ពីនេះ ពីនោះ
ទស្សនវិទូ៖ យុត្តិធម៌​មានន័យ​យ៉ាងណា?
13, May 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​យុត្តិធម៌ ជា​បញ្ញត្តិ​ដែលមាន​នៅក្នុង​ច្បាប់ ពិសេស​នៅក្នុង​ប្រព័ន្ធតុលាការ និង​ច្បាប់សង្គម។ មនុស្ស​ភាគច្រើន​តែងតែ​ស្រឡាញ់​ពាក្យ​ថា«យុត្តិធម៌» គេ​មាន​ជំនឿ​លើ​យុត្តិធម៌ ព្រោះ​យុត្តិធម៌​ជា​អ្នកស្វែងរក​សច្ចភាព ពេល​អ្នក​ទាំងនោះ​មាន​បញ្ហា​កើតឡើង​នៅក្នុង​សង្គម។ ពួកគេ​ត្រូវការ​គោលការណ៍​មួយ​ដែល​អាច​ទទួលយក​ដោយ​ស្ងប់ចិត្ត គឺ«យុត្តិធម៌»។ អ្វី​ជា​អត្ថន័យ នៃ​ពាក្យ​ថា​យុត្តិធម៌?



ចំពោះ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត៖ យុត្តិធម៌ ជា​សេចក្តី​ទៀងត្រង់ ការគួរ​តាមច្បាប់​ធម៌​ដែល​គួរ​កាន់ ការប្រព្រឹត្តិ​ត្រឹមត្រូវ​ដូចជា​ការវិនិច្ឆ័យ​ក្តី​ប្រកបដោយ​យុត្តិធម៌ កាត់ក្តី​ដោយ​សុចរិតធម៌​ជាដើម។

ចំណែក​ទស្សនៈ​របស់​ប្លា​តុង ៖ យុត្តិធម៌​គឺជា​តម្លៃ​ខ្ពស់បំផុត​សម្រាប់ធ្វើ​ឲ្យ​បុរី​ស្ថិតនៅក្នុង​ភាព​មាន​លំនឹង​និង​សណ្តាប់ធ្នាប់។ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ត្រូវ​រៀបចំ​មនុស្សម្នាក់ៗទៅតាម​ទីកន្លែង និង​ទៅតាម​អ្វីដែល​មនុស្ស​ទាំងនោះ​ត្រូវធ្វើ ហើយ​មិនត្រូវ​រំលោភបំពាន​ទៅលើ​សកម្មភាព​បំពេញការងារ​របស់​អ្នក​ទាំង​នោះឡើយ។

រីឯ​ទស្សនៈ​របស់លោក​ស៊ី​សេ​រ៉ុង៖ យុត្តិធម៌​មានន័យថា មិន​បង្ក​ផល​អាក្រក់​ដល់​អ្នកដទៃ ហើយ​មិន​បំពាន​ទៅលើ​កម្មសិទ្ធិ​របស់​អ្នកដទៃ។ អ្នក​ដែល​បាន​ចែករំលែក​នូវ​ច្បាប់​មានន័យថា អ្នក​នោះបាន​ចែករំលែក​នូវ​យុត្តិធម៌។

ចំពោះ​ទស្សនៈ​របស់ ខុង ជឺ៖ យុត្តិធម៌​មាន​រូបភាព​ពីរ​យ៉ាង​គឺ​យុត្តិធម៌​នៅក្នុង​សង្គម និង​យុត្តិធម៌​នៅក្នុង​គ្រួសារ។ ដំបូង​ឡើយ យុត្តិធម៌​កើតមាន​នៅក្នុង​គ្រួសារ​ជាមុនសិន​ដែល​មានន័យ​ឆ្ពោះទៅរក​ការ​ស្គា​ល់ពីឈ្មោះ​គឺ​នៅត្រង់ថា បង​គឺ​បង ប្អូន​គឺ​ប្អូន ឪពុកម្ដាយ​គឺជា​ឪពុកម្ដាយ។ លោក​បាន​លើកឡើងថា« កូន​ត្រូវ​ស្តាប់បង្គាប់​ឪពុកម្តាយ និង​រៀមច្បង​របស់ខ្លួន»។  ក្រោយមក​ទើប​វា​រីក​ដាល​ទៅដល់​សង្គម​រស់នៅ។ យុត្តិធម៌​ពួន​សម្ងំ​នៅក្នុង​ចិត្ត និង​កាយវិការ​របស់​មនុស្ស។

ជារួម​មនុស្ស​ម្នាក់ ដែល​ប្រកបដោយ​គុណធម៌​ទាល់តែ​អ្នកនោះ​មាន​យុត្តិធម៌ សីលធម៌ មានចំណេះដឹង ការពិចារណា និង​ការប្រុងប្រយ័ត្ន​ជាប់លាប់​ជានិច្ច ជា​អ្នកឃ្លាំមើល​នូវ​សកម្មភាព​ទាំងឡាយ​របស់​បុគ្គល ចៀសវាង​នូវ​ការធ្វេសប្រហែស ប្រព្រឹត្តិ​អំពើអាក្រក់​ណាមួយ​ដោយ​ចេតនា ឬ​អ​ចេតនា ជា​អ្នក​ដឹងគុណ និង​អត់ធ្មត់​ព្យាយាម។


Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com