ពីនេះ ពីនោះ
មិនចេះ​គ្រប់គ្រង​ចិត្ត សំណាង​រត់​ចេញពី​អ្នក​គ្រប់ពេល
11, Oct 2015 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស​មួយចំនួន​តែងតែ​លើកឡើងថា ជីវិត​ខ្ញុំ​គ្មាន​សំណាង​សោះ បញ្ហា​កើត​មានតែ​ចំពោះ​រូបខ្ញុំ អ្នកដទៃ​គេ​សប្បាយ គេ​រីករាយ គេ​ជោគជ័យ ហើយ​គិតថា​មកពី​គេ​ជាតិ​មុន​បានធ្វើ​បុណ្យ​ដល់​ជាដើម។ ហើយ​គិតថា រឿងរ៉ាវ​ដែល​អាក្រក់​ទាំងឡាយ​តែងតែ​មក​ឆាឆៅ​ជីវិត​ខ្លួន​រហូត រហូត​យល់ថា​នេះ​ជា​កម្ម ជា​កុសល​របស់ខ្លួន​ពី​ជាតិ​មុន។ តែ​ការពិត សំណាងល្អ សេចក្ដី​សប្បាយ សេចក្ដី​រីករាយ​គឺ​នៅ​ជាមួយ​អ្នកជា​អ្នកជា​និច្ច តែ​មកពី​អ្នក​មិនចេះ​ថែរក្សា មិនចេះ​គ្រប់គ្រង​អារម្មណ៍ និង​ចិត្ត​ខ្លួនឯង។



ជាការ​ពិត​ណា នៅពេលដែល​អ្នក​គិត​បែបណា ជីវិត​របស់​អ្នកនឹង​ធ្វើដំណើរ​ទៅតាម​អត្ថិភាព​នៃ​ការគិត​របស់​អ្នក​បែប​នោះដែរ។ ប្រសិនបើ​អ្នក​យល់ថា​អ្នក​មិនអាច​ធ្វើ​អ្វីមួយ​បាន កិច្ចការងារ​នោះ​ក៏​មិនអាច​ដំណើរការ​ទៅមុខ​ដោយ​រលូន បើ​អ្នក​កើត​ចិត្ត​ខឹង​ជាមួយ​អ្វីមួយ របស់​នោះ​នឹង​ក្លាយជា​សត្រូវ​ក្នុង​ចិត្ត​អ្នក។ នៅពេល​អ្នក​ខឹង​ពេលនោះ​អារម្មណ៍​របស់​អ្នក​ពោរពេញ​ដោយ​សភាព​តានតឹង​ក្នុង​អារម្មណ៍  ហើយ​នាំទៅរក​ភាពមិន​ស្រណុក​ក្នុង​ចិត្ត បង្ករ​ឲ្យ​ឆាប់​ឆេវឆាវ មួរ​ម៉ៅ ដែលជា​មាគ៌ា​មួយ​បង្ករ​ឲ្យ​អត្ថិភាព​នៃ​សំណាង​មិន​អាចមក​បមពេញ​ក្នុង​ជីវិត​របស់​អ្នក​បាន។

ក៏ប៉ុន្តែ​ទោះបី​បរិបទ​សង្គម​មិនអាច​តម្រូវ​តាមចិត្ត​របស់​អ្នក​ក៏ពិតមែន តែ​អ្នក​អាច​បង្វែរ​រឿងរ៉ាវ​នៅក្នុង​សង្គម​ឲ្យ​ក្លាយជា​ប្រយោជន៍​ដល់​អ្នក​បាន​គ្រប់ពេលវេលា។ ព្រោះអ្វីៗគ្រប់យ៉ាង​គឺ​អាស្រ័យ​នៅលើ​អ្នក​ដែលជា​ប្រធាន​វិស័យ​តែ​ម្នាក់​គត់ ជា​អ្នកសម្រេច​ពី​ជោគវាសនា​របស់​អ្នក។ អ្នក​អាច​ស្អប់អ្វីៗគ្រប់យ៉ាង ហើយក៏​អាច​ស្រឡាញ់​អ្វី​គ្រប់យ៉ាង​ដូចគ្នា។ ហេតុនេះ​អត្ថិភាព​នៃ​គំនិត​គឺ​ពិតជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ចិត្ត​របស់​អ្នក គិតពី​ជ្រុង​នានា​នៃ​ជីវិត​របស់​អ្នក។ ចំណែក​សំណាងល្អ គឺ​នៅ​ជាមួយ​អ្នកជា​និច្ច ប្រសិនបើ​អ្នក​ព្យាយាម​គិតពី​ចំនុច​វិជ្ជា​មាន​លើ​វា​ជាមុន។ ប្រសិនបើ​អ្នក​គិត​ល្អ នោះ​សេចក្ដី​ល្អ​នឹង​លេច​រូបរាង​ចំពោះមុខ​អ្នក បើ​អ្នក​គិតថា អ្នកជា​មនុស្ស​ដែលមាន​សំណាងល្អ​ជានិច្ច​ភាគរយ​គឺ​មករក​អ្នកជា​ប្រចាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com