កីឡាជាតិ
ជាតិ
ឆាំ ពិស៊ិន បានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ Asian Ssireum Championship
× កីឡាករចំបាប់ ឆាំ ពិស៊ិន ទទួលបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍ Asian Ssireum Championship លើកទីមួយនៅកីឡដ្ឋាន Thuwunna National Indoor Stadium ក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ។
ក្នុងការប្រកួតក្នុងប្រភេទទំម្ងន់ក្រោម៧០គីឡូក្រាម កីឡាករ ឆាំ ពិស៊ិន បានយកឈ្នះកីឡាករម៉ាឡេស៊ី Sue Boon Wee ២-០ ហើយបន្តយកឈ្នះកីឡាករវៀតណាម Ho Ngan Giang ប៉ុន្តែបានចាញ់កីឡាករអ៊ីរ៉ង់ក្នុងលទ្ធផល ២-១ ។
Ssireum គឺជាប្រភេទកីឡាចំបាប់បែបបុរាណរបស់កូរ៉េ ដោយការប្រកួតធ្វើឡើងនៅខ្សាច់ ហើយកីឡាករ-កីឡាការិនី ត្រូវបានតម្រូវឲ្យចងក្រណាត់ភ្ជាប់ពីចង្កេះទៅភ្លៅខាងស្តាំ។ អ្នកដែលធ្វើឲ្យគូប្រកួតដួលផ្ញារក្រោយ ឬ លុតជង្គង់២ដង ជាអ្នកទទួលជ័យជម្នះ។
លោក Yang Sung Mo ប្រធានសមាគមកូរ៉េខាងត្បូងប្រចាំកម្ពុជា និង ជាគ្រូបង្វឹកកីឡា Ssireum ផងនោះបានប្រាប់អ្នកសារព័ត៌មានក្នុងពេលជូនដំណើរកីឡាករឡើងយន្តហោះថា កីឡាប្រភេទនេះជាកីឡាប្រពៃណីរបស់ជនជាតិកូរ៉េដែលមានប្រវត្តិជាង ៥.០០០ឆ្នាំមកហើយ ។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅមុនពេលចេញដំណើរទៅកាន់ទីក្រុងយ៉ាំង ហ្គោនថា នេះជាឱកាសបង្ហាញខ្លួនជាលើកដំបូងរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ចំបាប់បែបបុរាណរបស់កូរ៉េ។
ក្នុងចំណោមអត្តពលិកទាំង៨រូប កីឡាករ ឌន សៅ នឹងប្រកួតក្នុងទម្ងន់ក្រោម៩០គីឡូក្រាម កីឡាករ ងួន មករា ប្រកួតទម្ងន់៧៥គីឡូក្រាម ម៉ុល រស្មី ទម្ងន់៦០គីឡូក្រាម ឆាំ ពិស៊ិន និងជុន ធួន ទម្ងន់ក្រោម៧០គីឡូក្រាម រស់ ផល្លី ក្រោម៦០គីឡូក្រាម ហើយកីឡាការិនីពីរូបទៀត គឺ ជ័យ ច័ន្ទរស្មី និង នី សំណាង ប្រកួតក្នុងទម្ងន់៥១ និង៥៥គីឡូក្រាម។
© រក្សាសិទ្ធិដោយ thmeythmey.com