អន្តរជាតិ
ទីម័រខាងកើតមានលក្ខណៈគ្រប់គ្រាន់ ឬនៅសម្រាប់ទាក់ទាញមេដឹកនាំអាស៊ាន?
×
ទីម័រខាងកើត ត្រូវបានគេស្គាល់ជារដ្ឋមួយ ដែលទទួលរងនូវការគាបសង្កត់ពីពួកអាណានិគម ខ្លាំងជាងគេនិង យូរជាងគេនៅក្នុងតំបន់។ ក្នុងនោះយើងឃើញថា រដ្ឋនេះដំបូងឡើយ ត្រូវបាន គ្រប់គ្រងដោយព័រទុយហ្គាល់ និង ហូឡង់នៅសវត្សន៍ទី១៦ ហើយបានបញ្ចប់នូវអាណានិគម ក្នុងឆ្នាំ១៩៧៥ ។
ស្របពេលដែល ទីម័រខាងកើត ប្រកាសឯករាជ្យពីក្រុមអាណានិគមពីហូឡង់ ឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាងដែលមានអំណាចនៅក្នុងតំបន់ បានឆ្លៀតឱកាសនេះចូលឈ្លានពាន និង ដាក់អាណានិគមទៅលើទីម័រខាងកើតបន្ថែមទៀត។ ក្រោមការគ្រប់គ្រងដោយឥណ្ឌូនេស៊ីអស់រយៈពេលប្រមាណជាង ២៥ឆ្នាំ ប្រជាជនទីម័រខាងកើត បានទទួលរងនូវការធ្វើ ទុកបុកម្នេញ និង គាបសង្កត់ដោយហឹង្សា និងព្រៃផ្សៃបំផុត។ ដោយមិនអាចទ្រាំទ្រនឹងការ គាបសង្កត់នេះ ប្រជាជនទីម័រខាងកើតបានផ្ទុះចលនាប្រឆាំង រហូតឈានទៅដល់ការធ្វើ ប្រជាមតិផ្តាច់ខ្លួនពីឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ១៩៩៩ ។ ទោះបីជាទីម័រខាងកើត បានផ្តាច់ខ្លួនចេញ ឥណ្ឌូនេស៊ីយ៉ាងក៏ដោយ រដ្ឋដ៏ទន់ខ្សោយមួយនេះ មិនទាន់ទទួលបានឯករាជ្យពេញលេញ នោះទេ ពោលគឺឯករាជ្យពេញលេញទើបតែបានក្រោយពីទីម័រខាងកើត បានក្លាយជាសមាជិក របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០០២ ។
ងាកមកចាប់អារម្មណ៍ ទីម័រខាងកើតជាមួយនឹងអាស៊ានវិញ មកទល់ពេលនេះ ទីម័រខាងកើត មិនទាន់ ត្រូវបានអាស៊ានផ្តល់សមាជិកភាពនៅឡើយនោះទេ។ យ៉ាងណាក៏ដោយ តាមការ បញ្ជាក់ របស់មេដឹកនាំទីម័រខាងកើត នៅឆ្នាំ២០១៥នេះ ប្រទេសខ្លួននឹងស្នើរមេដឹកនាំអាស៊ាន សារជាថ្មីម្តងទៀត។ ជុំវិញបញ្ហានេះ ដើម្បីយល់ដឹងពីលទ្ធភាពក្នុងការក្លាយជាសមាជិកអាស៊ាន យើងក្រឡេកមើលកត្តាមួយចំនួន៖
១. ទីតាំងភូមិសាស្ត្រ
ភូមិសាស្ត្រនយោបាយ គឺជាធាតុផ្សំមួយដ៏សំខាន់ក្នុងការស្នើរសុំជាសមាជិករបស់អាស៊ានដែលបានបញ្ញត្តិយ៉ាងច្បាស់ក្នុងមាត្រា៦នៃធម្មនុញ្ញអាស៊ាន។ លើបញ្ហានេះ សម្រាប់ទីម័រខាងកើតមិនមានអ្វីជាឧបសគ្គនោះទេ ព្រោះរដ្ឋនេះស្ថិតនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដែលមានព្រំប្រទល់ជាមួយនឹងឥណ្ឌូនេស៊ីស្រាប់។
២. សមត្ថភាពសេដ្ឋកិច្ច
គិតត្រឹមពេលដែលទីម័រខាងកើតទទួលបានឯករាជ្យពេញលេញ រយៈពេល១៣ឆ្នាំហើយ ដែលប្រទេសនេះ បានព្យាយាមកសាងសមត្ថភាពរបស់ខ្លួនឡើងវិញ ក្រោយពីទទួលរងនូវ ការបំពានដ៏ធ្ងន់ធ្ងរពីសំណាក់ក្រុមអាណានិគម។ បើយើងតាមរបាយការណ៍របស់ ADB និង World Bank ក្នុងឆ្នាំ២០១៤ កំណើនសេដ្ឋកិច្ចរបស់ទីម័រខាងកើត មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរកត់សម្គាល់។ យ៉ាងណាក៏ដោយ បើប្រៀបធៀបពី ផលិតផលក្នុងស្រុកសរុប (GDP) ចុងក្រោយ របស់រដ្ឋនេះ យើងឃើញថា ទីម័រខាងកើត សម្រេចបានត្រឹម ១.៦ ពាន់លានដុល្លាសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលតួលេខនេះ ទាបជាងប្រទេសអាស៊ានចាស់ ច្រើនដងណាស់។ ហើយនេះក៏ជាបញ្ហាមួយ ដែលអាចជាឧបសគ្គ ក្នុងដំណើរការសុំចូលជា សមាជិកភាព និង ជាពិសេសនោះអាស៊ាន កំពុងតែឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច ស្រាប់ផងដែរនោះ។
៣. បញ្ហាសន្តិសុខ
ក្រៅពីកត្តាសេដ្ឋកិច្ច សន្តិសុខទាំងក្នុង និង ក្រៅប្រទេសរបស់ទីម័រខាងកើត គឺជាបញ្ហាមួយ ដែលអាស៊ានធ្វើការចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះយើងឃើញ សន្តិសុខក្នុងប្រទេសនេះ ហាក់ដូចជាមិនទាន់រឹងម៉ាំនៅឡើយនោះទេ។ សម្រាប់បញ្ហាសន្តិសុខខាងក្រៅវិញ គេឃើញថា ទីម័រខាងកើតងាយនឹងទទួលរងនូវឥទ្ធិពលពីសំណាក់ប្រទេសជិតខាង ដែលមានចិន និង ឥណ្ឌា ដែលមានអាវុធបរមាណូជាច្រើនគ្រាប់ផងដែរនោះ។ ដូច្នេះ បើទីម័រខាងកើត ចូលជា សមាជិកអាស៊ាន នោះនឹងនាំបញ្ហាប្រឈមបន្ថែមឲ្យអាស៊ាន។
៤. គោលការណ៍ឯកច្ឆ័ន
ជាគោលការណ៍ ដើម្បីក្លាយជាសមាជិកអាស៊ាន រដ្ឋនោះ ត្រូវឆ្លងកាត់នូវការសម្រេចបោះឆ្នោតជាឯកច្ឆ័នពីសំណាក់សមាជិកអាស៊ានទាំងដប់ជាមុនសិន។ ជុំវិញបញ្ហានេះ រដ្ឋអាស៊ាន ភាគច្រើនរួមមាន កម្ពុជា ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី ធ្លាប់បានប្រកាសគោលជំហក្នុងការគាំទ្ររួចរាល់ទៅហើយ។ ក៏ប៉ុន្តែអ្វីគួរកត់សម្គាល់ និងជាបទពិសោធន៍ចាស់ក្នុងឆ្នាំ២០១១ សិង្ហបុរី ដែលជាស្ថាបនិករបស់អាស៊ាន និង ជារដ្ឋមួយ ដែលមានស្ថានភាពសេដ្ឋកិច្ចជឿនលឿននិង តែងតែយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ជាចម្បងនោះ បានជំទាស់ដាច់ខាតលើវត្តមានរបស់ទីម័រខាងកើតម្តងរួចទៅហើយ។ ក្នុងនោះ មេដឹកនាំសិង្ហបុរី បានលើកឡើងថា ទីម័រខាងកើតមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការ ឆ្លើយតបទៅនឹងគោលការណ៍ដែលអាស៊ាន កំពុងអនុវត្តនោះទេ។ ជាពិសេសនោះ ប្រទេសនេះ ស្ថិតនៅក្នុងស្ថានភាពទន់ខ្សោយ ដែលអាចប៉ះពាល់ដល់ស្ថិរភាព និង សន្តិសុខ នៅក្នុងតំបន់៕
© រក្សាសិទ្ធិដោយ thmeythmey.com