កីឡាជាតិ
ជាតិ
ឡុង សុភី ប៉ះថៃ ឯ ឡុង សុវណ្ណឌឿន ប៉ះឡាវ នៅលើសង្វៀន ផ្សេងគ្នា
× កីឡាករជើងខ្លាំង ឡុង សុភី ដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន នឹងប៉ះកីឡាករជើងខ្លាំងថៃ TILEK PITHAKMEUNGKAN ឬឯកីឡាករជើងខ្លាំង ឡុង សុវណ្ណឌឿន នឹងប៉ះកីឡាករឡាវ ORONO CHAMPASAK ក្នុងសប្តាហ៍តែមួយ ប៉ុន្តែលើសង្វៀន ២ ផ្សេងគ្នា។
កីឡាករជើងខ្លាំងដែលតែងតែផ្តួលគូប្រកួតឱ្យសន្លប់ដោយប្រើជង្គង់ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា នឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃ TILEK PITHAKMEUNGKAN ក្នុងប្រភេទទំងន់ ៦៩ គ.ក្រ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ក្នុងកម្មវិធីប្រកួតដណ្តើមខ្សែក្រវ៉ាត់ ខារ៉ាបៅ លក្ខណៈអន្តរជាតិ នាល្ងាចថ្ងៃអាទិត្យ ទី១១ ខែតុលា នេះ។
ចំណែកឯកីឡាករជើងខ្លាំងដែលបាត់មុខមួយរយៈនៅសង្វៀន ហើយជាកីឡាករដែលពិបាករកគូប្រកួត និងជាសិស្សរបស់ លោក ឡុង សាលវ័ន្ត មកពីក្លិបសាលវ័ន្តកីឡា ឡុង សុវណ្ណឌឿន នឹងត្រូវជួបប្រកួតជាមួយកីឡាករ ឡាវ ORONO CHAMPASAK ក្នុងប្រភេទទំងន់ ៦៨ គ.ក្រ នៅលើសង្វៀន CNC ក្នុងកម្មវិធីប្រកួតដណ្តើមខ្សែក្រវ៉ាត់ជើងឯកគោជល់ លក្ខណៈអន្តរជាតិ នាល្ងាចថ្ងៃសៅរ៍ ទី១០ ខែតុលា នេះ។
គួររំឮកផងដែរថា ការប្រកួតពានរង្វាន់ជើងឯក ខារ៉ាបៅ នារដូវកាលមុន កីឡាករ ឡុង សុភី បានផ្តួលកីឡាករក្នុងស្រុក និងក្រៅស្រុកជាច្រើន ហើយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ កីឡាករ ឡុង សុភី បានយកឈ្នះលើកីឡាករជើងខ្លាំង កែវ រំចង់ ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com