អន្តរជាតិ
មុនឆ្នាំ ២០៣០ ឥណ្ឌាអាចនឹងមានប្រជាជនច្រើនជាងចិន
× ប្រជាជននៅលើពិភពលោកនឹងមានចំនួន ១០ ពាន់លាននាក់នៅឆ្នាំ ២០៥០ នេះបើតាមការវិភាគរបស់វិទ្យាស្ថានបារាំងផ្នែកប្រជាសាស្ត្រដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ នៅរយៈពេល ២០ ឆ្នាំទៀត ឥណ្ឌានឹងក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់លើពិភពលោក។
ប្រទេសចិនដែលបច្ចុប្បន្នគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ ដោយមានប្រជាជន ១ ៤០០ លាននាក់ អាចនឹងត្រូវប្រទេសឥណ្ឌាយកតំណែងនេះ នៅមុនឆ្នាំ ២០៣០ ។ ដោយហេតុថា ពេលនេះ ឥណ្ឌាមានប្រជាជន ១ ៣០០ លាននាក់ ហើយប្រទេសនេះមានអត្រាបង្កកំណើតខ្ពស់ជាង គឺស្ត្រីម្នាក់មានកូនជាមធ្យម ២,៣ នាក់ ចំណែកចិនវិញ មានតែ ១,៧ នាក់ប៉ុណ្ណោះ។ បើតាមការសិក្សានោះ ប្រជាជននៅទូទាំងពិភពលោកនឹងកើនដល់ ១០ ពាន់លាននាក់នៅឆ្នាំ ២០៥០ ខណៈដែលនៅឆ្នាំ ២០១៥ នេះ មានត្រឹមតែ ៧ ៣០០ លាននាក់។
ចំនួនប្រជាជនបានកើនឡើង ៧ ដងក្នុងអំឡុងពេលពីរសតវត្សចុងក្រោយនេះ ហើយនឹងបន្តកើនឡើងរហូតដល់ ១១ ពាន់លាននាក់នៅចុងសតវត្សទី ២១ នេះបើតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថាននេះ។
ទោះជាយ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា សន្ទុះនៃកំណើនប្រជាជននៅលើសកលលោកបានថយចុះ។ បន្ទាប់ពីសន្ទុះកើនយ៉ាងខ្លាំងដែលមានជាង ២ % ក្នុងមួយឆ្នាំ កាលពី ៥០ ឆ្នាំមុន ពេលនេះសន្ទុះនេះបានធ្លាក់ចុះជិតពាក់កណ្តាល គឺមាន ១,២ % នៅឆ្នាំ ២០១។ តួលេខនេះអាចនឹងបន្តធ្លាក់ចុះថែមទៀតរហូតដល់ស្ទើរតែលែងមានកំណើនតែម្តងក្នុងរយៈពេលមួយសតវត្ស។ ការធ្លាក់ចុះនេះគឺដោយសារការថយចុះនៃការបង្កកំណើត។ បច្ចុប្បន្ន ស្ត្រីម្នាក់នៅលើពិភពលោកមានកូនជាមធ្យម ២,៥ នាក់ ចំណែកកាលពីឆ្នាំ ១៩៥០ មានរហូតដល់ ៥ នាក់។ ប៉ុន្តែ អត្រាបង្កកំណើតនេះមានភាពខុសគ្នាទៅតាមតំបន់ និងប្រទេសនៅទូទាំងសកលលោក។
អត្រាបង្កកំណើតទាបជាងគេបង្អស់គឺនៅ ប៉រទុយហ្កាល់ និងកូរ៉េខាងត្បូង ដោយស្ត្រីម្នាក់មានកូន ១,២ នាក់ ចំណែកអត្រាបង្កកំណើតខ្ពស់ជាងគេគឺនៅប្រទេស Niger ដែលស្ថិតនៅទ្វីបអាហ្រិ្វកខាងលិច ដោយស្ត្រីម្នាក់មានកូនរហូតដល់ ៧,៦ នាក់៕
Tag:
កំណើនប្រជាជន
ឥណ្ឌា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com