កីឡាជាតិ
គុន​ដាវ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ៖ ចុះឈ្មោះ៥៩នាក់ តែ​ចូលរួម​ប្រកួត​តែ៣៥នាក់
01, Oct 2015 , 2:21 pm        
រូបភាព
ដោយ:
 
 
ការប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ២០១៥ ដែល​ធ្វើ​នៅ​សាល​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ពីថ្ងៃ​ទី២៨ ដល់​ថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ មាន​អ្នកចូលរួម​ប្រកួត​តែ៣៥នាក់​ប៉ុណ្ណោះ ខណៈ​ចំនួន​ចុះឈ្មោះ​មាន​រហូតដល់​ទៅ៥៩នាក់។ មូលហេតុ​នៃ​ការខកខាន គឺ​ដោយសារតែ​បេក្ខជន​មួយចំនួន​ជាប់រវល់​ការសិក្សា។

 
«អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ២០១៥ មាន​ចំនួន៥៩នាក់ ប៉ុន្តែ​អ្នកចូលរួម​ប្រកួត​ជាក់ស្តែង​មានតែ ៣៥នាក់​ប៉ុណ្ណោះ ដោយសារ​អ្នក​ទាំងនោះ​ជាប់រវល់​នឹង​ការសិក្សា​របស់​ពួកគេ ព្រោះថា​ការ​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ភាគច្រើន​ជា​សិស្ស»។ នេះ​ជាការ​បញ្ជាក់​របស់ លោក​សុខ​យ៉ា និមល អគ្គលេខាធិការ​សហព័ន្ធ​គុន​ដាវ​កម្ពុជា។ 
 
ការប្រកួត​គុន​ដាវ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ២០១៥ បានចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃទី២៨ ខែកញ្ញា ដែលមាន​ក្លិប​ចំនួន ៥ ចូលរួម​ប្រកួត គឺ​ក្លឹប​ហូ​សា​ណា-ក្លឹប​អ៊ី​សា-ក្លឹប​សន្ធរម៉ុក-ក្លឹប​សាមគ្គី និង ក្លឹប​ន​រា លើ​វិញ្ញាសា ៤ គឺ​ដាវ​ធំ​បុរស​ឯកត្តជន-ដាវ​ធំ​បុរស​ជា​ក្រុម-ដាវ​តូច​បុរស​ឯកត្តជន និង​ដាវ​ធំ​នារី​ឯកត្តជន។
 
ការប្រកួត​បានបញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី៣០ ខែកញ្ញា​ម្សិលមិញ​នេះ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម៖ 
 
វិញ្ញាសា​នារី​ឯកត្តជន​ដាវ​ធំ មេដាយមាស​បាន​ទៅលើ​កីឡា​ការ​នី ឆាយ លី​លី មកពី​ក្លឹប​អ៊ី​សា មេដាយប្រាក់​បាន​ទៅលើ​កីឡា​ការ​នី​មកពី​ក្លឹប​ហូ​សា​ណា មួង ម៉ា​នុត និង​កីឡា​ការ​នី សួង ពិសី មកបី​ក្លឹប​ហូ​សា​ណា​ទទួលបាន​មេដាយ​សំរឹទ្ធិ។ ឬ​ឯ​វិញ្ញាសា​ដាវ​តូច​បុរស​ឯកត្តជន មេដាយមាស​បាន​ទៅលើ​កីឡាករ ជី​ម ធារ៉ា មកពី​ក្លឹប​ហូ​សា​ណា  មេដាយប្រាក់​បាន​ទៅលើ​កីឡាករ ឆាយ សុខលាភ មកពី​ក្លឹប​អ៊ី​សា និង​មេដាយសំរិទ្ធ​បាន​ទៅលើ​កីឡាករ សាន់ សុខ​សីហា មកពី​ក្លឹប​អ៊ី​សា។ ចំណែក​វិញ្ញាសា​បុរស​ដាវ​ធំ​ឯកត្តជន មេដាយមាស​បាន​ទៅលើ​កីឡាករ ឃឹម សា​មាន មកពី​ក្លឹប​សន្ធរម៉ុក មេដាយប្រាក់​បាន​ទៅលើ​កីឡាករ មាលា បូ​រិ​ន មកពី​ក្លឹប ន​រា និង​មេដាយសំរិទ្ធ​បាន​ទៅលើ​កីឡាករ សាន់ សុខ​សីហា មកពី​ក្លឹប​អ៊ី​សា។ និង​វិញ្ញាសា​ដាវ​ធំ​បុរស​ជា​ក្រុម មេដាយមាស​បាន​ទៅលើ​ក្លឹប អ៊ី​សា (ដែលមាន​កីឡាករ សាន់ សុខ​សីហា-សំ សិទ្ធិ​បញ្ញា និង ឆាយ សុខលាភ) មេដាយប្រាក់​បាន​ទៅលើ​ក្លឹប សន្ធរម៉ុក (ដែលមាន​កីឡាករ​ឃីម សា​មាន -កេ​ត ស៊ី​សុវណ្ណ​ឧ​ត្ត​ម និង សរ សុ​វណ្ណា​រី) និង​មេដាយសំរិទ្ធ​បាន​ទៅលើ ក្លឹប​ន​រា (ដែលមាន​កីឡាករ​មាលា បូ​រិ​ន-យឹម នាគ និង ជុំ សម្បត្តិ)៕ 
 

Tag:
 គុន​ដាវ
© រក្សាសិទ្ធិដោយ thmeythmey.com