​ផង អ្នក​ទាំងនោះ​ធ្វើ​ម៉េច​នឹង​យល់​អត្ថន័យ​ទៅ។

ស្ថាបនិក​នៃ​យុទ្ធនាការ​នេះ​ដែល​ត្រូវបាន​សម្ភាស​ដោយ​គេហទំព័រ Huffington Post បាន​បកស្រាយ​ថា ប្រាកដ​ណាស់ នេះ​មិនមែនជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​ជនរងគ្រោះ​គ្រប់រូប​ទេ។ ប៉ុន្តែ គំនិត​នៃ​ការសុំ​ជំនួយ​ដោយស្ងាត់ៗនេះ​បាន​ជួយ​ស្ត្រី ៤៩ នាក់​ឲ្យ​គេច​ផុតពី​ទំនាក់ទំនង​ដែល​ពោរពេញ​ដោយ​អំពើហិង្សា​នេះ​រួចមកហើយ នេះ​បើតាម​បណ្តាញ​ព័ត៌មាន New Zealand Herald ៕



© រក្សាសិទ្ធិដោយ thmeythmey.com