អន្តរជាតិ
៥ យ៉ាង​ដែល​អ្នក​ត្រូវ​បង្រៀន​កូន​បង្ការ​ការ​វង្វេង​បាត់
15, Oct 2015 , 7:25 pm        
រូបភាព
ដោយ: ធីតា
 
 
ការគ្រប់គ្រង​ក្មេង​មិនមែនជា​រឿង​ងាយស្រួល​ទេ ជាពិសេស​នៅពេលដែល​អ្នក​នាំ​កូន​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន។ អ្នក​គួរតែ​ប្រាប់​កូន​ឲ្យ​ដឹងថា កូន​អាច​នឹង​វង្វេង​បាត់ បើ​គេ​ចេញ​ឆ្ងាយ​ពី​រូបអ្នក។ អ្នក​អាចយ​ករឿង​ហេតុដែល​ធ្លាប់​កើតឡើង​ក្នុងសង្គម​អំពី​ករណី​វង្វេង​បាត់​កូន​នេះ​មក​ប្រាប់​គេ​ឲ្យ​បានដឹង។ វា​មិនមែន​ជាការ​បំភ័យ​ទេ តែ​វា​ជាការ​បញ្ជៀប​ព័ត៌មាន។ អ្នក​ត្រូវ​បង្រៀន​កូន​ឲ្យ​ត្រៀមខ្លួន​ជាស្រេច​ប្រឈមមុខ​នឹង​បញ្ហា​នេះ ដែល​អាច​នឹង​កើតឡើង​ចំពោះ​រូបគេ​នៅ​ថ្ងៃ​ណាមួយ។ ខាងក្រោម​នេះ​ជា​ចំណុចសំខាន់ៗដែល​អ្នក​គួរតែ​បង្រៀន​កូន៖

1. ស្គាល់ឈ្មោះ​ឪពុកម្តាយ និង​លេខ​ទូរស័ព្ទ
កូនក្មេង​ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំទៅ គឺអាច​ស្គាល់ឈ្មោះ​ឪពុកម្តាយ​របស់គេ​បាន​ស្ទាត់។ អ្នក​ត្រូវ​បង្ហាត់​ឲ្យ​គេ​និយាយ​ឈ្មោះ​អ្នក​ឲ្យ​ញឹកញាប់ រហូតដល់​កូន​ចងចាំ។ ទន្ទឹមនឹងនោះ អ្នក​ត្រូវ​ឲ្យ​កូន​ស្គាល់​លេខ​ទូរស័ព្ទ​របស់​អ្នក ដោយ​ការ​តែង​ជា​ចម្រៀង​ដើម្បី​ឲ្យ​ក្មេង​ងាយ​ចងចាំ​លេខ​ទូរស័ព្ទ​នោះ។
 
2. មិនត្រូវ​ឃ្លាតឆ្ងាយ​ពី​ក្រសែភ្នែក​របស់​អ្នក​ឡើយ
បើ​ចៀស​មិន​ផុតពី​ការ​ត្រូវ​ព្រលែង​ដៃ​កូន​នោះ អ្នក​អាច​ឲ្យ​គេ​លែងដៃ​អ្នក​បាន តើ​មិនត្រូវ​បណ្តោយ​ឲ្យ​គេ​ឃ្លាតឆ្ងាយ​ពី​ក្រសែភ្នែក​ឡើយ។
 
3. បើ​កូន​វង្វេង ត្រូវ​នៅ​ឲ្យ​ស្ងៀម​មួយកន្លែង ហើយ​ស្រែកខ្លាំងៗ
ជាធម្មតា កូនក្មេង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ស្រែកខ្លាំងៗទេ ប៉ុន្តែ​នេះ​ជា​ករណី​លើកលែង។ អ្នក​ត្រូវ​ប្រាប់​កូន​ឲ្យ​ស្រែកហៅ​ឈ្មោះអ្នកខ្លាំងៗឲ្យ​ច្រើនដង។ ការ​ស្រែកហៅ​របស់​កូន​អាច​ប្រាប់​អ្នក​ឲ្យ​ដឹងថា កូន​ស្ថិតនៅ​កន្លែង​ណា។
 
4. ស្វែងរក​ស្ត្រី​ជា​ម្តាយ​ផ្សេងទៀត ដើម្បី​សុំ​ជំនួយ
ត្រង់​នេះហើយ ទើប​អ្នក​ចាំបាច់​ត្រូវតែ​ឲ្យ​កូន​ស្គាល់ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​អ្នក នៅពេលដែល​គេ​ស្វែងរក​ជំនួយ​ពី​អ្នកដទៃ។ អ្នក​គួរតែ​ប្រាប់​កូន​ឲ្យ​រក​ជំនួយ​ពី​ស្ត្រី​ជា​ម្តាយ​ដូចគ្នា ដែល​អាច​សម្គាល់​បាន​ត្រង់​ស្ត្រី​នោះ​មានកូន​ក្មេង​នៅ​ជាមួយ។ ហេតុ​អី្វ​បានជា​ត្រូវ​រក​ស្ត្រី​ជា​ម្តាយ​ដូចគ្នា ព្រោះ​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត។ ប៉ុន្តែ បើ​កូន​ស្ថិតនៅក្នុង​ហាង​លក់ទំនិញ កូន​អាច​ទៅសុំ​ជំនួយ​ពី​បេឡាករ​បាន។
 
5. មិនត្រូវ​លាក់ខ្លួន ដោយសារតែ​ភ័យ​ទេ
អ្នក​ត្រូវ​ប្រាប់​កូន​ថា កូន​នឹង​រកឃើញ​អ្នក​វិញ ដើម្បី​កុំ​ឲ្យ​កូន​តក់ស្លុត។ ប្រាប់​កូន​ថា បើ​កូន​វង្វេង កូន​មិនត្រូវ​លាក់ខ្លួន ដោយសារតែ​ការ​ភ័យ​ទេ។ មិនត្រូវ​ចាកចេញ​ពី​កន្លែង ហើយ​ដើររក​អ្នក​ដោយ​គ្មាន​គោលដៅ​ឡើយ។ 
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com