ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
អត្ថន័យ​នៃ​ការធ្វើ​បុណ្យ៧វត្ត
12, Oct 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
១- អ្វី​ទៅ​ដែល​ហៅថា វត្ត? តើ​វត្ត​ស្ថិត​នៅឯណា?



វត្ត​មានន័យថា ការប្រកាន់​នូវ​អំពើ​ល្អ។ វត្ត​នេះ ស្ថិតនៅក្នុង​ចិត្ត​មនុស្ស គ្រប់ៗរូប។ ចំណែក​វត្ត​អារាម ដែល​យើង​គ្នា​ទៅ​ជួបជុំ គឺ​ជាទី​មណ្ឌល នៃ​បុគ្គល​ដែល​ប្រកាន់​នូវ​អំពើ​ល្អ សម្រាប់​មក​ប្រជុំគ្នា ចែករំលែក នូវ​ទឹក​ចិត្តល្អ ប្រកបដោយ​ធម៌​សន្តិ​មង្គល ចំពោះ​គ្នា ទៅវិញទៅមក។

នៅពេល​មាន​ពិធីបុណ្យផ្សេងៗ ជាពិសេស ពិធីបុណ្យ​ប្រជុំ​បិណ្ឌ ខ្មែរ​យើង​ដែល​ប្រកាន់​នូវ​អំពើ​ល្អ តែង​នាំគ្នា​យក​បាយ​សម្ល នំចំណី (ភាគច្រើន​ធ្វើ​អំពី​អង្ករ) និង វត្ថុ​សព្វសារពើ ដែលជា​ផ្នែក​នៃ​ទាន ទៅ​វត្ត​អារាម ដើម្បី​ធ្វើបុណ្យ ចែកទាន​ដល់​អ្នក​ខ្វះខាត និង ដើម្បី​រំលឹក ដល់​អ្នកមានគុណ​ទាំងឡាយ ដែល​ជួយ​អោយ​ជីវិត​របស់គេ បានទទួល​បុណ្យ​កុសល និង ភាពរុងរឿង​សន្តិ នៅក្នុង​ចិត្ត នៅក្នុង​ជីវិត។ ប៉ុន្តែ នេះ​មិន​បានន័យថា ទាល់តែ​នាំគ្នា ទៅដល់​អារាម ទើប​អាច​ហៅ​បាន​ថា ធ្វើបុណ្យ​ច្រើន​វត្ត​នោះទេ។

វត្ត គឺ​នៅ​ស្តិ​ត​គ្រប់កន្លែង​ទាំងអស់ ជុំវិញខ្លួន​យើង។ ធ្វើបុណ្យ មានន័យថា​ជាការ​ចែកចាយ នូវ​អំពើ​ល្អ ចំពោះ​បុគ្គល​ដែល​ខ្វះខាត នៅ​ជុំជិត​យើង នោះ​គឺមាន​ន័យ យើង​បានធ្វើ​បុណ្យ នៅ​វត្ត​ហើយ។ អារាម ជា​មណ្ឌល​ទីប្រជុំ​មនុស្ស ប៉ុន្តែ​វត្ត គឺជា​វត្ថុ​អ​រូបិយ ដែល​មិនមាន​រូប​ឡើយ គឺ​គ្រាន់តែ​ជា ការប្រកាន់​នូវ​ទង្វើ​ល្អ នៃ​បុគ្គល​គ្រប់រូប​ទាំងឡាយ នោះ​តែប៉ុណ្ណោះ។

២- តើ ៧ វត្ត មាន​អត្ថន័យ ដូចម្តេច?

យើង​ធ្លាប់​ឮ​ពាក្យ​ថា ញាតិ៧សន្តាន គ្រប់ៗគ្នា។ តើ ៧សន្តាន មានន័យ យ៉ាងដូចម្តេច? នោះ​គឺជា​ការប្រមូលផ្តុំ​ញាតិ ដោយ​ពុំមាន​ខ្វះ​នរណាម្នាក់ មានដូចជា ៖
1/ គ្រួសារ​របស់ខ្លួន​យើង​ផ្ទាល់
2/ គ្រួសារ​របស់​បងប្អូន​បង្កើត​មួយ (ជួនកាល​ជា​គ្រួសារ​បងប្អូន​បង្កើត តែ​ម្តាយ​ផ្សេង ឬ​ឪពុក​ផ្សេង)
3/ គ្រួសារ​របស់​បងប្អូន​ជីដូន១
4/ គ្រួសារ​របស់​បងប្អូន​ជី​ទូត១
5/ គ្រួសារ​របស់​បងប្អូន​ជីលួត១
6/ គ្រួសារ​របស់​បងប្អូន​ជីលា១
7/ គ្រួសារ​របស់​សាច់ថ្លៃ១ មាន​ឪពុក​ម្តាយក្មេក បងថ្លៃ​ប្អូនថ្លៃ និង​ក្រុមគ្រួសារ​របស់គេ។

ដួ​ច្នេះ នៅពេលណា​មាន ពិធីបុណ្យផ្សេងៗ យើង​រមែង​ឃើញ សាច់ញាតិ​សន្តាន គ្រប់​ប្រភេទ មក​ចូលរួម ស្ទើរ​ពុំមាន​ចន្លោះ​នរណាម្នាក់​ឡើយ។ ហើយ​នៅ​ថ្ងៃបុណ្យ​និមួយៗ ខ្មែរ​ក៏មាន​សេចក្តីសោមនស្ស ទទួលយក​បុណ្យ និង ចែករំលែក​បុណ្យ ចំពោះ​គ្នា​ទៅវិញទៅមក យ៉ាង​សប្បុរស​រីករាយ ដោយ​មិន​រើសអើង ចំពោះ​នរណា​ឡើយ មិន​ថា​នៅ​កន្លែង​ណា ទីណា​ទេ។
សរុបសេចក្តី​មក ការធ្វើ​បុណ្យ៧វត្ត មានន័យថា ជាការ​ចែកចាយ នូវ​អំពើ​ល្អ ជា​កុសល ជូន​ដល់​បុគ្គល ជា​ញាតិ​ជិត​ឆ្ងាយ គ្រប់ៗគ្នា ទាំង៧សន្តាន មិនមាន​ចន្លោះ នរណាម្នាក់​ឡើយ ក្នុងសង្គម ដោយ​ពុំ​មានការ​រើស​អើ​ស ប្រកាន់​មនុស្ស ប្រកាន់​ទីកន្លែង ឬ វណ្ណៈ​គ្រួសារ​សាច់ញាតិ៕

ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍



Tag:
 កែវ ច័ន្ទបូរណ៍
  បុណ្យ​៧​វត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com