សង្គមអន្តរជាតិ​
អន្តរជាតិ
១០ប្រទេស​ដែល​ផ្តល់ប្រាក់​បៀវត្ស​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក
15, Oct 2015 , 4:19 pm        
រូបភាព
ដោយ: ធីតា
 
 
តើ​អ្នក​ធ្លាប់​ងឿងឆ្ងល់​ដែរឬទេ​ថា តើ​ប្រទេស​ណាខ្លះ​ក្នុង​ពិភពលោក​ដែល​ឲ្យ​ប្រាក់ខែ​បុគ្គលិក​ខ្ពស់​ជាងគេ ? មាន ១០ ប្រទេស​ដែល​ប្រជាជន​រីករាយ​នឹង​បៀវត្ស​របស់ខ្លួន ហើយ​ចំណាត់ថ្នាក់​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​ការសិក្សា​របស់​អង្គការ​សហប្រតិបត្តិកា​រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ចំពោះ​បុគ្គលិក​នៅ​លីវ​ដែល​ពុំមាន​ប្រពន្ធ​កូន។

 
1. សហរដ្ឋអាមេរិក
ពលរដ្ឋ​អាមេរិក​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន​ប្រមាណ ៤១ ៣៥៥ ដុល្លារ​បន្ទាប់ពី​ដក​ពន្ធអាករ​ចំនួន ៣១,៦ %  ។ ប៉ុន្តែ មនុស្ស​ជាច្រើន​ក្នុងប្រទេស​នេះ​ពុំមាន​ធានារ៉ាប់រង​សុខភាព​ទេ។ ប្រទេស​នេះ​សិ្ថ​ត​ក្នុង​លំដាប់​ទីមួយ​នៃ​ប្រទេស​ដែល​ចំណាយ​ច្រើន​ទៅលើ​ការថែទាំ​សុខភាព ប៉ុន្តែ​ស្ថិតនៅ​លំដាប់ថ្នាក់​ក្រោយ​គេ​សម្រាប់​សេវា​ធានារ៉ាប់រង​សង្គម។
 
2. លុច​សំបួរ
លុច​ហ្ស​ង់​បួរ​គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៃ​អឺរ៉ុប។ ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​គិត​ជា​មធ្យម​បន្ទាប់ពី​ដកព​ន្ធ ៣៧,៧% រួច​គឺ ៣៨ ៩៥១ ដុល្លារ​អាមេរិក។
 
3. ន័​រវេ​ស
នរ​វេស​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសផ្សេងៗទៀត ដែល​សម្បូណ៌​ធនធានធម្មជាតិ​ជាងគេ​ក្នុង​ពិភពលោក។ ពលរដ្ឋ​នរ​វេស​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន ៣៣ ៤៩២ ដុល្លារ​បន្ទាប់ពី​ដកព​ន្ធ​ជាង ៣៧% រួច ហើយ​ពួកគេ​ធ្វើការ​ត្រឹមតែ ៣៣,៤ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍។
 
4. ស្វី​ស
ប្រទេស​នេះ​ល្បីល្បាញ​នៅក្នុង​ការផលិត​ផលិតផល​ថែទាំ​សុខភាព ឱសថ និង​ផលិតផល​គីមីផ្សេង។ បៀវត្សរ៍​ប្រចាំឆ្នាំ​ក្នុងប្រទេស​នេះ​គឺ ៣៣ ៤៩១ ដុល្លារ ហើយ​ពលរដ្ឋ​ធ្វើការ​ប្រមាណ ៣៥ ម៉ោង​ក្នុង​មួយ​សប្តាហ៍។
 
5. អូស្ត្រាលី
អូស្ត្រាលី​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត ដែលមាន​សេដ្ឋកិច្ច​រឹងមាំ​ជាងគេ​ក្នុង​ពិភពលោក។ ប្រទេស​នេះ​ជា​អ្នក​នាំចេញ​ដ៏​ធំ​មួយ​នៃ​ចំណីអាហារ ប្រេងកាត និង​រ៉ែ ហើយ​នាំចូល​ទំនិញ​តិចតួច​ប៉ុណ្ណោះ។ ប្រទេស​នេះ​ដកព​ន្ធ ២៧,៧% នៃ​ប្រាក់ចំណូល​សម្រាប់​សេវា​សុខភាព និង​ការសិក្សា។ បន្ទាប់ពី​ដកព​ន្ធ​រួច ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​គឺ ៣១ ៥៨៨ ដុល្លារ។ ពលរដ្ឋ​អូស្ត្រាលី​ធ្វើការ ៣៦ ម៉ោង​ក្នុង​មួយ​សប្តាហ៍។
 
6. អាល្លឺម៉ង់
អាល្លឺម៉ង់​គឺជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អឺរ៉ុប។ ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ខាង​ដក​ពន្ធ​ច្រើនជាងគេ​លើ​ចំណូល​របស់​ពលរដ្ឋ​ខ្លួន ដោយ​ទាមទារ​ដក ៤៩,៨% ។ ពោលគឺ​ជិត​ពាក់កណ្តាល​ទៅហើយ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ប្រាក់ចំណូល​ប្រចាំឆ្នាំ​បន្ទាប់ពី​ដកព​ន្ធ​រួច​គឺ ៣១ ២៥២ ដុល្លារ។
 
7. អូទ្រីស
ប្រទេស​នេះ​ដកព​ន្ធ ៤៩,៤% ដោយ​រួមបញ្ចូល​ទាំង​ពន្ធ​លើ​បៀវត្សរ៍ និង​បដិភាគ​សម្រាប់​សេវា​សន្តិសុខ​សង្គម។ បើទោះជា​យ៉ាងនេះ​ក៏ដោយ ពលរដ្ឋ​ទទួលបាន​បៀវត្សរ៍​ជា​មធ្យម​ប្រចាំឆ្នាំ​គឺ ៣១ ១៧៣ ដុល្លារ។ គួរ​បញ្ជាក់ថា ពន្ធ ៤៩,៤% នេះ​គ្របដណ្តប់​លើ​ការថែទាំ​សុខភាព​ជាស​កល និង​ការសិក្សា​ជាន់ខ្ពស់​ផងដែរ។
 
8. កាណាដា
បៀវត្សរ៍​ប្រចាំឆ្នាំ​ជា​មធ្យម​នៃ​ពលរដ្ឋ​កាណាដា​គឺ ២៩ ៣៦៥ ដុល្លារ បន្ទាប់ពី​ដកព​ន្ធ ៣១% ។ ពន្ធ ៣១% នេះ​គឺ​សម្រាប់​ចំណាយ​ទៅលើ​ការថែទាំ​សុខភាព​សកល និង​ការសិក្សា​សាធារណៈ។ ចំនួន​ម៉ោង​ធ្វើការ​ជា​មធ្យម​ប្រចាំ​សប្តាហ៍​គឺ ៣៦ ម៉ោង។
 
9. ស៊ុយអែត
ប្រទេស​នេះ​ដកព​ន្ធ ៤២,៤% លើ​ប្រាក់ចំណូល ដើម្បី​ចំណាយ​ទៅលើ​សេវា​ថែទាំ​សុខភាព​សកល និង​ការសិក្សា​ជាន់ខ្ពស់​សម្រាប់​ពលរដ្ឋ​ខ្លួន។ បន្ទាប់ពី​ដកព​ន្ធ​រួច ពលរដ្ឋ​ស៊ុយ​អ៊ែដ​មាន​ចំណូល​ប្រចាំឆ្នាំ​គឺ ២៩ ១៨៥ ដុល្លារ។
 
10. បារាំង
ប្រទេស​នេះ​យកពន្ធ ៤៩,៤% លើ​ប្រាក់ចំណូល។ ពលរដ្ឋ​បារាំង​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​គឺ ២៨ ៧៩៩ ដុល្លារ​បន្ទាប់ពី​ដកព​ន្ធ​រួច។ ចំនួន​ម៉ោង​ធ្វើការ​ប្រចាំ​សប្តាហ៍​គឺ ៣៥ ម៉ោង៕
 

Tag:
 បៀវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com