ជាតិ
សិល្បះ
តារាចម្រៀង​ល្បី កញ្ញា ​សុគន្ធ នីសា អាន​សៀវភៅ​ច្រើន ដឹង​រឿង​ច្រើន
24, Sep 2015 , 10:49 am        
រូបភាព
រូបថតអង្គការស៊ីប៉ា
រូបថតអង្គការស៊ីប៉ា
ដោយ: ថ្មីៗ
ភ្នំពេញ៖ តារាចម្រៀង​លំដាប់​កំពូល​កម្ពុជា និង​ជា​ទូត​សុច្ឆន្ទៈ​នៃ​អង្គការ​ស៊ី​ប៉ា (SIPAR) កញ្ញា សុគន្ធ នីសា បាន​និយាយ​​ថា ការអាន​សៀវភៅ នឹង​បង្កើន​ធនធានមនុស្ស​កាន់​ច្រើន ចូលរួម​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ជាមួយ SIPAR ដែលជា​អង្គការ​មាន​វត្ត​មាននៅ​កម្ពុជា​រយៈពេល​ជាង ២០ឆ្នាំ​មកនេះ នីសា ប្ដេជ្ញា​ចិ​ត្ដ​លើកកម្ពស់​ការអាន​ប្រជាជន​ទូទាំងប្រទេសកម្ពុជា។



តារាចម្រៀង​ឥរិយាបថ​ស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា នា​ពិធី​ជំរុញ​ការអាន​សៀវភៅ​របស់​អង្គការ​ស៊ី​ប៉ា​នៅ​រសៀល​ថ្ងៃទី ២៣ កញ្ញា ឆ្នាំ២០១៥នេះ បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ជំរុញ ការអាន​សៀវភៅ​ដល់​ពលរដ្ឋ​ប្រជាជន​កម្ពុជា ទាំង​កុមារ និង​ទាំង​យុវវ័យ ពិសេស​គឺ​ស្ដ្រី ឲ្យ​ស្វែងយល់​ពី​សារប្រយោជន៍​ការអាន​សៀវភៅ តាមរយៈ​បណ្ណាល័យ​ចល័ត​អង្គការ​ស៊ី​ប៉ា។

តារាចម្រៀង​ប្រជាប្រិយភាព​ផលិតកម្ម​ថោ​ន កញ្ញា នីសា ត្រូវបាន​ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​ជំរុញ​ការអាន​សៀវភៅ​នៅ​កម្ពុជា​របស់​អង្គការ​ស៊ី​ប៉ា កាល​ពីដើមឆ្នាំ ២០១៥។ នីសា យល់ដឹង​ពី​សារៈសំខាន់​នៃ​ការអាន​សៀវភៅ តារាចម្រៀង​រូបនេះ បាន​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ ដោយកញ្ញា​លើកឡើងថា ការអាន​ជា​កត្តា​ចម្បងបំផុត ធ្វើ​ឲ្យ​ប្រជាជន​​​​​​​​​កម្ពុជា​​​​យល់​កាន់​ច្បាស់​ពី​ជីវិតរស់នៅ​ប្រចាំថ្ងៃ ការទំនាក់ទំនង និង​ការ​ស្វែងយល់​ពី​ព័ត៌មាន​នៅក្នុង​សង្គម។

ក្នុងនាម​ជា​សុ​ឆន្ទៈ​មួយរូប​របស់​អង្គការ​ស៊ី​ប៉ា ដែលមាន​បេសកកម្ម​លើកកម្ពស់​ការអាន បោះពុម្ពផ្សាយ​សៀវភៅ​ជា​ភាសា​ខ្មែរ និង​ចែកចាយ​ទៅគ្រប់​ខេត្ដ​ក្រុង​ទាំង ២៥ នីសា បាន​អំពាវនាវ​ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈពង្រឹង​ការអាន​សៀវភៅ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា។

ក្រៅពី​ការចូលរួម​ដោយផ្ទាល់​ជាមួយ​អង្គការ​ស៊ី​ប៉ា ចុះ​ទស្សនកិច្ច​តាម​កម្មវិធី​បណ្ណាល័យ​ចល័ត និង​បណ្ណាល័យ​​​/​​មណ្ឌល ធនធាន​​​មនុស្ស នៅក្នុង​​​រោងចក្រ​​​​កាត់ដេរ ដើម្បី​លើក​​កម្ពស់​វិស័យ​​អំ​ណាន​​​​ដល់​ប្រជាសហ​​គមន៍ កម្មករ​​ កម្មការិនី​​​​​​តាម​រោងចក្រ​​​ហើយ​​​​នោះ កញ្ញា ​​សុគន្ធ ​​នីសា ​​សហការ​​​​ជាមួយ​​​​​អង្គការ​​​​ស៊ី​ប៉ា នឹ​​ង​​​និពន្ធ​បទ​ចម្រៀង​អប់រំ​ពី​សារប្រយោជន៍​ការអាន​សៀវភៅទៀតផង។​​
​​​
​​គួរបញ្ជាក់​​​ផងដែរ នៅ​ថ្ងៃទី១១ ខែមីនា រៀងរាល់ឆ្នាំ រដ្ឋាភិបាល​កម្ពុជា​បានកំណត់​ជា ទិវា​ជាតិ​អំ​ណាន ដើម្បី​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន និង​ការ​​​តែង​និពន្ធ រួមចំណែក​​​​ការពារ និង​ពង្រឹង​វប្បធម៌​ខ្មែរ។ រដ្ឋាភិបាល​បាន​បង្គាប់​ដល់​​ថ្នាក់ដឹកនាំ​នៅតាម​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល អង្គការ​អន្តរជាតិវិស័យ​​​​ឯកជន និង​គ្រឹះស្ថានសិក្សា​​​នានា ឲ្យ​ចូលរួម​​​បំផុសគំ​និត​​​​ការ​​​អាន មន្ត្រី​​​​​​រាជការ សិស្ស និស្សិត កម្មករ និយោជិត ​​​និយោជក កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន ​​ដើម្បី​បង្កើត​​​ស្មារតី ​​ប្រឡងប្រណាំង​​​ការអាន ​​និង​តែង​និពន្ធ។ ​​នេះ​ជា​​​ខ្លឹមសារ​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី១៤ កញ្ញា៕


© រក្សាសិទ្ធិដោយ thmeythmey.com