កីឡាជាតិ
ជាតិ
World Cup៖ កម្ពុជា​ជួប​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​នា​វេលា​ម៉ោង៧យប់​នេះ
13, Oct 2015 , 8:30 am        
រូបភាព

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ World Cup នៅ​ទឹកដី​របស់​សឹង្ហ​បុរី នា​ល្ងាច​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ខាងមុខ។ កម្ពុជា​ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បាន​ចាញ់​ការប្រកួត​ទាំង៤លើក​កន្លងមក​នៅក្នុង​ពូ​ល E រួមទាំង​ការ​ចាញ់​សឹង្ហ​បុរី ៤-០ នៅក្នុង​ទឹកដី​ខ្លួន។ សម្រាប់​ការប្រកួត​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក Lee មាន​កីឡាករ​ក្នុង​ជម្រើស​ចំនួន២៥នាក់ ។



មិនមាន​ឡើយ​ឱកាស​ទៅ​ជួបជុំ​គ្រួសារ​នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្រាប់​ថ្នាក់ដឹកនាំ និង​កីឡាករ​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដោយ​ពួកគេ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក ជាមួយ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី នា​វេលា​ម៉ោង៧យប់​ថ្ងៃទី១៣ ខែតុលា នេះ​ពោលគឺ​មួយថ្ងៃ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បាន​រង​បរាជ័យ​ទាំង៤ប្រកួត​នៅ​ជើង​ទីមួយ​នៃ​ពូ​ល E ដោយ​ចាញ់​សឹង្ហ​បុរី ៤-០ ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ ចាញ់​ស៊ី​រី ៦-០ នៅ​រាជធានី​ភ្នំពេញ និង​ចាញ់​ជប៉ុន ៣-០ នៅ​ក្រុង Saitama របស់​ជប៉ុន។

សូម​រំលឹកថា នា​ជំនួប​ជាមួយ​សឹង្ហ​បុរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី១១ ខែមិថុនា កន្លងមក ចំនួន​អ្នកទស្សនា​មាន​រហូតដល់​ទៅជា​ង៦ម៉ឺន​នាក់ ដែលជា​កំណត់ត្រា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​កម្ពុជា។ សឹង្ហ​បុរី បាន​រកបាន៣គ្រាប់​នៅ​តង់​ទីមួយ ហើយ​បន្ថែម១គ្រាប់​ទៀត​នៅក្នុង​តង់​ទី​ពីរ។

ក្នុង​ដំណើរ​ការប្រកួត​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន National Stadium របស់​សឹង្ហ​បុរី នា​ថ្ងៃទី១៣ ខែកញ្ញា ខាងមុខ លោក Lee Tae Hoon មាន​ជម្រើស​កីឡាករ​ចំនួន២៥នាក់ ដោយ៧នាក់​មកពី​ស្វាយរៀង (ប៉េង ប៊ុន​ឆាយ, ប្រាក់ មុន្នី​ឧ​ត្ត​ម, សឿ​យ វិសាល, នេន សុធា​រ័ត្ន, ណុប តុលា, សំអឿន ពិដោរ និង​ហូ​យ ផល្លី​ន) ៦នាក់​មកពី​បឹងកេត​អង្គរ (ឃួន ឡា​បូ​រ៉ាវី, ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ, រស់ សំអឿន, ស៊ូ យ៉ា​ទី និង​ហុង ផេង) ៤នាក់​ពី​ក្រសួងការពារជាតិ (ឈិន ឈឿន, រឿ​ម ចាន់​រឿន, ច្រឹង ពលរដ្ឋ និង​អ៊ុំ សេរី​រ័ត្ន) ៣នាក់​ពី ភ្នំពេញ​ក្រោ​ន (ប៊ិន ចន្ថា​ធា​រី, សុះ ស៊ូ​ហា​ណា និង​កែវ សុខ​ផេង) ៣នាក់​ពី​ណាហ្គា​វើ​ល (គួច សុគ​ម្ភៈ, ប្រាក់ ចាន់​រតនា និង ញឹម សុវណ្ណារ៉ា) និង២នាក់​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (សាយ ពិសិដ្ឋ និង​ទិ​ត ឌី​ណា) ។
 
ក្រៅពី​កីឡាករ មន្ត្រី៩នាក់​ផ្សេងទៀត ដោយ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ខៀវ សា​ម៉េ​ត ទទួលបន្ទុក​ជា​ប្រធាន​ប្រតិភូ លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ។ ក្រុមការងារ​គ្រូបង្វឹក​ដែល​ត្រូវ​ជួយ​ដល់​ការងារ​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon រួមមាន លោក អ៊ុង កន​យ៉ា​និ​ត លោក ហោ សុខ​ហេង និង​លោក អ៊ុំ សាវង្ស ជា​ជំនួយការ លោក អ៊ិន សុខា ជា​គ្រូ​ចាំទី  រីឯ​គ្រូពេទ្យ មាន​លោក ហៃ ស័គ្គ​រី និង​លោក ខាត់ ចាន់​ហាក់។

ក្រុម​ទាំង៥នៅក្នុង​ពូ​ល E បានបញ្ចប់​ការប្រកួត​ជើង​ទីមួយ​របស់ខ្លួន​អស់ហើយ ដោយ​ជប៉ុន​ឈរ​លេខ​មួយ​ប​ណ្ណោះ​អាសន្ន ដោយមាន១០ពិន្ទុ ឈរ​ស្ថិតនៅ​លេខ២មាន៩ពិន្ទុ សឹង្ហ​បុរី​លេខ៣មាន៧ពិន្ទុ អា​ហ្វ​ហ្គា​នី​ស្ថាន​លេខ៤មាន៣ពិន្ទុ ខណៈ​កម្ពុជា​ស្ថិតនៅ​បាត​តារាង ដោយ​បរាជ័យ​ទាំង៤ប្រកួត ហើយ​ធ្លាយ​សំណាញ់​ទី​សរុប១៤គ្រាប់ ដោយ​គ្មាន​ការតបត​វិញ៕
 


Tag:
 បាល់ទាត់
  World Cup
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com