អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រី ប៉ាក ចង់ប្តូរសៀវភៅប្រវត្តិសាស្ត្រកែកេរ្តិ៍ឈ្មោះឪពុកដែលជាមេដឹកនាំផ្តាច់ការ
×
កាលពីដើមសប្តាហ៍កន្លងមក ប្រធានាធិបតី ប៉ាក ហ្គឺនហេ (Pak Geun Hye)បានចេញបទបញ្ជាថ្មីមួយដើម្បីផ្លាស់ប្តូរសៀវភៅប្រវត្តិសាស្ត្រសម្រាប់សិស្សដែលសិក្សានៅកម្រិតអនុវិទ្យាល័យ។ ប៉ុន្តែ បំណងដាក់សៀវភៅប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រព័ន្ធសិក្សាបានក្លាយជារឿងចម្រូងចម្រាស ព្រោះប្រជាជនកូរ៉េ គ្រូបង្រៀននិងអ្នកស្រាវជ្រាវនាំគ្នាបាតុកម្មប្រឆាំង ។ ពួកគេជឿថា លោកស្រី ប៉ាក ហ្គឺនហេ ចង់កែលម្អរឈ្មោះឪពុកលោកស្រីដែលត្រូវគេចាត់ទុកជាមេដឹកនាំផ្តាច់ការនោះ។
ប្រជាជនប្រហែល៥ម៉ឺននាក់បាននាំគ្នាចុះហត្ថលេខាលើញ្ញត្តិប្រឆាំងនឹងបទបញ្ជារបស់លោកស្រី ប្រធានាធិបតី ប៉ាក ហ្គឺនហេ ដែលត្រូវបានដាក់ចេញតាំងពីថ្ងៃចន្ទ ដោយគ្រោងផ្លាស់ប្តូរសៀវភៅប្រវត្តិសាស្ត្រដែលកំពុងប្រើប្រាស់បច្ចុប្បន្នក្នុងកម្មវិធីសិក្សាកូរ៉េខាងត្បូង។ បទបញ្ជារបស់ប្រធានាធិបតីនោះតម្រូវឲ្យសិស្សអនុវិទ្យាល័យប្រើប្រាស់សៀវភៅប្រវត្តិសាស្ត្រថ្មីដែលចងក្រងនិងបោះពុម្ភផ្សាយដោយរដ្ឋាភិបាលវិញ។
អ្នករិះគន់ និងអ្នកប្រឆាំងការប្តូរសៀវភៅនេះបានអះអាងថា ការឈានទៅប្តូរសៀវភៅប្រវត្តិសាស្ត្រនោះជារឿងមិនសមហេតុផល និងជារឿងនយោបាយច្រើនជាង។ ក្នុងចំណោមអ្នកតវ៉ា មានដូចជាគ្រូបង្រៀន អ្នកស្រាវជ្រាវ និងប្រជាជនសាមញ្ញផង ហើយនៅថ្ងៃពុធនេះគេឃើញមានសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងសិស្សសាកលវិទ្យាល័យកូរ៉េជាច្រើននាក់ផងដែរនាំគ្នាលើកបដា បង្ហាញការជំទាស់បទបញ្ជាប្រមុខរដ្ឋ។ ពួកគេបានលើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាលដឹកនាំដោយលោកស្រី ប៉ាក ហ្គឺនហេ ប្រហែលជាមានមហិច្ឆតាកែលម្អរប្រវត្តិសាស្ត្រដែលចែងពីឳពុកលោកស្រីដែលជាមេដឹកនាំកាន់តំណែងយូរជាងគេក្នុងប្រវត្តិសាស្ត្រឲ្យបានប្រសើរជាងមុនប៉ុណ្ណោះ។
តែទោះមានការទិតៀននិងចោទប្រកាន់ក៏ដោយ លោកស្រី ប៉ាក ហ្គឺនហេ បានចេញមុខបកស្រាយថាសៀវភៅប្រវត្តិសាស្ត្រដែលសិស្សកំពុងសិក្សាបច្ចុប្បន្នមានភាពលម្អៀងហើយធ្វើឲ្យមានការបែកខ្ញែកគ្នារវាងប្រជាជននិងសិស្សជុំវិញបញ្ហានយោបាយនិងជម្លោះមនោគមន៍វិជ្ជា។ អ្នកគាំទ្រលោកស្រី ដែលគាំទ្រនិន្នាការអភិរក្សនិយមនោះ បានសង្កត់ធ្ងន់ថា សៀវភៅប្រវត្តិសាស្ត្របច្ចុប្បន្នលម្អៀងបន្តិច រិះគន់តែរបបដឹកនាំកូរ៉េខាងត្បូងកាលពីសម័យមុន តែមិនសូវរិះគន់របបដឹកនាំផ្តាច់ការរបស់ក្រុងព្យុងយ៉ាងឡើយ។
ចំណែករដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង Hwang Woo-yea បានព្យាយាមការពារគោលបំណងប្តូរសៀវភៅប្រវត្តិសាស្ត្រនេះដែរ។ បើតាមសម្រង់សម្តីរដ្ឋមន្ត្រីរូបនេះក្នុងសារព័ត៌មាន Al Jazeera សៀវភៅពុម្ពប្រវត្តិសាស្ត្រថ្មីគួរតែបង្រៀនសិស្សឲ្យដឹងពីប្រវត្តិសាស្ត្រដ៏គួរឲ្យកោតសរសើររបស់កូរ៉េខាងត្បូង ដ្បិតកូរ៉េខាងត្បូងមានលទ្ធភាពសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យនិងឧស្សាហូបនីយកម្មបានយ៉ាងរហ័សជាងគេក្នុងប្រវតិ្តសាស្ត្រពិភពលោក។
សៀវភៅថ្មីនឹងត្រូវចងក្រងដោយសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងអ្នកជំនាញជាច្រើននាក់ដែលត្រូវចាត់តាំងដោយរដ្ឋាភិបាលបច្ចុប្បន្ន ហើយកាលបរិច្ឆេទនៃការចេញផ្សាយសៀវភៅនេះដំបូង នៅឆ្នាំ ២០១៧ខាងមុខ។ ហើយនៅថ្ងៃពុធនេះដែរ សមាជិកសភាកូរ៉េបានបើកកិច្ចប្រជុំជជែកដេញដោលគ្នាជុំវិញការចាត់តាំងក្រុមជំនាញចងក្រងសៀវភៅប្រវត្តិសាស្ត្រថ្មីនេះដែរ។
ត្រលប់មកវិញ អាចនិយាយថា បំណងរបស់ប្រធានាធិបតីកូរ៉េបច្ចុប្បន្ន គឺចង់កែខៃរឿងរ៉ាវដែលចារិកក្នុងសៀវភៅប្រវត្តិសាស្ត្រ ជុំវិញរបបដឹកនាំឳពុកលោកស្រីលោក Park Chung-heeធ្វើឡើងជាប្រធានាធិបតីដោយលោកបានធ្វើរដ្ឋប្រហារយោធាមួយដើម្បីដណ្តើមអំណាច។ ក្នុងសៀវភៅប្រវត្តិសាស្ត្រលោក Park Chung-heeត្រូវបានគេចាត់ទុកជាមេដឹកនាំផ្តាច់ការសម័យនោះ និងរំលោភសិទ្ធិសេរីភាពដោយធ្វើទុក្ខបុកម្នេញប្រជាជននិងអ្នកនយោបាយដែលប្រឆាំងលោកផង។ លោកបានឡើងកាន់តំណែងក្នុងឆ្នាំ ១៩៦១ តែនៅក្នុងឆ្នាំ ១៩៧៩ លោកត្រូវបានគេធ្វើឃាតតែម្តង។ ប៉ុន្តែទោះជារបបដឹកនាំរបស់លោកមានភាពផ្តាច់ការក៏ដោយ ប្រជាជនកូរ៉េខាងត្បូងក៏នៅចាំច្បាស់ពីសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់លោកក្នុងការដឹកនាំប្រទេសកូរ៉េខាងត្បូងដែលក្រីក្របំផុតក្រោយសង្គ្រាមឲ្យមកជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់លេខ១១លើលោក និងរីកចម្រើនជាងគេមួយផងដែរនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com