កីឡាជាតិ
ជាតិ
ទេពកោសល្យ​សិល្បៈករ​សៀក​កម្ពុជា​សង្ឃឹម​នឹងធ្វើ​ឲ្យ​ទស្សនិកជន​នៅ​អាមេរិក​ភ្ញាក់ផ្អើល
22, Sep 2015 , 7:59 am        
រូបភាព
អ្នក​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​កំពុង​សម្តែង​រឿង«‍លោហធាតុ​ខ្មែរ» ឬ “Khmer Metal” ដែល​បង្ហាញ​ពី​សង្គម​កម្ពុជា​ក្នុង​សម័យកាល​ទំនើប។ (រូបថត​ផ្តល់​ឲ្យ)
អ្នក​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​កំពុង​សម្តែង​រឿង«‍លោហធាតុ​ខ្មែរ» ឬ “Khmer Metal” ដែល​បង្ហាញ​ពី​សង្គម​កម្ពុជា​ក្នុង​សម័យកាល​ទំនើប។ (រូបថត​ផ្តល់​ឲ្យ)
ដោយ:
វ៉ាស៊ីនតោន៖ ចាប់ពី​ថ្ងៃទី១៤ខែកញ្ញា​នេះ​រហូតដល់​ថ្ងៃទី២ខែវិច្ឆិកា ក្រុម​សម្តែង​សិល្បៈ​សៀក​កាយសម្ព័ន្ធ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នឹង​បង្ហាញ​ទេពកោសល្យ​របស់ខ្លួន​ដល់​ទស្សនិកជន​នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង​បង្អស់។



អស់​រយៈពេល​ជាង១០ឆ្នាំ​កន្លងទៅនេះ ក្រុម​សម្តែង​សិល្បៈ​សៀក​កាយសម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិ​ល្បះ​បាន​សម្តែង​ទេពកោសល្យ​ខាង​សៀក​កាយសម្ព័ន្ធ​របស់ខ្លួន​នៅតាម​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ហើយ​ត្រូវបាន​ទទួលស្គាល់ និង​កោតសរសើរ​នៅ​ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ក្រុម​សម្តែង​សៀក​កាយសម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​មក​សម្តែង​ជូន​ទស្សនិកជន​នៅ​សហរដ្ឋអាមេរិក។

លោក ហ៊ួ​ត តារា ដែលជា​ប្រធាន​ផលិតកម្ម​នៃ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ បាន​ឲ្យ​ដឹងថា ក្រុម​សៀក​របស់លោក​អាចមក​សម្តែង​សៀក​កាយសម្ព័ន្ធ​លើកទីមួយ​នៅ​សហរដ្ឋអាមេរិក​នេះ ដោយសារតែ​សារមន្ទីរ Ringling ដ៏​ចំណាស់​មួយ​របស់​សហរដ្ឋអាមេរិក​បានរៀបចំ​កម្មវិធី​ពិ​សេសមួយ​សម្រាប់​សារមន្ទីរ​ស្តីពី​សិល្បៈ​អាស៊ី ហើយ​ក៏បាន​អញ្ជើញ​ក្រុម​សម្តែង​សៀក​កាយសម្ព័ន្ធ​របស់លោក​ឲ្យ​ចូលរួម​សម្តែង​ទេពកោសល្យ​ជាមួយនឹង​អ្នក​សម្តែង​សិល្បៈផ្សេងៗដែល​មកពី​ប្រទេស​នានា ដូចជា​ប្រទេស​ចិន ប្រទេស​កូរ៉េ និង​ប្រទេស​ជប៉ុន​ជាដើម។
«ពួកយើង​ចង់​ពាំនាំ​នូវ​អ្វី​ដែលជា​ភាព​អស្ចារ្យ​របស់​ទេពកោសល្យ​យុវជន យុវនារី​កម្ពុជា ដែលជា​សិល្បៈករ​ជំនាន់​ក្រោយ មក​បង្ហាញ និង​ឲ្យ​ទស្សនិកជន​នៅ​សហរដ្ឋអាមេរិក​នេះ​បានទទួល​ស្គាល់ និង​ស្ងើចសរសើរ»។

លោក​តារា​ក៏បាន​បន្ថែមថា នេះ​គឺជា​ឱកាស​មួយ​ដ៏​កម្រ​ដែល​ក្រុម​សៀក​កាយសម្ព័ន្ធ​របស់លោក​ធ្លាប់​ទទួលបាន។ ហេតុដូច្នេះ លោក​ក៏បាន​ទាក់ទង​ទៅ​ដៃគូ​សហការ​របស់លោក​នៅ​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​កម្មវិធី​សម្តែង​សៀក​កាយសម្ព័ន្ធ​ជូន​ទស្សនិកជន​នៅ​អាមេរិក​ក្នុង​រូបភាព​ធំ​ជាង​នេះ។

«យើង​ឆ្លៀត​ក្នុងឱកាស​នេះ ដើម្បី​ធ្វើការ​ជាមួយនឹង​ដៃគូ និង Sponsors (អ្នកធានា)ផ្សេងទៀត ដើម្បី​ពាំនាំ​នូវ​ទស្សនីយភាព «Khmer Metal» ទៅកាន់​រដ្ឋផ្សេងៗទៀត​នៅ​សហរដ្ឋអាមេរិក​ផងដែរ»។

រឿង«Khmer Metal» ឬ «លោហធាតុ​ខ្មែរ» របស់​ក្រុម​សម្តែង​សៀក​កាយសម្ព័ន្ធ​ហ្វា​ពន្លឺ​សិល្បៈ​នេះ​ឆ្លុះបញ្ចាំង​ទិដ្ឋភាព​សង្គម​បច្ចុប្បន្ន​របស់​យុវជន​កម្ពុជា​ដែល​ភ្លើ​ត​ភ្លឺ​ន​នឹង​ការសប្បាយ​នៅក្នុង​ក្លិប​កម្សាន្ត​មួយ។ ការសម្តែង​នេះ​មាន​ចម្រុះ​ទៅដោយ​សៀក​កាយសម្ព័ន្ធ​ដ៏​ប៉ិនប្រសព្វ និង​ឈុត​ឆា​កក​ម្លែ​ងផ្សេង។

ក្នុងការ​សម្តែង​រឿង«Khmer Metal»កន្លងមក​នៅ​កម្ពុជា  អ្នកទស្សនា​ដែលមាន​វ័យ​កណ្តាល​ពេញចិត្ត និង​ការកោតសរសើរ​ការសម្តែង​នេះ។ ក៏ប៉ុន្តែ​អ្នកចាត់ចែង​ក៏មាន​ក្តីបារម្ភ​ផងដែរ​អំពី​អារម្មណ៍​របស់​កុមារតូចៗទាក់ទង​នឹង​ខ្លឹមសារ​នៃ​សាច់​រឿងនេះ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ហ៊ួ​ត តារា។

«គាត់​បារម្ភ​ក្មេងតូចៗ ដោយសារតែ​ប្រធានបទ​របស់​វា​សំខាន់​សម្រាប់​មនុស្ស​ធំ។ ដូច្នេះ នៅ​ទីតាំង​សម្តែង​មួយចំនួន ដូចជា​សាល​មហោស្រព​សហគមន៍ Thomas Jefferson នៅ​រដ្ឋ Virginia  គាត់​បារម្ភ​ពី​ចំណុច​នេះ។ យើង​នឹង​សម្តែង​ដែល​មិនមែន Khmer Metal គឺ​សម្តែង​ជា​របៀប​មាន​សាច់រឿង​ខ្លះ​ពាក់ព័ន្ធ​នឹង​កម្ពុជា ដែល​យើង​ដាក់ឈ្មោះថា បា​រ៉‍េ»។

ការបកស្រាយ​របស់​នា​ង​ពិន ភូ​ណាំ  សិល្បៈការិនី​សម្តែង​សៀក​កាយសម្ព័ន្ធ​ដ៏​ឆ្នើម​ម្នាក់ បាន​ឲ្យ​ដឹងថា ការសម្តែង«បា​រ៉េ»នេះ​គឺជា​ការសម្តែង​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សាមញ្ញ​ធម្មតា​នៅតាម​ភូមិ។

«ការសម្តែង«បា​រ៉េ»នេះ​គឺជា​ការសម្តែង​ដែល​និយាយ​អំពី នៅក្នុង​ភូមិ​មួយ​នៅ​ស្រុក​ខ្មែរ ប្រជាជន​ភ្ញាក់​ពី​គេង ទៅ​ដាក់​បាត​លោក មាន​លោកសង្ឃ មាន​ស្វា មាន​នាង​មច្ឆា​ជាដើម។ និយាយ​ទៅ​គឺមាន​លក្ខណៈ​បែប​ខ្មែរ​តែម្តង។ អត់​មានអី​ត្រូវ​បារម្ភ​ពី ដូច​ថា ខ្លឹមសារ​វា​ថា ក្មេង ឬក៏​មនុស្ស​មើល​បាន ឬ​អត់​ទេ»។

ក្រៅពី​ការសម្តែង​នៅក្នុង​កម្មវិធី​សិល្បៈ​អន្តរជាតិ​នៃ​សារមន្ទីរ Ringling  ក្រុម​សម្តែង​សៀក​កាយសម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​នឹងធ្វើ​សិក្ខាសាលា​តាម​សាលារៀន និង​សាកលវិទ្យាល័យផ្សេងៗនៅ​សហរដ្ឋអាមេរិក ដើម្បី​ផ្ញើជូន​សារ​នៃ​ក្តីសង្ឃឹម​របស់​យុវជន​កម្ពុជា ដែល​ជួបនឹង​វាសនា​អកុសល ដូចជា​សមាជិក​អ្នក​សម្តែង​របស់​ហ្វា​ពន្លឺ​សិល្បៈ​មួយចំនួន​កាលពីមុន​ដែរ ជូន​ដល់​ទស្សនិកជន​ជាតិ​អាមេរិក និង​ជាពិសេស​គឺ​សហគមន៍​ខ្មែរ​អាមេរិក​តែម្តង។

លោក ហ៊ួ​ត តារា បាន​បកស្រាយ​អំពី​គោលបំណង​នៃ​ការធ្វើសិក្ខាសាលា​នេះ​ថា៖ «គោលបំណង​គឺ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​យុវជន​កម្ពុជា និង​យុវជន​នៅ​អាមេរិក ឲ្យ​មាន​ទំនាក់ទំនង​គ្នា​កាន់តែច្រើន​ទៅ​ថ្ងៃ​អនាគត និង​នាំមក​នូវ​សារ​ទាំងឡាយ នូវ​ថាមពល​ដ៏​វិជ្ជមាន​របស់​យុវជន​កម្ពុជា របស់​ហ្វា និង​សារ​នូវ​ក្តីសង្ឃឹម និង​ការខិតខំ​ប្រឹងប្រែង​រប​ស់គា​ត់ ដែល​គាត់​បាន​ជោគជ័យ​រហូតមកដល់​ថ្ងៃនេះ គឺ​ដើម្បី​ចែករំលែក​ទៅដល់​យុវជន​ដទៃទៀត​នៅទីនេះ និង​នៅ​ជុំវិញ​ពិភពលោក​ទាំងអស់»។

បច្ចុប្បន្ននេះ ក្រុម​សម្តែង​សៀក​កាយសម្ព័ន្ធ​របស់​ហ្វា​ពន្លឺ​សិល្បៈ​កំពុងតែ​ស្ថិតនៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រ​ញ៉ា ដើម្បី​ហាត់​សម និង​ត្រៀមខ្លួន​សម្រាប់​ការសម្តែង​នៅ​ថ្ងៃ​ដំបូង​គឺ​នៅ​ថ្ងៃទី២០ ខែកញ្ញា​ខាងមុខនេះ។ យោងតាម​លោក​ហ៊ួ​ត តារា​ឲ្យ​ដឹងថា សហគមន៍​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បានទទួល​ស្វាគមន៍​ក្រុម​សម្តែង​របស់​ហ្វា​យ៉ាង​កក់ក្តៅ។

សម្រាប់​នាង​ពិន ភូ​ណាំ​វិញ ការទទួល​ស្វាគមន៍​ដ៏​កក់ក្តៅ​នេះ​គឺជា​កត្តា​លើកទឹកចិត្ត​មួយ​ឲ្យ​នាង និង​ក្រុម​សម្តែង​របស់​នាង ខិតខំ​បញ្ចេញ​ទេពកោសល្យ​របស់ខ្លួន​កាន់តែ​ល្អ​ជាង​មុន។ នាង​ភូ​ណាំ​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ និង​ការកោតសរសើរ​ពី​ទស្សនិកជន​នៅ​សហរដ្ឋអាមេរិក​នេះ​ដូច​នៅ​កម្ពុជា​ដែរ។

«ប្រជាជន​ដែល​គាត់​បានមក​មើល គឺ​គាត់​មើល​ហើយ គឺ​ពេញចិត្ត​តែម្តង គឺ​គាត់​ស្ងើចសរសើរ​ថា យើង​អស្ចារ្យ ហើយ​គាត់​មិន​នឹង​ស្មានថា កូន​ខ្មែរ​អាចធ្វើ​បាន។ អញ្ចឹង​ហើយ​បានជា​ខ្ញុំ​សង្ឃឹមថា នៅ​ស្រុក​អាមេរិក​ក៏​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ដែរ។ ខ្ញុំ​សង្ឃឹមថា ក្រោយ​ពេលដែល​គាត់​បាន​មើល​ការសម្តែង​ហើយ គាត់​ប្រាកដជា​ពេញចិត្ត ហើយ​យើង​នឹង​រង់​ចាំមើល ថា​តើ​គាត់​នឹង​ឲ្យ​សារ​អ្វី​ត្រឡប់មក​យើង​វិញ​នៅក្នុង​ការកែប្រែ ដើម្បី​ឲ្យ​ការសម្តែង​របស់​យើង​បានល្អ​ជាង​មុន»។

បន្ទាប់ពី​ការសម្តែង​នៅតាម​ទីកន្លែងផ្សេងៗនៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​នៅក្នុង​កម្មវិធី​សិល្បៈ​អន្តរជាតិ​របស់​សារមន្ទីរ Ringling  ក្រុម​សម្តែង​សៀក​កាយសម្ព័ន្ធ​របស់​ហ្វា​ពន្លឺ​សិល្បៈ​នឹងធ្វើ​ដំណើរ​មកកាន់​រដ្ឋ Virginia និង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​បន្ត​ការសម្តែង​ទេពកោសល្យ​របស់ខ្លួនរ​ហូត​ដល់​ថ្ងៃទី២ ខែវិច្ឆិកា​ខាងមុខនេះ៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com