ជាតិ
ពីនេះ ពីនោះ
ទស្សនវិទូ៖ មានច្បាប់ ទើប​មាន​ទំរង់​នៃ​ការគ្រប់គ្រង​រដ្ឋ
16, Dec 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
អា​រី​ស្តូ​តដែល​ជា​ទស្សនវិទូ​ក្រិ​ក​បុរាណ បាន​លើកឡើងថា «នៅទីណា​ដែល​អវត្តមាន​អំណាច​នៃ​ច្បាប់ នៅ​ទីនោះ​គឺ​គ្មាន​ទីតាំង និង​ទំរង់​នៃ​របប​គ្រប់គ្រង​រដ្ឋ​ឡើយ។ តើ​ទស្សនៈ​មួយ​នេះ​ត្រឹមត្រូវ​ដែរឬទេ ចំពោះ​ការដឹកនាំ និង​គ្រប់គ្រង​សង្គមជាតិ​មួយ?



ដោយសារតែ​មនុស្ស​គឺជា​ភាវៈ​ទំនាក់ទំនង ចេះ​ធ្វើ​នយោបាយ ចេះ​ប្រាស្រ័យ​ទាក់ទង​គ្នា ចេះ​ធ្វើ​ពាណិជ្ជកម្ម ចង់មានចង់បាន មានការ​គិតពិចារណា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជីវិត​មានការ​រីកចម្រើន មានការ​ផ្លាស់ប្តូរ។ ហើយ​រាល់​សកម្មភាព​ទាំងនេះ គឺ​មនុស្ស​តែងតែ​ធ្វើឡើង នៅក្នុង​សង្គម​ដែល​ពួកគេ​រស់នៅ​ប្រចាំថ្ងៃ។ ប៉ុន្តែ​នៅក្នុង​សង្គម​មានការ​ប្រែប្រួល​ពីមួយ​សម័យកាល​ទៅមួយ​សម័យកាល ចិត្ត​មនុស្ស គំនិត​របស់​មនុស្ស ក៏មាន​ការប្រែប្រួល​ដូច​សង្គម​ដែរ។ ហើយ​អ្នកមាន​មិន​ចង់​នៅក្រោម​អ្នកក្រ អ្នកក្រ​មិន​ចង់​ឲ្យ​គេ​មើលងាយ អ្នកខ្លាំង​ចង់បង្ហាញ​ឥទ្ធិពល​ទៅលើ​អ្នកខ្សោយ អ្នកខ្សោយ​ខ្លាច​គេ​ជិៈ​ជាន់ អ្នកមាន​ទ្រព្យសម្បត្តិ​ចង់​រក្សាទ្រព្យ​ដោយ​សុវត្ថិភាព។

ទីបំផុត​មនុស្ស​នៅក្នុង​សង្គម​ចាប់ផ្ដើម​ចង់បាន​សង្គម​មួយ​ដែលមាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​សេដ្ឋកិច្ច មានការ​ធានា​សុវត្ថិភាព​បុគ្គល មានការ​ធានា​សិទ្ធិសេរីភាព​បុគ្គល គ្មាន​អ្នកណា​អាច​ប្រើប្រាស់​អំណាច​ដើម្បី​បំពាន​អ្នកណា​បាន​ដោយ​សេរី។

ហេតុនេះ ប្រសិនបើ​សង្គម​មួយ​គ្មាន​ច្បាប់​ដើម្បី​គ្រប់គ្រង​មនុស្ស​ទេ សកម្មភាព​របស់​មនុស្ស​នឹង​វិល​ទៅរក​សម័យ​បុព្វកាល ដែល​មនុស្ស​រស់នៅក្នុង​លក្ខណៈ​ដូច​សត្វ​ធម្មតា រស់​តាមបែប​ធម្មជាតិ គ្មាន​សុវត្ថិភាព​បុគ្គល សុវត្ថិភាព​ទ្រព្យសម្បត្តិ គ្មាន​ច្បាប់​គ្មាន​ទម្លាប់។ កត្ដា​នេះហើយ​ដែល​នាំ​ឲ្យ​លោក​អា​រី​ស្ដូ​ត​យល់ថា បើ​គ្មាន​អំណាច​នៃ​ច្បាប់​ទេ គឺ​មិន​អាចមាន​ទេ​ទំរង់​គ្រប់គ្រង​រដ្ឋ។ ព្រោះ​ថាបើ​និយាយ​ពី​ការគ្រប់គ្រង​រដ្ឋ គឺ​ត្រូវតែ​គិតពី​សិទ្ធិ ពី​សេរីភាព បែបបទ​រដ្ឋបាល ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ ការបែងចែក​មុខដំណែង​តួនាទី និង​ការបែងចែក អំណាច ដើម្បី​កំណត់ព្រំដែន​សម្រេចចិត្ត​របស់​បុគ្គល។ ច្បាប់​គឺ​ត្រូវតែដើរ​តួនាទី​សំខាន់​នៅក្នុង​ការគ្រប់គ្រង​ការប្រើប្រាស់​សិទ្ធិ ប្រើប្រាស់​សេរីភាព​របស់​មនុស្ស។

សរុបមក គោលការណ៍​ចម្បង​នៃ​បញ្ញត្តិ​ច្បាប់ គឺ​ឧត្ដមភាព​នៃ​ច្បាប់ ការការពារ​សិទ្ធិ សេរីភាព​របស់​បុគ្គល និង​ការបែងចែក​អំណាច ដើម្បី​រៀបចំ​សង្គម។ ហើយ​រដ្ឋ​មួយ​ដែលមាន​គ្មាន​ច្បាប់ គឺ​គ្មានទេ​ទំរង់​នៃ​ការគ្រប់គ្រង មានតែ​សកម្មភាព​រស់នៅ​តាមបែប​ធម្មជាតិ។ តែបើ​រដ្ឋ​មួយ​មានច្បាប់​ត្រឹមត្រូវ​ដើម្បី​គ្រប់គ្រង នោះ​នឹងធ្វើ​ឲ្យ​រដ្ឋ​នោះ​ក្លាយជា​រដ្ឋ​បែប​ទំនើប មានការ​រីកចម្រើន អភិវឌ្ឍន និង​មាន​សន្តិភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com