ពីនេះ ពីនោះ
ចំណុច​ណាខ្លះ​ដែល​បញ្ជាក់ថា​អ្នកជា​សិ​ស្សស​កម្ម​ក្នុងការ​សិក្សា?
16, Dec 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ជីវិត​ជា​សិស្ស​និស្សិត​ត្រូវតែ​បំពេញ​តួនាទី​ជា​អ្នកសិក្សា​រៀនសូត្រ។ ប៉ុន្តែ ដើម្បី​ក្លាយជា​សិស្ស​និស្សិត​ដែលមាន​ភាព​សកម្ម​ជាមួយនិង​ការសិក្សា​រៀនសូត្រ​គឺមាន សិស្ស​និស្សិត​តិច​ណាស់ដែ​លអាច​បំពេញបាន។  ខាងក្រោម​នេះ​ជា​ទង្វើ​សាមញ្ញ​មួយចំនួន​ដើម្បី​បង្ហាញថា​អ្នកជា​សិស្ស​ដែល​បាន​បំពេញ និង​មាន​ភាព​សកម្ម​ចំពោះ​ការសិក្សា​រៀនសូត្រ៖



១/. យក​ការសិក្សា​ជា​ទិសដៅ​ទីមួយ៖ សិស្ស​និស្សិត​ដែល មាន​ភាពច្បាស់លាស់​ចំពោះ​ការសិក្សា គេ​តែងតែ​តាំងចិត្ត​ថា ការសិក្សា អាន​សៀវភៅ ធ្វើ​លំ​ហាត់ ធ្វើ​កិច្ចការ​សាលា គឺជា​អាទិភាព​ចម្បង​ដែល​គេ​ត្រូវតែ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​តួនាទី​របស់ខ្លួន។

២/. គោរព​ពេលវេលា​ក្នុងការ​រៀនសូត្រ៖ សិស្ស​ដែល​សកម្ម គឺជា​សិស្ស​ដែល​តែងតែ​បង្ហាញ​វត្តមាន​របស់ខ្លួន​ជានិច្ច​ក្នុង​សកម្មភាព​សិក្សា ពិភាក្សា​ក្រុម ទៅតាម​ពេ​វេលា​ដែល​បានកំណត់។ ប្រសិនបើ​អ្នក​មិនអាច​ប្ដេជ្ញាចិត្ត ដើម្បី​បង្ហាញ និង​មិន​គោរព​ពេលវេលា​ឱ្យបាន​ទៀងទាត់​ទេ នោះ​អ្នកនឹង​មិនអាច​ក្លាយជា​អ្នកសិក្សា​ដែល​គោរព​វិន័យ​នោះឡើយ។

៣/. យកចិត្តទុកដាក់ និង​មក​រៀន​ជាប្រចាំ៖ នៅពេលដែល​អ្នក​មករៀ​ន​ទៀងទាត់ អ្នក​អាច​ជជែក​ពិភាក្សា​ជាមួយ​មិត្តភក្តិ ជាពិសេស​អ្នក​អាច​ស្ដាប់​ការពន្យល់​របស់លោក​គ្រូ​អ្នកគ្រូ។ វិធី​នេះ​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នកបើក​ទទួលយក​អ្វីដែល​ថ្មី។ បន្ថែម​ពីនេះ អ្នក​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ ប្រសិនបើ​អ្នកចំណាយ​ពេល១ម៉ោង ដើម្បី​រៀន​មេរៀន​មួយ អ្នក​គួរតែ​ចំណាយពេល១០ទៅ១៥នាទី ដើម្បី​អនុវត្តន៍ និង​រម្លឹក​មេរៀន​នោះ​ឡើងវិញ។

៤/. កត់ត្រា និង​សួរ​សំណួរ​នៅក្នុង​សកម្មភាព​ថ្នាក់៖ ការកត់ត្រា និង​ការចូលរួម​សួរ​ឆ្លើយ​នៅក្នុង​ថ្នាក់ ការផ្ដល់​យោបល់ គឺជា​ជំ​ហ៊ាន​មួយ​ដែល​ជួយ​ឲ្យ​សិស្ស​អាច​សរសេរ​អ្វី​ដែលជា​គំនិត​របស់ខ្លួន ទៅលើ​អ្វីដែល​គេ​យល់ឃើញ ផ្សារភ្ជាប់​ជាមួយ​អ្វីដែល​សៀវភៅ​បាន​សរសេរ និង​គ្រូ​ពន្យល់។ ប្រការនេះ​អាចជួយ​ឲ្យ​អ្នកមាន​ជំនាញ​មួយទៀត គឺ​ក្បួន​នៅក្នុង​ការស្រាវជ្រាវ​តាមរយៈ​កម្រ​ង់​សំណួរ។ ការចូលរួម​បែបនេះ​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នក​ចាប់ផ្ដើម​មានដំណើរ​ការ ពេលនោះ​វា​កាន់តែ​បង្កើនល្បឿន​នៃ​ការគិត​របស់​អ្នក។

៥/. កសាង​ទំនាក់ទំនង​ជាមួយ​គ្រូ៖ ការធ្វើ​បែបនេះ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មិនមាន​ភាពភ័យខ្លាច នៅក្នុង​ការបញ្ចេញមតិ​យោបល់ ឬ​គំនិត​នានា។ ព្រោះ​មាន​សិស្ស​និស្សិត​មួយចំនួន​មាន​អារម្មណ៍​ភ័យខ្លាច​គ្រួ មិន​ហ៊ាន​ទាំង​និយាយ​ជាមួយ​គ្រួ​ផង។ ហេតុនេះ​ត្រូវតែ​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​នេះ​ចេញ ដើម្បី​កាត់បន្ថយ​ភាំ​ព​ភ័យខ្លាច​នៅ​ថ្ងៃមុខ។

៦/. ស្វែងរក​យុទ្ធវិធី​ដើម្បី​ធ្វើជា​ក្បួន​ក្នុង​ការសិក្សា៖ មនុស្សម្នា​ក់មាន​វិធី​សម្រាប់​ខ្លួនឯងរៀងៗខ្លួន ហេតុនេះ​អ្នក​ត្រូវតែ​ស្វែងរក​ឲ្យ​ឃើញ​ពី​ចំណុច​ពិសេស​របស់ខ្លួន ថា​តើ​អ្នកជា​ប្រភេទ​សិស្ស​ដែល​ចូលចិត្ត​រៀន​បែបណា? រៀន​បែបណា​ទើប​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាំ ឆាប់​យល់​ពី​មេរៀន​ដែល​អ្នក​បាន​រៀន​រួច និង​កំពុង​រៀន។ នេះ​មានន័យថា ការសិក្សា​ពី​ខ្លួនឯង ដើម្បី​រក​ឲ្យ​ឃើញ​នូវ​អំណោយទាន​ពី​ធម្មជាតិ​របស់​អ្នក។

៧/. ផ្ចង់អារម្មណ៍​ឲ្យ​មូល៖ មុនពេល​ចាប់ផ្ដើម​ចូលរៀន ឬ​ពេល​កំពុង​រៀន​អ្នក​ត្រូវ​រៀបចំ​របស់របរ​ណា​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​អារម្មណ៍​របស់​អ្នក។ អារម្មណ៍​មូល​នៅពេល​សិក្សា ធ្វើ​ឲ្យ​អ្នក​អាច​ផ្តោត​តែ​ទៅលើ​មេរៀន​តែមួយ​មុខ នោះ​ធ្វើ​ឲ្យ​អ្នក​អាច​តាម​ទាន់​មេរៀន​ដែល​គ្រូ​កំពុង​ពន្យល់ និង​ចាប់​ទាន់​ចំណុច​ដែល​ត្រូវ​សួរ ដើម្បី​តាម​ឲ្យ​ដល់​ចម្លើយ​ដែល​អ្នក​ចង់បាន៕


© រក្សាសិទ្ធិដោយ thmeythmey.com