ជាតិ
បវរកញ្ញា​ខ្មែរ-អាមេរិក​តាំងចិត្ត​លើក​មុខមាត់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Miss Global នៅ​ហ្វីលីពីន
08, Oct 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
 
បវរកញ្ញា​ខ្មែរ-អាមេរិក Prak Virginia ដែល​ទើប​ទទួលបាន​មកុដ Miss Cambodian-American Northeast Pageant កំពុង​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​ខ្ពស់​មួយទៀត​ដែលមាន​ឈ្មោះថា Miss Global នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នេះ។


Prak Virginia ដែលមាន​ដើមកំណើត​នៅ​រដ្ឋ Lowell ហើយ​បច្ចុប្បន្ន​រស់នៅ​ក្រុង Nashua រដ្ឋ New Hampshire សហរដ្ឋអាមេរិក ត្រូវ​តំណាង​ឲ្យ​កម្ពុជា ដើម្បី​ប្រជែង​មកុដ Miss Global រួមទាំង​អាហារូបករណ៍​ជាមួយ​បេ​ក្ខ​នារី ជាង១០០នាក់​ទៀត មកពី​ជុំវិញ​ពិភពលោក។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Lowell Sun។
 
ទោះបីជា​នាង​ធំធាត់​នៅលើ​ទឹកដី​អាមេរិក​ក៏ដោយ ប៉ុន្តែ Prak Virginia វ័យ២២ឆ្នាំ នឹងមាន​ឱកាស​បង្ហាញ​នូវ​វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​កម្ពុ​ជា នៅ​ចំពោះមុខ​គណៈមេប្រយោគ។ នាង​បាន​និយាយថា៖ «ពិតណាស់ ខ្ញុំ​ចង់បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ»។  Virginia ដែលជា​សមាជិក និង​ជា​គ្រូបង្ហាត់​នៅ​ក្រុម​របាំ​អង្គរ (Angkor Dance Troupe) ក៏មាន​គម្រោង​បង្ហាញ​សមត្ថភាព​ផ្នែក​របាំ​បុរាណ​ខ្មែរ​នៅ​ចំពោះមុខ​គណៈមេប្រយោគ​ផងដែរ។ 
 
Virginia កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ Middlesex Community College ហើយ​គ្រោង​បន្ត​ការសិក្សា​ផ្នែក​ឪ​សថ​សាស្ត្រ​នៅ​សាកលវិទ្យាល័យ UMass Lowell ។ ក្រៅពី​ឈ្នះ​លេខ​មួយ​ក្នុង​ព្រឹត្តិការណ៍ Miss Cambodian-American Northeast កញ្ញា Virginia ក៏​ធ្លាប់​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Miss New Hampshire Teen USA កាលពី​អាយុ១៦ឆ្នាំ​ផងដែរ។
 
អ្នកឈ្នះ​ក្នុង​ព្រឹត្តិការណ៍ Miss Global នឹង​ទទួលបាន​ប្រាក់រង្វាន់២ម៉ឺន​ដុល្លារ​អាមេរិក រួមទាំង​មានឱកាស​ក្នុង​ការជួយ​ដល់​កុមារ​នៅលើ​ពិភពលោក​ផងដែរ ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ។ «នេះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ ជាពិសេស​ការជួយ​ដល់​សហគមន៍​ខ្មែរ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទាំងមូល»។
 
នា​ព្រឹត្តិការណ៍ Miss Global កាលពី​ឆ្នាំ២០១៤ ដែល​រៀបចំ​នៅ​ទីក្រុង Los Angeles និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក បវរកញ្ញា​កាណាដា Ela Mino បាន​ក្លាយជា​ម្ចាស់​មកុដ ដោយបាន​យកឈ្នះ​គូប្រជែង​ចុងក្រោយ​មកពី​អូស្ត្រាលី ហ្វីលីពីន កា​ហ្សា​ក់​ស្ថាន និង​ស្រីលង្កា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com