ជាតិ
កូរ៉េ​នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​ទំនិញល្បីៗ សាទរ​បុណ្យជាតិ​កូរ៉េ នៅ​កម្ពុជា
28, Sep 2015 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​ជាច្រើន​ប្រភេទ​ដូចជា គ្រឿង​អេ​ឡិច​ត្រូ​និ​ច (ទូរទស្សន៍  ទូរ​សព្ទ) គ្រឿង​បរិភោគ ភេសជ្ជៈ  គ្រឿងសំអាង  ឱសថ វាយនភ័ណ្ឌ និង​សំលៀកបំពាក់  និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អេ​ឡិច​ត្រូ​និ​ច ជាដើម នៅ​ម៉ោង ៦កន្លះ​រសៀល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ នា​សណ្ឋាគារ Intercontinental Phnom Penh ដើម្បី​សាទរ​ពិធីបុណ្យ​ជាតិ​កូរ៉េ​ឆ្នាំ ២០១៥ (National Day) និង​ពង្រឹង​ចំណងមិត្តភាព​កូរ៉េ-កម្ពុជា។



ក្រុមហ៊ុន​ផលិតផល​ទំនិញល្បីៗរបស់​កូរ៉េ​ចំនួន ១១ ក្រុមហ៊ុន នឹងចូលរួម​ណែនាំ​អំពី​ផលិតផល​ទំនិញ​ដោយ​សេរី ក្នុងនោះ រួមមាន ក្រុមហ៊ុន Sumsung, LG, The Pool Korea, KLS, Dongwha Pharm, Excellence Dental Supply, Webcash, Atomy Takhmao, Gawon Apparel, LAOPENGYOU & DONGINBI ។ល។ ក្រៅពី​សាទរ​ពិធី​បុណ្យជាតិ​កូរ៉េ​ឆ្នាំ ២០១៥ (National Day)នោះ ការរៀបចំ​ពិព័រណ៍ ក៏មាន​បំណង​ផ្តល់ឱកាស​ពាណិជ្ជកម្ម​ដល់​សហគ្រាស​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​ចង់​សហការ​ជាមួយ​សហគ្រាស​កូរ៉េ​ផងដែរ។

ទីភ្នាក់ងារ​ជំរុញ​ការវិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ (Korea Trade-Investment Promotion Agency) ហៅ​កាត់​ថា KOTRA នឹង​រៀបចំ​ពិធី​ជួបជុំ​ផ្តល់​ការប្រឹក្សា​យោបល់​ដល់​សហគ្រាស​កម្ពុ​ជា​ដែលមាន​ចំណាប់អារម្មណ៍​ចង់​សហការ​ជាមួយ​សហគ្រាស​កូរ៉េ ចាប់ពី​ម៉ោង១០ព្រឹក​ទៅ នៅ​សាល​ជាប់​នឹង​សាល​រៀបចំ​ពិធីបុណ្យ​ជាតិ​កូរ៉េ។ ក្រុមហ៊ុន​សហគ្រាស​នានា​មាន​ចំណាប់អារម្មណ៍ សូម​ទំនាក់ទំនង​ទៅ KOTRA។

កាន់​ពិសេស​ថែមទៀត បើតាម​ការប្រកាស​ព័ត៌មាន​របស់​ទូត​កូរ៉េ ភោជនីយដ្ឋាន​កូរ៉េល្បីៗ នៅ​ភ្នំពេញ រួមមាន Le Seoul, Jaru, J8, Sura ជាដើម នឹង​ផ្តល់​អាហារ​កូរ៉េ​ជាច្រើន​មុខប្លែកៗដល់​ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ​មក​ចូលរួម​ពិធី​បុណ្យជាតិ​កូរ៉េ​ខាងមុខនេះ។ លើសពីនេះ ក្រុមហ៊ុន​កូរ៉េ​ផលិត​អាហារ​គ្មាន​ជាតិគីមី ឈ្មោះថា The Only Natural Dream ក៏​នឹង​រៀបចំ​កម្មវិធី​ភ្លក់​អាហារ​គ្មាន​ជាតិគីមី រួមមាន នំ​ប៉ាវ, មី, ភេសជ្ជៈ -ល- ផងដែរ។

ស្ថានទូត​សង្ឃឹមថា ប្រជាជន​កម្ពុជា​នឹង​កាន់​តែមាន​ចំណាប់អារម្មណ៍ ចំពោះ​កូរ៉េ​កាន់តែខ្លាំង​ជាង​មុន  តាមរយៈ​ពិធី​បុណ្យជាតិ​នេះ ហើយ​ក្លាយជា​ឱកាស​សម្រាប់​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កូរ៉េ កម្ពុជា បន្ថែមទៀត។

គួ​រម្លឹកថា កាលពី​ពិធី​បុណ្យជាតិ​ឆ្នាំមុន ស្ថានទូត​បានរៀបចំ​ក​ម្ម​វិធី «The Kimchi Party» សម្រាប់​ឆ្នាំនេះ កូរ៉េ​នឹង​រៀបចំ​ធ្វើ​កម្មវិធី «Visit Korea, Buy Korea» ណែនាំ​អំពី​ភោជនីយដ្ឋាន​កូរ៉េ និង​ក្រុមហ៊ុន​កូរ៉េសំខាន់ៗ ដែល​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា៕


Tag:
 ​កម្ពុជា-កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com