អន្តរជាតិ
នយោបាយអន្តរជាតិ
មហាយក្សឥណ្ឌាត្រៀមទិញមីស៊ីល S-400 ពីរុស្ស៊ីដើម្បីពង្រឹងអំណាចយោធា
× មហាយក្សអាស៊ីខាងត្បូួងឥណ្ឌាត្រៀមចរចាទិញប្រព័ន្ធការពារដែនអាកាសជំនាន់ថ្មី S-400 ពីរុស្ស៊ីនៅពេលឆាប់ៗខាងមុខនេះ។ ក្រសួងការពារជាតិឥណ្ឌានឹងចាប់ផ្តើមបើកកិច្ចប្រជុំជជែកពិភាក្សាជុំវិញគម្រោងនាំចូលសព្វាវុធទំនើបនេះពីរុស្ស៊ី ហើយបើតាមក្រសួងការពារជាតិឥណ្ឌា សំណើររបស់ខ្លួនគឺទិញអាវុធនេះចំនួន១២គ្រឿងឯណោះ។
ក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់ថាខ្លួនកំពុងរៀបចំគម្រោងនាំចូលសព្វាវុធការពារដែនអាកាសស៊េរីទំនើបរបស់រុស្ស៊ី S-400 ចំនួន១២គ្រឿង។ គម្រោងទិញអាវុធយុទ្ធភ័ណ្ឌនេះនឹងត្រូវគេយកមកជជែកដេញដោលគ្នានៅពេលខាងមុខដោយមានការចូលរួមពីបណ្តាមេបញ្ជាការយោធានិងរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Manohar Parrikar ថែមទៀតផង។
យោងតាមប្រភពក្រសួងការពារជាតិឥណ្ឌា កិច្ចសន្យាទិញសព្វាវុធនេះនឹងត្រូវធ្វើឡើងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅពេលមានការជជែកនិងចរចាគ្នាចប់សព្វគ្រប់ហើយនោះ។ គម្រោងជាបឋមរបស់រដ្ឋាភិបាលក្រុងញូឌែលី គឺនាំចូលប្រព័ន្ធការពារដែនអាកាសស៊េរីថ្មីនិងទំនើបនេះចំនួន១២ដើមឯណោះ។ បើតាមមន្ត្រីជំនាញរបស់រុស្ស៊ី សព្វាវុធការពារដែនអាកាស S-400 នេះ ត្រូវបានគេបង្កើតឡើងដោយមានបំពាក់ដោយបច្ចេកវិទ្យាទំនើប អាចបាញ់កម្ទេចរាល់គោលដៅស្ថិតក្នុងរយៈចម្ងាយឆ្ងាយឬជិតបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីអាចប្រើប្រាស់បានជាអាវុធប្រឆាំងយន្តហោះចម្បាំង វាក៏អាចត្រូវគេប្រើប្រាស់សម្រាប់ចាប់សញ្ញារាល់វត្ថុដែលហោះហើរ និងអាចបាញ់មីស៊ីលបីប្រភេទផ្សេងគ្នាផង។
ពាក់ព័ន្ធគម្រោងនាំចូលសព្វាវុធនេះ ឥណ្ឌាប្រហែលកំពុងប្រឹងប្រែងកសាងសមត្ថភាពនិងអំណាចយោធារបស់ខ្លួនឲ្យខ្លាំងក្លា ឲ្យសមជាមហាយក្សមួយនៅអាស៊ីខាងត្បូង និងបន្តក្លាយជាមហាអំំណាចពិភពលោកផងដែរ។ក្រៅពីទិញមីស៊ីល ឥណ្ឌាកាលពីថ្មីៗនេះក៏ធ្លាប់ចរចាទិញយន្តហោះចម្បាំងពីបារាំងជាច្រើនគ្រឿងផងដែរ។
បើនិយាយពីទំនាក់ទំនងរវាងឥណ្ឌានិងរុស្ស៊ី គេអាចនិយាយបានថាមានភាពស្និទ្ធស្នាលខ្លាំងតាំងពីសម័យសង្គ្រាមត្រជាក់ម្ល៉េះ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធាតែម្តង។ ថ្វីត្បិតថាឥណ្ឌាប្រកាន់ខ្ជាប់គោលការណ៍មិនចូលបក្សសម្ព័ន្ធក្តី ឥណ្ឌាតែងចរចាទិញាអាវុធយុទ្ធភ័ណ្ឌពីសហភាពសូវៀត និងរុស្ស៊ីជាបន្តបន្ទាប់។ គ្រាន់តែក្នុងឆ្នាំ២០១៤ ឥណ្ឌាបានបញ្ជាទិញ សព្វាវុធនិងបច្ចេកវិទ្យាយោធាស្ថិតក្នុងទំហំទឹកប្រាក់៤.៧ ពាន់លានដុល្លារឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com