ជាតិ
តើ​មាន​ជាតិ​មុន និង​ជាតិ​ក្រោយ​ឬទេ?
15, Oct 2015 , 7:59 am        
រូបភាព
 
ជីវិត​អ្នក​ជាតិ​នេះ តើ​អ្នក​កើត​មកពីណា? ហើយ​ពេល​អ្នក​ស្លាប់ទៅ តើ​អ្នក​ទៅណា? ពេល​អ្នកស្លាប់​តើ​អ្នកនឹង​សូន្យឈឹង លែងកើត​ម្តងទៀត​ឬ? ឬក៏​អ្នកស្លាប់​ហើយ អ្នក​កើត​សាជាថ្មី? 
ចំណោទបញ្ហា​ដ៏​មហា​ស្មុគស្មាញ និង​ពិបាក​យល់​នេះ ត្រូវបាន​លាតត្រដាង​ឡើង​តាំងពី​ជាង ២៥០០ ឆ្នាំ​មកហើយ ដែល​បកស្រាយ​ដោយ​ព្រះសមណគោតម បរមគ្រូ​នៃ​យើង។ ប៉ុន្តែ​នៅតែមាន​មនុស្ស​មិនតិច​ទេ ដែល​នៅតែ​មិនទាន់​យល់​ឬក៏​យល់ច្រឡំ​ពី​រឿងនេះ គឺ​ពួកគេ​បានត្រឹមតែ​ឆ្ងល់​ក្នុង​ចិត្ត​ប៉ុណ្ណោះ។



បើ​អ្នក​យល់ថា មាន​ជាតិ​មុន នោះ​អ្នកនឹង​យល់ថា នឹងមាន​ជាតិ​ក្រោយ​បន្តទៀត។ ហេតុផល​គឺ ប្រសិនបើ​មាន​ជាតិ​មុន នោះ​ជាតិ​មុន​គឺជា​ដើមទង​នៃ​ជាតិ​បច្ចុប្បន្ន និង​ជាតិ​ខាងមុខ។ បើ​អ្នក​ទទួលស្គាល់ថា​មាន​ជាតិ​ក្រោយ នោះ​អ្នក​ក៏​ត្រូវតែ​ទទួលស្គាល់ថា ជាតិ​មុន​ពិតជា​មាន​មែន។ ហេតុផល​គឺ ប្រសិនបើ​មាន​ជាតិ​ខាងមុខ អីចឹង​ជាតិ​មុន​ក៏ត្រូវ​តែមាន​ដែរ។ ហេតុដូច្នេះ ខ្ញុំ​សូម​បកស្រាយ​តែ​បញ្ហា​ថា តើ​មាន​ជាតិ​ខាងមុខ​ឬ​មិនមាន? និយាយ​ឲ្យ​ស្រួល​ស្តាប់ តើ​អ្នកនឹង​ចាប់ជាតិ​សាជាថ្មី​ដែរឬទេ ក្រោយពី​អ្នកស្លាប់?
 
ជា​សត្យានុម័ត​នៃ​ធម្មជាតិ! ពេល​អ្នកស្លាប់ អ្នក​មិន​កើតជា​រូបអ្នក​សាជាថ្មី​ឡើងវិញ​នោះទេ! តែ​រូបអ្នក​ក៏​មិន​សូន្យឈឹង​ដែរ។ អ្នក​ដែល​យល់ថា ស្លាប់​ហើយ​កើតឡើង​វិញ គឺជា​ការយល់​ខុស ហើយ​អ្នក​ដែល​យល់ថា ស្លាប់​ហើយ​រលត់​សូន្យឈឹង​មិនកើត​ឡើងវិញ ក៏​ជា​ការយល់​ខុល​ដូចគ្នា។ បើ​គិតថា ស្លាប់​ហើយ​កើត​វិញ​ក៏​ខុស ស្លាប់​ហើយ​មិនកើត​វិញ​ក៏​ខុស ចុះ​ស្លាប់​ហើយ​ទៅណា?
 
ក្រឹត្យក្រម​នៃ​ដំណើរ​ជីវិត​សត្វលោក​ត្រង់នេះ ប្រៀបដូចជា​គ្រប់​ស្វាយ និង​ផ្លែស្វាយ​ដូច្នេះ​ដែរ។ ពេល​អ្នកយក​គ្រាប់ស្វាយ​ទៅ​ដាំ ដោយ​ការ​ស្រោច​ទឹក​ថែទាំ អស់កាល​ជាច្រើន​ឆ្នាំ គ្រប់​ស្វាយ​នោះ នឹង​ក្លាយ​ជាដើម​ស្វាយ​ដ៏​ធំ​មួយ ហើយ​ក្រោយមក​ក៏បាន​ផលិត​នូវ​ផ្លែ​ជាច្រើន។ ទម្រាំ​តែ​ក្លាយ​ជាដើម​ស្វាយ​ដ៏​ធំ និង​មាន​ផ្លែ​ពាសពេញ​មែក គ្រាប់ស្វាយ​ដែលជា​ពូជ​នោះបាន​រលាយ​ក្នុង​ធរណី​បាត់ទៅហើយ។ តើ​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ដី​នោះ​ទៅណា? បន្ទាប់ពី​រលាយ​ក្នុង​ធរណី​ហើយ ផ្លែស្វាយ​ថ្មី​ដែល​ចេញពី​ដើម គឺជា​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ធរណី​នោះ​មែន​ទេ? 
 
ការពិត! ផ្លែស្វាយ​ថ្មី​ដែល​ចេញពី​ដើម​នោះ មិនមែនជា​គ្រប់​ស្វាយ​ដែល​កប់​ក្នុង​ដី​នោះទេ តែ​ផ្លែស្វាយ​ថ្វី​នោះ ក៏​មិនមែន​ដុះ​ចេញពី​គ្រាប់ស្វាយ​ដទៃ ក្រៅពី​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ដី​នោះដែរ។ ផ្លែស្វាយ​ថ្មី​នោះ មិនមែនជា​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ដី​នោះទេ តែ​គ្រប់​ស្វាយ​ដែល​កប់​ក្នុង​ដី​នោះ គឺជា​ធាតុ ឬ​ជាហេតុ ដែល​នាំ​ឲ្យ​កើត​ផ្លែស្វាយ​ថ្វី​នោះ។ 
 
ការប្រៀបធៀប​យ៉ា​យ​ណា សេចក្តី​ពិត​នៃ​ធម្មជាតិ​ក៏​យ៉ាង​នោះដែរ! ជីវិត​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ មិន​កើតជា​រូបអ្នក​សាជាថ្មី​ឡើងវិញ​នោះទេ តែ​ជីវិត​ដែល​កើត​ថ្មី​ពី​ការស្លាប់​របស់​អ្នកនោះ ក៏​មិនមែនជា​អ្នកផ្សេង ក្រៅពី​ជីវិត​អ្នក​ដែល​បាន​ស្លាប់​នោះដែរ។ ជីវិត​ដែល​កើត​ថ្មី​នោះ គឺជា​ផល​នៃ​កម្ម​ជីវិត​ចាស់​របស់​អ្នក ដែល​បាន​តាក់តែង​អ្នក​ឲ្យ​មានកំណើត​ថ្មី។
ត្រង់​ការពន្យល់​នេះ គួរ​យល់​ពី​ព្រះ​ពុទ្ធោវាទ ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ថា៖
នេះ​មាន នោះ​មាន
នេះ​គ្មាន នោះ​គ្មាន
នេះ​រលត់ នោះ​រលត់
អតីតជាតិ គឺជា​ពន្លក ដែល​នាំ​ឲ្យ​មាន​បច្ចុប្បន្ន​ជាតិ។ បច្ចុប្បន្ន​ជាតិ គឺជា​បច្ច័យ ដែល​នាំ​ឲ្យ​មាន​អនាគតជាតិ។ អនាគតជាតិ គឺជា​កំណើត ដែល​នាំ​ឲ្យ​មាន​អតីតជាតិ។ ទោះបីជា​យ៉ាងណាក៏ដោយ ចូរ​អ្នក​កុំ​ព្រួយ​ឡើយ ប្រសិនបើ​អ្នក​នៅតែ​មិនទាន់​យល់ច្បាស់​ថា ជាតិ​ក្រោយ​មាន​ឬ​មិនមាន ហើយ​មិនដឹងថា អ្នកនឹង​កើតជា​អ្វី ហើយ​កើត​នៅ​ស្ថានសួគ៌​ឬ​ស្ថាន​នរក។ អ្នក​គ្រាន់តែ​ប្រកាន់​ភ្ជាប់​ក្នុង​ចិត្ត​ថា៖ «បច្ចុប្បន្ន​ភ្លឺ ទៅ​អនាគត ក៏​ភ្លឺ​ដែរ»៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com