កីឡាជាតិ
ឡៅ ស៊ី​ណាត និង វង្ស ណ​យ សុទ្ធតែ​ចាញ់​ថៃ​នៅលើ​សង្វៀន​តែមួយ
05, Oct 2015 , 10:41 am        
រូបភាព
ដោយ:
  
កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ឡៅ ស៊ី​ណាត និង វង្ស ណ​យ ចាញ់​ក្នុង​កណ្តាប់ដៃ​កីឡាករ​ថៃ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដណ្តើម​ខ្សែក្រវ៉ាត់ ខា​រ៉ា​បៅ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​តែមួយ​កាលពី​ល្ងាចម្សិលមិញ។

 
កីឡាករ ឡៅ ស៊ី​ណាត មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង ៩១១ ថ្វាយបង្គំ​គ្រូ​បែប​ព្រះ​ល័​ក្ខ​ព័ន្ធ​សីមា បាន​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ RARUENG LUKCHAMPACHAI វ័យ ២២ឆ្នាំ កំពស់ ១.៨១ម៉ែត្រ ធ្លាប់​ប្រកួត៩១ ដង ឈ្នះ៦៨ដង ចាញ់២០ដង ស្មើ៣ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ១១ដង ។ 
 
ទោះបីជា ឡៅ ស៊ី​ណាត មាន​កំពស់​ទាប​ជាង RARUENG LUKCHAMPACHAI ប៉ុន្តែ​នៅក្នុង​ទឹក​ទី១ ស៊ី​ណាត បាន​បោះ​កណា្ត​ប់​ដៃ និង​កែង​វាយ​សម្រុក​លើ​កីឡាករ​ថៃ ចំណែកឯ RARUENG វិញ​បាន​ប្រើ​ជើង​របស់គេ​ទាត់​ចូល​កីឡាករ​កម្ពុជា​ផងដែរ គ្រាន់តែ​ទឹក​ទី២ឈានចូល​មកដល់ ស៊ី​ណាត បាន​ប្រើ​កែង​ឆ្វេង និង​បោះ​កណ្តាប់ដៃផ្ទួនៗ ចូល​ផ្ទៃមុខ និង​ព្យាយាម​ប្តូរ​ជង្គង់​ជាមួយ​កីឡាករ​ថៃ​ម្នាក់នេះ​ជា​បន្តបន្ទាប់ នៅ​ចុង​ទឹក​ទី២ កីឡាករ​ថៃ​បាន​ប្រើ​រន្ទះ​ជើង​របស់គេ​ទាត់​ទៅលើ​កញ្ចឹងករ ស៊ី​ណាត ហើយ​បានធ្វើឱ្យ​ដួលសន្លប់​នៅក្នុង​ទឹក​ទី២នេះ​តែម្តង។ 
 
ចំណែក​កីឡាករ វង្ស ណ​យ មកពី​ខេត្ត​ប៉ៃលិន ប្រកួត​ជាមួយ​កីឡាករ​ថៃ​វ័យ ២១ឆ្នាំ KLAK HUNSERK អ្នក​ទាំងពីរ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ៥ទឹក​ពេញ។ 
 
ទោះបីជា​កីឡាករ​ថៃ​ម្នាក់នេះ ទើបតែ​ចាញ់​កីឡាករ​ជើង​ខ្លាំង បឺត ខាំ ក៏ដោយ ប៉ុន្តែ​កីឡាករ​ម្នាក់នេះ​មាន​ប្រវត្តិ​ប្រកួត​រហូត​ជាង១០០ដង និង​ឈ្នះ៩។ ការ​វាយ​សម្រុក​គ្នា​របស់​អ្នក​ទាំង២ ពិសេស​ការប្តូរ​កែង និង​ជង្គង់​ដ៏​គ្រោះថ្នាក់​ចាប់ពី​ទឹក​ទី១ រហូតដល់​ទឹក​ទី៣ កីឡាករ​ថៃ បានធ្វើឱ្យ​អាជ្ញាកណ្តាល​រាប់​កីឡាករ វង្ស ណ​យ នៅ​ចុង​ទឹក​ទី៣ ។ 
 
នៅក្នុង​ទឹក​ទី៤ កីឡាករ វង្ស ណ​យ​បាន​ព្យាយាម​ប្រើ​កែង និង​បោះ​កណ្តាប់ដៃ​ចូល​ផ្ទៃមុខពេញៗរហូត​ធ្វើឱ្យ​កីឡាករ​ថៃ​ដួល​ទៅលើ​សង្វៀន ចំណែក​កីឡាករ​ថៃ​ឯណោះ​វិញ​បាន​ព្យាយាម​ប្រើ​ជង្គង់ និង​ទាត់​ចំ​គោលដៅពេញៗរហូត​ធ្វើឱ្យ​អ​ជ្ញា​កណ្តាល​រាប់​កីឡាករ វង្ស ណ​យ នៅ​ចុង​ទឹក​ទី៤ម្តងទៀត។ 
 
គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី៥ បានចាប់ផ្តើម ណ​យ មិន​បង្អង់​បាន​ប្រើ​កណ្តាប់ដៃ និង​កែង​វាយ​ចូល​ចំ​ផ្ទៃមុខពេញៗតែម្តង ចំណែក​កីឡាករ​ថៃ​បាន​ព្យាយាម​បោះ​ជង្គង់​ចួ​ល​ពោះ​ទឹកពេញៗទៅលើ​កីឡាករ វង្ស ណ​យ ផងដែរ បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល៥ លទ្ធផល​ត្រូវ​អាជ្ញាកណ្តាល់​សម្រេច​លើកដៃ​កីឡាករ​ថៃ ឱ្យ​ឈ្នះ​លើ​កីឡាករ វង្ស ណ​យ ដោយ​ពិន្ទុ។ 
  
ជា​លទ្ធផល​ចុងក្រោយ​កីឡាករ ឡៅ ស៊ី​ណាត បាន​សន្លប់​ក្រោម​រន្ទះ​ជើង​កីឡាករ ថៃ ក្នុង​ទឹក​ទី២ ចំណែក​កីឡាករ វង្ស ណ​យ ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ នៅ​សង្វៀន​តែមួយ៕
 
ទស្សនាវីដេអូ






 

© រក្សាសិទ្ធិដោយ thmeythmey.com