ជាតិ
តារាជើងចាស់ អបអរចំណាត់ការលោក ខៀវ កាញារីទ្ធ ប៉ុន្តែរង់ចាំមើលការអនុវត្ត
× ពីម៉ោង៧ ដល់ម៉ោង៩យប់ដែលត្រូវបានចាត់ទុកថា ជាម៉ោងមាស នោះ មិនត្រូវមានការចាក់បញ្ចាំងភាពយន្តបរទេសនៅលើកញ្ចក់ទូរទស្សន៍នោះឡើយ។ នេះជាចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលប្រកាសតាមរយៈសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ។ តារាសម្តែងជើងចាស់របស់កម្ពុជា រីករាយយ៉ាងខ្លាំងចំពោះការសម្រេចរបស់ក្រសួងព័ត៌មាន ប៉ុន្តែពួកគេរង់ចាំមើលប្រសិទ្ធភាពនៃការអនុវត្តវិធានការណ៍នេះជាមុនសិន ពីព្រោះវាមិនមែនជាការប្រកាសលើកទីមួយនោះឡើយ។
បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីមហាជន ចំពោះការចាក់ផ្សព្វផ្សាយភាពយន្តបរទេសនៅតាមកញ្ចក់ទូរទស្សន៍នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃសុក្រថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ ក្រសួងអនុញ្ញាតឲ្យតែផលិតកម្ម ឬវណ្ណកម្មក្នុងស្រុកប៉ុណ្ណោះ ធ្វើការចាក់ផ្សាយរឿងតាមកញ្ចក់ទូរទស្សន៍នៅម៉ោងមាស [ពីម៉ោង៧ ដល់ម៉ោង៩យប់]។
ការសម្រេចនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ អះអាងថា គឺក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិ ហើយបើសិនជាស្ថានីទូរទស្សន៍ណា ល្មើសទៅនឹងការសម្រេចរបស់ក្រសួងព័ត៌មាន ក្រសួងនឹងធ្វើការដកអាជ្ញាប័ណ្ណស្ថានីទូរទស្សន៍ទាំងនោះ។
«ខ្ញុំពិតជារំភើបចិត្តមែនទែនក្រោយបានលឺការប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន»។ នេះជាអារម្មណ៍ដ៏សែនរីករាយរបស់លោក សាវិន ហ្វីលីព តារាសម្តែងជើងចាស់ម្នាក់របស់កម្ពុជា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក សាវិន ហ្វីលីព បានលើកឡើងថា លោកអបអរសាទរចំពោះចំណាត់ការរបស់ក្រសួង ប៉ុន្តែលោករង់ចាំមើលការអនុវត្តសិន ពីព្រោះវាមិនមែនជាលើកទីមួយនោះឡើយ ដែលលោកបានឃើញពីចំណាត់ការបែបនេះ។
តារាសម្តែងដែលស្រឡាញ់ការងារផ្នែកសប្បុរសធម៌រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ថា គុណភាពភាពយន្តខ្មែរនៅមានកម្រិត ប៉ុន្តែយើងត្រូវតែនាំគ្នាជួយលើកតម្កើងដើម្បីកុំឲ្យភាពយន្តបរទេសវាយលុកពេក។ តារាខ្មែរជាច្រើនកំពុងឈានទៅដាច់អាជីពហើយ»។
លោក សាវិន ហ្វីលីព បានអះអាងបន្ថែម៖ «ខ្ញុំគ្មានគំនិតណាមួយប្រឆាំងនឹងបរទេសនោះឡើយ ប៉ុន្តែការទទួលយកនូវវប្បធម៌បរទេស ជាពិសេសភាពយន្តថៃ ដែលមានវប្បធម៌ស្រដៀងខ្មែរ គឺជាគ្រោះថ្នាក់មួយ។ រឿងថៃភាគច្រើននិយាយពីការដណ្តើមប្រុសគ្នា ភាពភ្លើតភ្លើនក្នុងសង្គម ដូច្នេះវាងាយស្រួលខ្លាំងណាស់ក្នុងការជះឥទ្ធិពលអវិជ្ជមានដល់យុវជនកម្ពុជា»។
លោក ហម ឈរ៉ា ដែលជាតារាសម្តែងជើងចាស់ម្នាក់ផងដែរនោះ ក៏លើកឡើងមិនខុសពីលោក សាវិន ហ្វីលីព នោះដែរ។ លោកមានការរំភើប និងសប្បាយរីករាយចំពោះចំណាត់ការរបស់លោក ខៀវ កាញារីទ្ធ ដោយលោកបានលើកឡើងថា ការសម្រេចនេះ មិនមែនតែសម្រាប់ក្រុមលោកដែលជាតារាសម្តែងនោះទេ ប៉ុន្តែវាជួយដល់លើកតម្លៃភាពយន្តខ្មែរ និងវប្បធម៌ខ្មែរ ដើម្បីប្រទេសជាតិទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហម ឈរ៉ា នៅមានការព្រួយបារម្ភដដែលៗថា តើទូរទស្សន៍នានា នឹងស្តាប់ ឬ ធ្វើតាមក្រសួងដែរឬយ៉ាងណានោះទេ។ «ខ្ញុំចង់ឲ្យមានការអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ព្រោះការដែលអនុញ្ញាតឲ្យភាពយន្តបរទេសហូរចូលមកប្រទេសកម្ពុជាច្រើន វាមិនមែនជាការល្អនោះទេ ដូច្នេះ ការហាមឃាត់នេះអាចជួយថែរក្សាតម្លៃអត្តសញ្ញាណនៃភាពយន្តខ្មែរ»។
អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្តែងម្នាក់ដែលតែងតែប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីតស៊ូមតិទប់ទល់លំហូរចូលភាពយន្តបរទេស ក៏មានអារម្មណ៍មិនខុសពីមិត្តអាជីពរបស់ខ្លួននោះដែរ។
តារាសម្តែងដែលបានឈរជើងក្នុងវិស័យសិល្បះជាច្រើនឆ្នាំរូបនេះ បានស្នើថា៖ «ក្រសួងព័ត៌មាន គួរតែរឹតបន្តឹងការអនុវត្តតាមការសម្រចនេះឲ្យមានប្រសិទ្ធភាព ព្រោះបើមិនដូច្នេះទេ អ្នកសិល្បៈ និងប្រជាពលរដ្ឋទូទៅ ច្បាស់ជាអស់ជំនឿលើក្រសួងព័ត៌មានជាមិនខាន។ ប្រសិនបើស្ថានីយទូរទស្សន៍ណា មិនធ្វើតាមសេចក្តីសម្រេចរបស់ ក្រសួង ក្រសួងត្រូវមានវិធានការដោយម៉ឺងមាត់ ឬដកអាជ្ញាប័ណ្ណស្ថានីយទាំងនោះ ទើបសេចក្តីសម្រេចនេះ មានប្រសិទ្ធភាព»។
ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ចង់ឲ្យស្ថាប័នជំនាញពិនិត្យត្រួតពិនិត្យផងដែរលើការថតស្ពតពាណិជ្ជកម្ម ពីព្រោះបច្ចុប្បន្ន តារាបរទេសភាគច្រើនមានវត្តមានច្រើនជាងតារាក្នុងស្រុក។
នាសន្និសីទកាសែតនៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងដូច្នេះថា៖ «កាលពីឆ្នាំ១៩៩៣ ក្រសួងក៏ធ្លាប់បានសម្រេចឲ្យចាក់បញ្ចាំងភាពយន្តបរទេសចំនួន៤០ភាគរយ ប៉ុន្តែដោយសារតែមិនមានភាពយន្តក្នុងស្រុក ទើបធ្វើឲ្យយើងមានការលំបាក ដែលយើងត្រូវគាបសង្កត់លើទូរទស្សន៍។ ប៉ុន្តែឥឡូវនេះ យើងលែងកំណត់ជាភាគរយទៀតហើយ គឺយើងកំណត់ជាម៉ោងវិញ»។ លោកបន្ថែមថា នៅពេលមានភាពយន្តខ្មែរមានគ្រប់គ្រាន់ហើយ ក្រសួងនឹងកំណត់ជាភាគរយភាពយន្តបរទេស ឲ្យដូចប្រទេសដទៃដែរ។
លោកខៀវ កាញារីទ្ធ បានអំពាវនាវឲ្យម្ចាស់ឧបត្ថម្ភទូរទស្សន៍ គួរជួយលើកស្ទួយផលិតកម្មក្នុងស្រុកដើម្បីបានចាក់បញ្ចាំងផ្សាយនៅតាម កញ្ចក់ទស្សន៍ ព្រោះទូរទស្សន៍បើគ្មានការឧបត្ថម្ភ ទូរទស្សន៍នឹងមិនអាចផ្សាយបានទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com