ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបរាជ័យជាលើកទី២ ក្រោយថ្វីជើងក្រុមគីរីវង់សុខសែនជ័យ ២ ទល់ ១ គិតត្រឹមសប្ដាហ៍ទី ១៨ នៃពានរង្វាន់បាល់ទាត់មិត្តហ្វូនខេមបូឌានលីករដូវកាល២០១៥ នេះ (Metfone Cambodian League 2015) ស្របពេលដែលគូប្រជែងកំពូលតារាងគឺបឹងកេតអង្គរ ឡើងឈរកំពូលតារាងវិញ។
សរុបលទ្ធផលត្រួសៗ ក្នុងសប្ដាហ៍ទី១៨ នៃពាន MCL 2015 ដែលធ្វើឡើងនៅថ្ងៃពុធ កន្លងទៅក្រុមបាល់ទាត់ក្រសួងការពារជាតិ បានយកឈ្នះក្រុមបៀលប្រាយយូណាយធីត ដោយលទ្ធផល ៤ ទល់ ១ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)។ ៤ គ្រាប់របស់ការពារជាតិ រកបានដោយកីឡាករ កែ វណ្ណៈ ២ គ្រាប់ កីឡាករជនជាតិជប៉ុន Kazuki Tazuta និងកីឡាករជនជាតិកូរ៉េខាងត្បូង Kim Jeongho រកបានម្នាក់១គ្រាប់។ ចំណែក១ គ្រាប់របស់បៀលប្រាយ រកបានដោយកីឡាករ ថៃ ផល្លា នៅនាទី ៩០ បូក។
សម្រាប់មួយគូទៀតនៅទីលានពហុកីឡដ្ឋានជាតិ ក្រុមថ្មីស៊ីម៉ាក់ បានយកឈ្នះក្រុមវេស្ទើន ៣ ទល់ ។ កីឡាករ Okereke Chimerie រកគ្រាប់បាល់ ២ គ្រាប់ម្នាក់ឯងអោយស៊ីម៉ាក់ ស្របពេលកីឡាករ Anthony Robert រកបាន១ គ្រាប់។ ១ គ្រាប់របស់វេស្ទើន តដៃវិញរបស់វេស្ទើនរកបានដោយកីឡាករ Mathew Osa។
ប្រកួតចុងក្រោយនៅល្ងាចថ្ងៃពុធ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣ ទល់ ២ លើទីលានពហុកីឡដ្ឋានជាតិ។ ៣ គ្រាប់របស់ប៉ូលិស រកបានដោយកីឡាករ នួន បុរី, Ippei Shimizu និង ១ គ្រាប់ទៀតជាគ្រាប់បាល់ដែលធ្វើឱ្យចូលទីខ្លួនឯង (Own Goal) ដោយខ្សែការពារ ផន ដុល្លារ របស់អាស៊ីអឺរ៉ុប។ ២ គ្រាប់របស់ អាស៊ីអឺរ៉ុប រកបានដោយកីឡាករ Gorge Kelechi Stanley។
ចំណែកគូប្រកួតនៅល្ងាចថ្ងៃព្រហស្បតិ៍វិញ ក្រុមបាល់ទាត់ស្វាយរៀង បានយកឈ្នះក្រុម ខេមបូឌានថាយហ្គឺរ ដោយលទ្ធផល ៣ ទល់ ០ លើទីលានកីឡដ្ឋានវេស្ទើន។ កីឡាករ Kipson បានរកគ្រាប់បាល់តាម ៣២ និងនាទី ៧០ ខណៈប្រធានក្រុម ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់ទី ៣ នៅនាទី ៨១។
ចំណែកក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ២ ទល់ ១ លើទីលានពហុកីឡដ្ឋានជាតិ។ ខ្សែប្រយុទ្ធ ឃឹម បុរី របស់ណាហ្គាវើល បានរកគ្រាប់បាល់នាំមុខគូប្រកួតនៅនាទី ៥៧ ស្របពេលកីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេតអង្គរ បានរកគ្រាប់បាល់យកឈ្នះ ២ គ្រាប់ម្នាក់ឯងវិញ នៅនាទី ៦៦ និង នាទី ៨៧ ចុងតង់ទី២។
សម្រាប់មួយប្រកួតចុងក្រោយក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន បានប្រកួតចាញ់គីរីវង់សុខសែនជ័យ ២ ទល់ ១ លើទីលានកីឡដ្ឋាន RSN Stadium របស់ខ្លួន។ កីឡាករ Ayoyinka និង ឯម ផាន់ណា ជាអ្នករកគ្រាប់បាល់ឱ្យគីរីវង់សុខសែនជ័យ ស្របពេលកីឡាករ កែវ សុខផេង ជាអ្នកបំបែកពងមាន់ឱ្យភ្នំពេញក្រោន បាន១គ្រាប់វិញ។
ចំពោះកីឡាករដែលរកគ្រាប់បាល់បញ្ជូលទីគូប្រកួតបានច្រើនជាងវិញមាន ចាន់ វឌ្ឍនាកា របស់បឹងកេត រកបាន ២៨ គ្រាប់ ស្របពេលកីឡាករ Dzarma Bata របស់ស្វាយរៀង រកបាន ២០ គ្រាប់ហើយកីឡាករ Bisan George និង Booysen Shane របស់ភ្នំពេញក្រោន រកបានម្នាក់ ១៩ គ្រាប់ ហើយកីឡាករ Gorge Kelechi Stanley របស់អាស៊ីអឺរ៉ុប រកបាន ១៧ គ្រាប់ម្នាក់ឯង។
សរុបតារាងចំណាត់ថ្នាក់ប្រចាំសប្ដាហ៍ទី១៨ នៃពាន MCL 2015 នេះ សម្រាប់ក្រុមខ្លាំងទាំង៤ មាន បឹងកេតអង្គរ ឡើងឈរលេខ១ បណ្ដោះអាសន្ន តាមពីក្រោយដោយក្រុមលេខ២ ភ្នំពេញក្រោន មានពិន្ទុស្មើគ្នាតែខុសត្រង់គ្រាប់ចំណេញ ក្រុមខេមបូឌានថាយហ្គឺរ មានចំណាត់ថ្នាក់លេខ ៣ មាន៣១ ពិន្ទុ និងលេខ៤ ក្រុមស្វាយរៀងអែហ្វស៊ី មាន ២៩ ពិន្ទុ។ ចំណែកក្រុមបាតតារាងចំនួន ២ ក្រុមគឺ វេស្ទើនភ្នំពេញ លេខ ១១ មាន ១៣ ពិន្ទុ និងក្រុមគីរីវង់សុខសែនជ័យ លេខ ១២ មាន ៨ ពិន្ទុ៕