កីឡាជាតិ
៥ក្រុម​នៅតែមាន​ពិន្ទុ​ប្រដេញ​គ្នា​សម្រាប់​តំបន់ Top 4 ដើម្បី​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន និង​បឹងកេត
02, Oct 2015 , 12:50 pm        
រូបភាព
អ្នក​ចាំទី អ៊ុំ សេរីរតន៍ របស់​ក្រសួងការពារ​ជាតិ
អ្នក​ចាំទី អ៊ុំ សេរីរតន៍ របស់​ក្រសួងការពារ​ជាតិ
ក្នុងការ​ប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ កាលពី​ពាក់កណ្តាល​ចុង​សប្តាហ៍​កន្លងទៅនេះ ក្រុម​ចំនួន៥ គឺ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ណាហ្គា​វើ​ល ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្រសួងការពារជាតិ និង​ស្វាយរៀង នៅតែមាន​ពិន្ទុ​ប្រដេញ​គ្នា​ដើម្បី​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ​សម្រាប់​ជំនួប​វគ្គ​ខ្វែង។ ជាមួយគ្នានេះ អាស៊ី​អឺរ៉ុប ស៊ីម៉ាក់ វេ​ស្ទើ​ន និង​គិរីវង់​សុខ​សែន​ជ័យ ប្រឹង​ប្រជែង​គ្នា​ឲ្យ​ផុតពី​តំបន់​គ្រោះថ្នាក់ ខណៈ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ស្ថិតក្នុង​តំបន់​សុវត្ថិភាព។

 
 ភ្នំពេញ​ក្រោ​ន និង​ចម្ការកៅស៊ូ​បឹងកេត រក្សា​ជ័យជម្នះរៀងៗខ្លួន​ក្នុងការ​ប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ កាលពី​ពាក់កណ្តាល​ចុង​សប្តាហ៍​កន្លងមក ដោយ​ភ្នំពេញ​ក្រោ​ន​បំបាក់​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ៤-០ មុនពេល​បឹងកេត​អង្គរ​យកឈ្នះ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ៣-០ ។ បើទោះបីជា​ក្រុម​ខ្លាំង​ទាំងពីរ មាន​កៅអី​សម្រាប់​ការប្រកួត​វគ្គ​ខ្វែង​ក៏ដោយ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​មួយ​លើ​តារាង ដើម្បី​ទទួលបាន​កៅអី​ក្នុង​ការប្រកួត​ជម្រុះ​ពានរង្វាន់ Mekong Toyota Cup នៅ​ប្រទេស​ឡាវ។
 
បច្ចុប្បន្ន ក្រុម​ចំនួន១០ បានបញ្ចប់​ការប្រកួត​សប្តាហ៍​ទី២០របស់ខ្លួន​រួចរាល់​ហើយ ដោយ​លើកលែងតែ​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ​ប៉ុណ្ណោះ​ដែល​នៅសល់​មួយ​ប្រកួត​តាម​ពីក្រោយ។ បច្ចុប្បន្ន ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ១លើ​តារាង ដោយមាន៤៨ពិន្ទុ​ស្មើ​បឹងកេត​អង្គរ ប៉ុន្តែ​បឹងកេត​អង្គរ​ទើបតែ​ប្រកួត​បាន១៩លើក​ប៉ុណ្ណោះ។
 
អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​បាន​យកឈ្នះ​វេ​ស្ទើ​ន ២-០ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ៣ ដោយមាន៣៥ពិន្ទុ ស្មើ ណាហ្គា​វើ​ល ដែល​បាន​បំបាក់​ក្រសួងការពារជាតិ ២-០ ដូចគ្នា។ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មាន៣៤ពិន្ទុ បន្ទាប់ពី​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ២-១ ខណៈ​ក្រសួងការពារជាតិ​ដែល​ទើប​បញ្ចប់​ការប្រកួត​សប្តាហ៍​ទី១៩ នៅតែមាន​ប្រៀប​លើ​ស្វាយរៀង បើទោះបីជា​ក្រុម​ស្វាយរៀង បាន​យកឈ្នះ គិរីវង់​សុខ​សែន​ជ័យ ៥-០ ដើម្បី​ទទួលបាន៣២ពិន្ទុ​ស្មើគ្នា​ក៏ដោយ។
 
លទ្ធផល​ទាំងនេះ បាន​បង្ហាញថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ណាហ្គា​វើ​ល ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្រសួងការពារជាតិ និង​ស្វាយរៀង នៅតែមាន​ពិន្ទុ​ប្រដេញ​គ្នា​សម្រាប់​ការប្រកួត​វគ្គ​ខ្វែង​ដែលមាន​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ​នៅ​រង់ចាំ។
 
សម្រាប់​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ដែលមាន​ត្រឹម២១ពិន្ទុ បើទោះបីជា ខក​ឱកាស​ក្នុងការ​ប្រជែង​ចូល​វគ្គ​ខ្វែង ប៉ុន្តែ​ពួកគេ​ស្ថិតក្នុង​តំបន់​សុវត្ថិភាព ខណៈ​អាស៊ី​អឺរ៉ុប ស៊ីម៉ាក់ ដែលមាន១៤ពិន្ទុ វេ​ស្ទើ​ន​ដែលមាន១៣ពិន្ទុ និង​គិរីវង់​ដែលមាន១១ពិន្ទុ ត្រូវ​ប្រជែង​គ្នា​ឲ្យ​ផុតពី​តំបន់​គ្រោះថ្នាក់។
 
នៅ​រសៀល​ថ្ងៃអាទិត្យ ទី៤ ខែតុលា ខាងមុខនេះ បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ ត្រូវ​ប្រកួត​បង្គ្រប់​សប្តាហ៍​ទី២០របស់ខ្លួន មុន​ពេលដែល​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ត្រូវ​ផ្អាក​ពីរ​សប្តាហ៍ ដោយសារតែ​កីឡាករ​កម្ពុជា មាន​កាតា​ព្វ​កិច្ច​បម្រើ​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ ជើង​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ពិភពលោក ជាមួយ​សឹង្ហ​បុរី។
 
សម្រាប់​ការប្រកួត​នៅលើ​ទឹកដី សឹង្ហ​បុរី នា​ថ្ងៃទី១៣ ខែតុលា គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បានធ្វើការ​ជ្រើសរើស​កីឡាករ២៥រូប មាន​សមាសភាព​មកពី​ស្វាយរៀង៧រូប (ប៉េង ប៊ុន​ឆាយ, ប្រាក់ មុន្នី​ឧ​ត្ត​ម, សឿ​យ វិសាល, នេន សុធា​រ័ត្ន, ណុប តុលា, សំអឿន ពិដោរ និង​ហូ​យ ផល្លី​ន) បឹងកេត​អង្គរ៦រូប (ឃួន ឡា​បូ​រ៉ាវី, ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ, រស់ សំអឿន, ស៊ូ យ៉ា​ទី និង​ហុង ផេង) ក្រសួងការពារជាតិ៤រូប (ឈិន ឈឿន, រឿ​ម ចាន់​រឿន, ច្រឹង ពលរដ្ឋ និង​អ៊ុំ សេរី​រ័ត្ន) ភ្នំពេញ​ក្រោ​ន៣រូប (ប៊ិន ចន្ថា​ធា​រី, សុះ ស៊ូ​ហា​ណា និង​កែវ សុខ​ផេង) ណាហ្គា​វើ​ល៣រូប (គួច សុគ​ម្ភៈ, ប្រាក់ ចាន់​រតនា និង ញឹម សុវណ្ណារ៉ា) និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ២រូប (សាយ ពិសិដ្ឋ និង​ទិ​ត ឌី​ណា) ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com