អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិក៖ បក្សប្រជាធិបតេយ្យខំប្រឹងរក្សាតំណែងប្រធានាធិបតីឲ្យបានបីអាណត្តិជាប់គ្នា
× ក្នុងកម្មវិធីជជែកដេញដោលគ្នាក្នុងបក្សប្រជាធិបតេយ្យចាប់ផ្តើមលើកដំបូងម្សិលមិញនេះ។ គេឃើញមានការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាញរវាងបេក្ខជនដែលមានប្រជាប្រិយភាព ៥ រូប ហើយបេក្ខជនបក្សនេះបន្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីយកប្រៀបលើបក្សសាធារណរដ្ឋនិងត្រួសត្រាយផ្លូវសម្រាប់បក្សខ្លួនកាន់កាប់កៅអីប្រធានាធិបតីបីអាណត្តិជាប់គ្នា។
ការជជែកដេញដោលក្នុងបក្សប្រជាធិបតេយ្យដើម្បីឈានទៅជ្រើសរើសបេក្ខជនដែលមានសមត្ថភាពសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី បានចាប់ផ្តើមម្សិលមិញ។ ការជជែកដេញដោលគ្នានេះទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រខ្លាំងថែមទៀតផង។
បើតាមការជជែកដេញដោលគ្នានេះដែរ ប្រធានបទជាច្រើនដែលបេក្ខជនទាំងប្រាំរូបយកមកជជែកពិភាក្សាគ្នាចំពោះមុខអ្នកគាំទ្រនោះមានដូចជាគោលនយោបាយអាមេរិកនៅមជ្ឈិមបូព៌ា គោលនយោបាយសេដ្ឋកិច្ច ការគ្រប់គ្រងអាវុធ បញ្ហាប្រែប្រួលអាកាសធាតុជាដើម។ តែគោលនយោបាយរួមរបស់បក្សប្រជាធិបតេយ្យនេះគឺគ្មានអ្វីក្រៅពីប្រយុទ្ធប្រឆាំងវិសមភាពក្នុងសង្គម និងការជួយលើកកម្ពស់ជីវភាពប្រជាជនវណ្ណៈទាបនិងកណ្តាលឡើយ។
ជុំវិញការជជែកដេញដោលគ្នានេះដែរ គេសង្កេតឃើញថា បេក្ខជនទាំងអស់នៃបក្សប្រជាធិបតេយ្យសុទ្ធប្រឹងប្រែងខ្លាំង និងសុទ្ធតែមានមហិច្ឆតារៀងៗខ្លួនចង់ឲ្យបក្សប្រជាធិបតេយ្យនៅបន្តកាន់កាប់ស្ថាប័ននីតិប្រតិបត្តិសម្រាប់អាណត្តិក្រោយនេះទៀត។ ជាជំហានដំបូង គេមិនទាន់អាចវាយតម្លៃបាននៅឡើយទេថា បក្សប្រជាធិតេយ្យអាចមានប្រៀបលើបេក្ខជនបក្សសាធារណរដ្ឋកម្រិតណានោះ។
ដោយឡែក ក្នុងចំណោមបេក្ខជនទាំងប្រាំរូប មានតែសមាជិកសភាលោក Bernie Sanders និងលោកស្រី ហ៊ីឡារី គ្លីនតុន (Hilary Clinton) ប៉ុណ្ណោះ ដែលក្លាយជាបេក្ខជនដែលមានប្រជាប្រិយភាពនាំមុខគេក្នុងបក្សផង និងមានសង្ឃឹមច្រើនក្នុងការប្រកួតយកតំណែងប្រធានាធិបតី។
លោក Bernie Sanders ដែលជាសមាជិកព្រឹទ្ធសភា ទោះបីជាវ័យចាស់បន្តិចមែន តែលោកអាចសម្តែងនិងឆ្លើយសំនួរបានល្អនៅពេលជជែកដេញដោលគ្នាលើឆាក។ ចំណុចសំខាន់មួយដែលលោកបានលើកឡើងនិងបកស្រាយបានល្អនោះគឺពាក់ព័ន្ធការគ្រប់គ្រងអាវុធ។ ខណៈដែលដៃគូប្រជែងលោក លោកស្រី ហ៊ីឡារីគ្លីនតុន ជំរុញឲ្យរឹតត្បិតឲ្យតឹងរ៉ឹងចំពោះការប្រើប្រាស់អាវុធ លោកបានអះអាងថា ការគ្រប់គ្រងគ្រោះថ្នាក់បណ្តាលមកពីការកាន់កាប់អាវុធនេះអាចដោះស្រាយបានដោយជំរុញឲ្យមានសេវាត្រួតពិនិត្យសតិអារម្មណ៍ និងស្មារតីអ្នកកាន់អាវុធឲ្យបានត្រឹមត្រូវមុនពេលអនុញ្ញាតឲ្យពួកគេទិញអាវុធ។ ហើយលោកជំរុញឲ្យមានការលុបបំបាត់ចំណុចខ្វះចន្លោះជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធការត្រួតពិនិត្យប្រវត្តិរួបអ្នកកាន់អាវុធ។
ចំណែកលោកស្រី ហ៊ីឡារី គ្លីនតុនឯណោះវិញក៏មិនធម្មតាដែរ។ លោកស្រីជជែកដេញដោលលើវេទិការប្រកបដោយទំនុកចិត្ត និងលើកឡើងពីចំនុចដែលឆ្លើយតបនឹងតម្រូវការប្រជាជនអាមេរិកជាពិសេសការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងនយោបាយការបរទេស។ បទពិសោធន៍ជាសមាជិកសភានិង ជារដ្ឋមន្ត្រីការបរទេស បូកផ្សំជាមួយទេពកោសល្យផ្នែកនយោបាយផងនោះ បានធ្វើឲ្យលោកស្រីក្លាយជាបេក្ខជនម្នាក់ដែលលេចធ្លោរខ្លាំងម្នាក់ទៀតក្នុងបក្សរបស់លោកស្រី។
ប៉ុន្តែទោះជាយ៉ាងនេះក្តី បញ្ហាប្រើប្រាស់អ៊ីម៉ែល ការវាយប្រហារស្ថានទូតអាមេរិកប្រចាំទីក្រុងបេនកាស៊ី ប្រទេសលីប៊ី ដែលបានសម្លាប់ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់ ក៏ដូចជាតួនាទីរបស់លោកស្រីក្នុងរដ្ឋបាលលោកអូបាម៉ាក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេស សុទ្ធតែជាចំណុចរសើបដែលបេក្ខជនឯទៀតលើកឡើងដើម្បីវាយប្រហារលើលោកស្រី ជារឿយ។ ហើយវាក៏បណ្តាលឲ្យលោកស្រីបាត់ប្រជាប្រិយភាពខ្លះៗដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com