កីឡាជាតិ
ជាតិ
៤ សំនួរ​ជាមួយ​អ្នកជំនាញ រឿង​បញ្ជូន​កីឡាករ​ចំបាប់​កម្ពុជា​ទៅ​ប្រកួត​កីឡា​បែប​បុរាណ​របស់​កូរ៉េ
25, Sep 2015 , 10:40 am        
រូបភាព
ដោយ:
កាលពីថ្មីៗនេះ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បានសម្រេច​ចិត្ត​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចំនួន ៦ រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា Ssireum កម្រិត​ទ្វីបអាស៊ី និង ពិភពលោក Asian Ssireum Championship លើក​ទី១ និង World Ssireum Championship លើក​ទី៥នៅ​ប្រទេស​មី​យ៉ាន់​ម៉ា។ Ssireum ជា​កីឡា​ប្រពៃណី​របស់​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​លក្ខន្តិកៈ​ដូច​កីឡា​ចំបាប់​បូរាណ​ខ្មែរ​ដែរ។



លោក ប៉ែន ប៉ា​រ៉ា​ឌី អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មានថ្មីៗ បាន​ជួប​សម្ភាសន៍​ជាមួយ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​និង​ជា​ប្រតិភូ​ក្រុម​កម្ពុជា ក្រោយពេល​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃ​ពុធ កន្លងទៅ៖

លោក ប៉ែន ប៉ា​រ៉ា​ឌី៖ តើ​អាច​រៀបរាប់​ត្រូសៗបាន​ទេពី​កីឡា​ចំបាប់​បែប​បុរាណ​របស់​កូរ៉េខាងត្បូង Ssireum?

លោក ធិ​ន វិចិត្រ៖ Ssireum គឺជា​ប្រភេទ​កីឡា​ចំបាប់​បែប​បុរាណ​របស់​កូរ៉េ ដោយ​ការប្រកួត​ធ្វើឡើង​នៅ​ខ្សាច់ ហើយ​កីឡាករ-កីឡាការិនី ត្រូវបាន​តម្រូវ​ឲ្យ​ចង​ក្រណាត់​ភ្ជាប់​ពី​ចង្កេះ​ទៅ​ភ្លៅ​ខាងស្តាំ។ អ្នក​ដែល​ធ្វើ​ឲ្យ​គូប្រកួត​ដួល​ផ្ញា​រ​ក្រោយ ឬ លុតជង្គង់២ដង ជា​អ្នកទទួល​ជ័យជម្នះ។

លោក ប៉ែន ប៉ា​រ៉ា​ឌី៖ ហេតុអ្វី​បានជា​កម្ពុជា​សម្រេចចិត្ត​បញ្ជូន​កីឡាករ​ចំបាប់​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ?

លោក ធិ​ន វិចិត្រ៖ តាមពិតទៅ​យើង​ត្រៀម​បញ្ជូន​កីឡាករ​យើង​ទៅ​ប្រកួត​ក្នុង​កីឡា​ចំបាប់​លើ​ឆ្នេរ​ខ្សាច់​នៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំក្រោយ ហើយ​ស្របពេល​កីឡា​នេះ​ក៏​ប្រកួត​លើ​ទីលាន​ប្រភេទ​ដីខ្សាច់​ដែរនោះ​យើង​ក៏​សម្រេចចិត្ត​បញ្ជូនទៅ។ សូមបញ្ជាក់ថា​ការបញ្ជូន​ទៅនេះ​គឺ​ខាង​សមាគម​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា ជា​អ្នករ៉ាប់រង​ទាំងអស់ រាប់ទាំង​បញ្ជូន​គ្រូបង្វឹក​មក​ណែនាំ​ដល់​កីឡាករ​កម្ពុជា មុន​ចេញដំណើរ​ផងដែរ។

លោក ប៉ែន ប៉ា​រ៉ា​ឌី៖ លោក​អាច​បញ្ជាក់បាន​ទេពី​ព្រឹត្តិការណ៍ Asian Ssireum Championship លើក​ទី១ និង World Ssireum Championship លើក​ទី៥នៅ​ប្រទេស​មី​យ៉ាន់​ម៉ា?

លោក ធិ​ន វិចិត្រ៖ ព្រឹត្តិការណ៍​នេះ​មាន​អត្ត​ពលិកម​ក​ពី​ប្រមាណ២០ប្រទេស ចូលរួម​ខណៈ​ការប្រកួត​កម្រិត​អាស៊ី​ជា​លើកដំបូង មាន​អត្ត​ពលិកម​ក​ពី​ប្រទេស​កម្ពុជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ រួមទាំង​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា។ ការប្រកួត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៩ រហូតដល់​ថ្ងៃទី ២១ ខែកញ្ញា នៅ​កីឡដ្ឋាន Thuwunna National Indoor Stadium ក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា។ សូមបញ្ជាក់ថា​នៅ​ឆ្នាំក្រោយ ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង វិញ​ម្ដង។

លោក ប៉ែន ប៉ា​រ៉ា​ឌី៖ ជា​លទ្ធផល​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់ ឬ មេដាយ​ដែរឬទេ ក្នុងឱកាស​ចូលរួម​លើកដំបូង​នេះ?

លោក ធិ​ន វិចិត្រ៖ ក្នុងការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម៧០គីឡូក្រាម កីឡាករ ឆាំ ពិ​ស៊ិន បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី Sue Boon Wee ២-០ ហើយ​បន្ត​យកឈ្នះ​កីឡាករ​វៀតណាម Ho Ngan Giang ប៉ុន្តែ​បាន​ចាញ់​កីឡាករ​អ៊ីរ៉ង់​ក្នុង​លទ្ធផល ២-១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ជាហេតុ​ធ្វើ​ឱ្យគេ​ទទួលបាន​មេដាយ​សំរឹទ្ធ។ ក្រៅពី​ដណ្ដើមបាន​មេដាយ ខាង​សមាគម​កូរ៉េ​នៅ​កម្ពុជា គេ​គ្រោង​បង្កើត​សមាគម​កីឡា Ssireum ហើយ​កីឡា​ប្រភេទ​នេះ​នឹង​បង្ហាញជូន​ប្រជាជន​កម្ពុជា ទស្សនា​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ​សមុទ្រ ចុងឆ្នាំ​នេះ​នៅ​ខេត្តកំពត៕


Tag:
 កីឡាករ​ចំបាប់
© រក្សាសិទ្ធិដោយ thmeythmey.com