កីឡាជាតិ
លីកបាល់បោះរដូវកាលក្រោយនឹងមានកំណែទម្រង់ដាក់កីឡាករខ្មែរលេងបាន២នាក់
× លីកបាល់បោះរដូវកាលឆ្នាំ២០១៥ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា បានបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ស្របនៅរដូវកាលក្រោយនឹងមានគម្រោងកែទម្រង់ច្បាប់ប្រកួតខ្លះៗ ដើម្បីផលប្រយោជន៍សម្រាប់កីឡាករកម្ពុជា។
យោងតាមវិបសាយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡា បានស្រង់សម្ដីរបស់លោក អ៊ុក សិទ្ធជាតិ ប្រធានសហព័ន្ធកីឡាបាល់បោះដែលជាអធិបតីក្នុងពិធីបិតនោះថា៖ «ក្រុមកីឡាករដែលបង្កើតឡើងដោយជនបរទេសគឺមានតែកីឡាករខ្មែរតែម្នាក់ប៉ុណ្ណោះក្នុងទីលានប្រកួត។ ដូចនេះរដូវកាលប្រកួតលើកក្រោយ យើងនឹងពិចារណាតម្រូវឱ្យមានកីឡាករខ្មែរពីរនាក់លើទីលានប្រកួត។ កត្តានេះគឺដើម្បីឲ្យកីឡាករខ្មែរពូកែដូចកីឡាករបរទេស»។
សរុបលទ្ធផលបច្ចេកទេសក្រោយការប្រកួតបញ្ចប់ទៅនៅរដូវកាលនេះមានចំណាត់ថ្នាក់លេខ១បានទៅក្រុម Mekong Tiger អមដោយប្រាក់រង្វាន់ ៣ ពាន់ដុល្លារនិងពានរង្វាន់១ លេខ២ ក្រុម Extra Joss ទទួលបានប្រាក់រង្វាន់ ២ ពាន់ដុល្លារ និងលេខ៣ បានទៅក្រុម Davies Megacryl រួមទាំងប្រាក់រង្វាន់ ១ ពាន់ដុល្លារ។
សូមបញ្ជាក់ថាលីកបាល់បោះរដូវកាល ២០១៥ នេះមានក្រុមចូលរួមប្រកួតចំនួន១១ ក្រុមដោយចាប់ដំណើរការប្រកួតពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នៅទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដោយប្រើរូបមន្ដប្រកួតវិលជុំ យកអ្នកមានពិន្ទុល្អជាងគេចំនួន៨ក្រុមឡើងទៅប្រកួតជម្រុះ (Play Off) មុនដល់វគ្គផ្ដាច់ព្រ័ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com