កីឡាជាតិ
ជាតិ
GMAC៖ និយោជកមិនទាន់​កំណត់​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ សម្រាប់​ឆ្នាំ២០១៦
23, Sep 2015 , 11:40 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អនុប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) លោកស្រី សាន់​ដ្រា ដា​មី​កូ បានបញ្ជាក់​ពី​ជំហរ​របស់​និយោជក​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ២០១៦ នា​សន្និសីទកាសែត​នៅ​ថ្ងៃទី២២ ខែកញ្ញា​នេះ​ថា និ​យោ​ជិ​ក​មិនអាច​ត្រូវបាន​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា លើសពី​អត្រា​អតិផរណា ដែលមាន​កម្រិត​ទាប ជាង ៣ភាគរយ​នោះទេ។



និយោជក​មកពី​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង ក្នុងប្រទេស​កម្ពុជា បញ្ជាក់​ពី​គោលជំហរ​របស់​ពួកគេ ទៅលើ​ប្រាក់​ឈ្នួល​អ​ប្បរមា នា​សន្និសីទ​សារព័ត៌មាន រៀបចំ​ដោយ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១។

លោកស្រី សាន់​ដ្រា ដា​មី​កូ ថា កម្ពុជា​នៅមាន​ផលិតភាព​ការងារ និង​តម្លៃ​ផលិត​បន្ថែម​ទាប បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដៃគូ​ប្រ​គួ​ត​ប្រជែង​មួយចំនួន​ក្នុង​វិស័យ​កាត់ដេរ​ដូចគ្នា។ ហើយ​ថា សព្វថ្ងៃនេះ ប្រាក់​ឈ្នួល​អប្បរ​មា​របស់​កម្មក​រ​កម្ពុជា មាន​ចំនួន​ច្រើន​រួចស្រេច​ទៅ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែលមាន​ការប្រកួតប្រជែង ដូចជា ប្រទេស​បង់​ក្លា​ដេ​សមាន​ប្រាក់​ឈ្នួល​គោល​តែ ៦៨ដុល្លារ ស្រីលង្កា៦៦ដុល្លារ និង​ផ្នែក​ខ្លះទៀត​របស់​ប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី។

ក្រៅពីនេះ លោកស្រី សាន់​ដ្រា ដា​មី​កូ ក៏​លើកយក​ពីថ្ងៃ​ស​ម្រា​ការងារ​នៅ​កម្ពុជា​ថា ជា​ប្រទេសមួយ​ដែលមាន​ថ្ងៃ​ឈប់សម្រាក​ច្រើនជាង បណ្តា​ប្រទេស​ដៃគូ​ប្រ​កូត​ប្រជែង​ដទៃទៀត​ផងដែរ។ «កម្ពុ​ជាមាន​ថ្ងៃ​ឈប់សម្រាក​ថ្ងៃបុណ្យ​លើស​ប្រទេស​ដៃគូ​ប្រ កួត​ប្រជែង​ពី​ជាង ៧០ភាគរយ ទៅ ២៤០ភាគរយ។ ចំណែក​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ កម្ពុ​ជាមាន​ពី៥០ភាគរយ​ទៅ២៦០ភាគរយ​លើស​ប្រទេស​ដៃគូ​ប្រ កួត​ប្រជែង​ផ្សេងទៀត»។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ដា​មី​កូ។

ជាមួយគ្នានេះ លោកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល រដ្ឋាភិបាល​ត្រូវ​បន្ត​ពិនិត្យ​លើ​ឥទ្ធិពល​នៃ​ច្បាប់​ស្តីពី ការជួល​ផ្ទះ ហើយ​ត្រូវតែ​វិនិយោគ ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​សង្គម​នានា ដើម្បី​គាំទ្រ​ដល់​កម្មករនិយោជិត និង​បរិយាកាស​កន្លែង​រស់ នៅ​ជុំវិញ​រោងចក្រ​កាត់ដេរ សំលៀកបំពាក់ និង​ស្បែកជើង។ មួយវិញទៀត លោកស្រី​ថា ផលិតភាព និង​ការអភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ គឺជា​តម្រូវការ ចាំបាច់​បំផុត​ផងដែរ ដូច្នេះ​រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​ឲ្យ​មាន​ការរៀន​ជំនាញ​បន្ថែមទៀត។

កញ្ញា សាន់​ដ្រា ថា៖«អ្វីដែល​និយោជក​ត្រូវការ គឺ ១ ធានាថា ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង រក្សាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង ២គឺ ធានា​ឲ្យ​មានការ​បង្កើត​នូវ​ឱកាស​ការងារ ទី៣,មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ពិពិធ​កម្ម សេដ្ឋកិច្ច និង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​សំ​លៀ​បំពាក់ និង​ផលិត​ស្បែកជើង ៤ ត្រូវ​ផ្តោតលើ​ផលិតភាព និង​ការអភិវឌ្ឍន៍​ជំនាញ ៥ ត្រូវ​ធានាថា សហជីព​មាន​ភាពរួបរួម និង​មាន​ភាពជា​តំណាង ដើម្បី​ឲ្យ​ការអនុវត្ត​អនុសញ្ញា​រួមមាន ប្រសិទ្ធភាព​សម្រាប់​សុខដុម និង​ការអភិវឌ្ឍន​ឲ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា»។

វិស័យ​កាត់ដេរ​នៅតែ​ជា​ប្រភព​ដ៏​ចំបង​មួយ នៃ​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន និង​សេដ្ឋកិច្ច កម្ពុជា។ លោក វ៉ាន់ ស៊ុយ​អៀង ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និយាយ​ពី​ស្ថានភាព​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ថា សហជីព និង​អ្នកបញ្ជា​ទិញ​បានទាមទារ​ឲ្យ​និយោជក​ដំឡើង​ប្រាក់​ឈ្នួល គោល​បន្ថែម​ដល់ក​ម្មករ ប៉ុន្តែ​លោក​ថា​អ្នកបញ្ជា​ទិញ​មិនបាន​ដំឡើង​តម្លៃ​ទំនិញ​ដែល​ពួកគេ​បញ្ជា​ទិញ​ពី​រោងចក្រ​នោះទេ។ លោក​សង្កត់ធ្ងន់ថា បួន​ខែ​កន្លងទៅនេះ សមាជិក​របស់ GMACចំនួន៣៥ បាន​បិទ​រោងចក្រ​របស់​ពួកគេ ដោយ​គ្មាន​ការបញ្ជាទិញ​ពី​ខាងក្រៅ។ លោក វ៉ាន់ ស៊ូ​អៀង អះអាងថា ប្រសិនបើ​ប្រាក់​ឈ្នួល​គោល​ឡើង​កាន់តែ​ខ្ពស់​ការប្រកួតប្រជែងរ​បស់​កម្ពុជា​ជាមួយ​ប្រទេស​ដទៃទៀត​នឹងមាន​ការ​ប្រឈម​កាន់តែខ្លាំង ដែល​លោក​ថា​នឹង​អាចធ្វើ​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​មួយចំនួន​បន្ថែម​ទៀត​នឹង ត្រូវ​បិទទ្វារ​ដោយសារតែ​មិនអាច​រកប្រាក់​ចំណេញ​បាន ហើយ​កម្មករ​កម្ពុជា​ច្រើន​នាក់​នឹង​បាត់បង់​ការងារ។

លោក​ថា សព្វថ្ងៃនេះ កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​ផលិត​ស្បែកជើង​របស់​កម្ពុជា​អាច​រកប្រាក់​ចំណូល​បាន​ប្រហែលជា ២០៦ដុល្លារ​ក្នុង១ខែ ដោយ​បូក​ជាមួយ​ប្រាក់​ថែម​ម៉ោង និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត។ លោក វ៉ាន់ ស៊ូអៀង បញ្ជាក់ថា មកទល់ពេលនេះ ភាគីនិយោជកមិនទាន់កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០១៦ ពិភាក្សាជាមួយភាគីសហជីព តំណាងកម្មករនិយោជិត និងភាគីពាក់ព័ន្ធនៅឡើយ។

«យើង​មិនអាច​មើលស្រាល​ពី​សារៈសំខាន់ នៃ​ការរក្សា​ទុក​នូវ​និរន្ត​ភាព​នៃ វិស័យ​ឧស្សាហកម្ម​មួយ​នេះ​ទេ ដែល​ជាង ៩០ភាគរយ​នៃ​ការវិនិយោគ​មាន​ប្រភពពី​ការ វិនិយោគ​ពី​បរទេស។ សន្តិភាព​ផ្នែក​ឧស្សាហកម្ម​មាន​ភាពចាំបាច់​ណាស់ ដើម្បី​ឲ្យ​មាន ពិពិធ​កម្ម និង​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត ស្បែកជើង ក៏ដូចជា​ការទាក់ទាញ​វិស័យ​ផ្សេងទៀត ដែលមាន​តម្លៃបន្ថែម​ខ្ពស់ និង​បង្កើត ការងារ​កម្ពុជា»។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក វ៉ាន់ ស៊ូ​អៀង។

គួរ​បញ្ជាក់ថា កាលពី​ខែសីហា ឆ្នាំ២០១៥ កន្លងទៅ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​តំណាង​ឲ្យ​រោងចក្រ​នាំចេញ​ផលិតផល​កាត់ ដេរ​ចំនួន ៥៦០ និង​រោងចក្រ​ស្បែកជើង​ចំនួន ៥៦ បាន​ស្ទង់​មតិ​ក្នុងចំណោម​រោងចក្រ​ជាង ២០០អំពី​ការដំឡើង​ប្រាក់​ឈ្នួល ឲ្យ​កម្មករ​នៅ​ឆ្នាំ២០១៦ ដោយ​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​បច្ចុប្បន្ន១២៨ដុល្លារ ។ ជា​លទ្ធផល មាន​រោងចក្រ​ជាង៦០ភាគរយ​បញ្ជាក់ថា ពួកគេ​គ្មាន​លទ្ធភាព​ដំឡើង​ប្រាក់ ខែ​ឲ្យ​កម្មករ​នោះទេ ប៉ុន្ដែ​មាន​រោងចក្រ២៦ភាគរយ ឯកភាព​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ចាប់ពី ១ដុល្លារ​ដល់ ៥ដុល្លារ​សម្រាប់​ឆ្នាំ ២០១៦ ។

គួរបញ្ជាក់​ផងដែរ វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ដើរតួនាទី​យ៉ាងសំខាន់​ក្នុង សេដ្ឋកិច្ចកម្ពុជា។ វិស័យនេះ តំណាង​ឲ្យ ៨០ភាគរយ នៃ​ទំនិញ​នាំចេញ​សរុប​របស់​កម្ពុជា (GMAC, 2015a) ដែលមាន​តម្លៃ​រហូតដល់ ៥,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៤ (BFC, 2014)។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ របស់​មូលនិធិ​ក្រុមប្រឹក្សា​ការងារ។ វិស័យនេះ បានផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ប្រមាណ ៧០ម៉ឺន​នាក់ ក្នុង​សហគ្រាស​ជិត ១ពាន់​រួមមាន រោងចក្រ​ផលិត​ទំនិញ​នាំចេញ​ជាង ៥២០ (GMAC, 2015a; MoLVT, 2014; BFC, 2014) ជា​ប្រការ​គួរកត់សម្គាល់ វិស័យនេះ ត្រូវបាន​ចាត់ថ្នាក់​ថា មានការ​លូតលាស់​បំផុត ក្នុងការ​ភ្ជាប់​ជាមួយ​ការប្រើប្រាស់​សិទ្ធិ ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​កម្ពុជា ពោលគឺ ការអនុវត្ត​សកម្មភាព​រួម និង​ដំណើរការ​នៃ​ការ​ដោះ ស្រាយ​វិវាទ​ការងារ។ មូលនិធិ​ក្រុមប្រឹក្សា​ការងារ ក៏បាន​កត់សម្គាល់​ដែរ កូដកម្ម​ធំ​ក្នុង ឧស្សាហកម្ម បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៣ និង២០១៤ បង្ក​ការរំខាន​បំផុត​ផងដែរ ក្នុង​ប្រវត្តិ​ឧស្សាហកម្ម ហើយ​វា​ជា​ផ្នែក​មួយ នៃ​ការធ្វើ​កូដកម្ម ដែល​បាន​ប៉ះពាល់ ដល់​វិស័យ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែ​កជែង ចាប់តាំងពី​ពេលដែល​វិស័យនេះ រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​មក៕


Tag:
 GMAC
  ប្រាក់​ឈ្នួល​អ​ប្បរមា
© រក្សាសិទ្ធិដោយ thmeythmey.com