កីឡាជាតិ
ជាតិ
ការប្រកួត​កា​រ៉ា​តេ​ដូ​ថ្នាក់ជាតិ៖ អ្នកចូលរួម​ថយចុះ ប៉ុន្តែ​សក្តានុពល​កើនឡើង
24, Sep 2015 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កា​រ៉ា​តេ​ដូ ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥ បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី២៣ ខែកញ្ញា នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា បាន​ទទួលស្គាល់ថា ចំនួន​អ្នកចូលរួម​ប្រកួតប្រជែង​មានការ​ថយចុះ ប៉ុន្តែ​លោក​វាយតម្លៃថា សក្តានុពល និង​សមត្ថភាព​មានការ​កើនឡើង​ជាង​មុន។



«ឆ្នាំនេះ​ការប្រកួត​កា​រ៉ា​តេ​ដូ​ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥ មាន​សមាសភាព​ចូលរួម​ប្រកួត​តែ ៧ក្លិប ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​មាន​សមាជិក​ចូលរួម​ប្រកួត​រហូត ១១ក្រុម មានន័យថា​មានការ​ថយចុះ​ចំនួន ៤ក្រុម»។ នេះ​ជាការ​លើកឡើង​របស់លោក ឡា​ច ច័ន្ទដារ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា។

អគ្គលេខាធិការ​រូបនេះ បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការថយចុះ​នោះ​ថា ដោយសារតែ​ក្រុម​មួយចំនួន​ទៅ​ចូលរួម​ជាមួយ កីឡា​សូ​រី​ន​ហ្ស៊ី​កាំ​ប៉ូ​កម្ពុជា ។ លោក​បាន​កត់សម្គាល់ថា ទោះបីជា​មានការ​ថយចុះ​នូវ​ក្រុម​ចូលរួម​ប្រកួត​ក៏ដោយ ប៉ុន្តែ​សមត្ថភាព បច្ចេកទេស គណៈកម្មការ​បច្ចេកទេស និង​សក្តានុពល​មានការ​មានការ​កើនឡើង ហើយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ឆ្នាំក្រោយ​នឹងមាន​ក្រុម​ចូលរួម​ប្រកួត​កាន់​ច្រើន។

សម្រាប់​ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥ ដែលមាន​រយៈពេល៥ថ្ងៃ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ពីថ្ងៃ​ទី២៣ ដល់ ថ្ងៃទី២៧ ខែកញ្ញា មានការ​បែងចែក​ជា​ក្រប​ខណ្ណ ក១ និង​ក២ ផ្នែក​បុរស និង​នារី ទៅតាម​ប្រ​ភេ​ទ​ទម្ងន់ផ្សេងៗគ្នា៕

ដោយ៖ វណ្ណ​ដេ​ត


Tag:
 កីឡា​កា​រ៉ា​តេ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com