អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​ភេរវកម្ម តួ​ក​គី​ហូត​តំណែង​មេ​ប៉ូលិស​រដ្ឋធានី​អង់កា​រ៉ា
15, Oct 2015 , 3:39 pm        
រូបភាព
 
នៅ​ថ្ងៃ​ពុធ ម្សិលមិញ រដ្ឋាភិបាល​តួ​ក​គី​បាន​ដកហូត​តំណែង​មេ​ប៉ូលិស​ក្រុង​អង់កា​រ៉ា និង​មន្ត្រីជាន់ខ្ពស់​ចារកិច្ច និង​សន្តិសុខ​ពីររូប​ទៀត ក្នុងទិសដៅ​សម្រួលការ​ស៊ើបអង្កេត​ទាក់ទង​អំពើ​ភេរវកម្ម​ចំនួន២ ដែល​បាន​កើតឡើង នៅ​ក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ​សៅរ៍។ ការផ្ទុះ​គ្រាប់បែក​ទាំងនេះ បានសម្លាប់​មនុស្ស​យ៉ាងហោច៩៧នាក់ និង​បង្ក​របួស​ដល់​ជាង៥០០នាក់​ទៀត។

 
 រដ្ឋាភិបាល​តួ​ក​គី​បានប្រកាស​ដកហូត​តំណែង​លោក Kadri Kartal ជា​មេ​ប៉ូលិស​ក្រុង​អង់កា​រ៉ា និង​មន្ត្រីជាន់ខ្ពស់​ចារកិច្ច​ពីររូប​ទៀត តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី រី​សេប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន ទទួលស្គាល់ថា សេវា​រដ្ឋាភិបាល​មាន​កំហុស​ជាយថាហេតុ​ណាមួយ មុនពេល​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក។ ការផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​សៅរ៍ កើតឡើង​ចំពេល​ក្រុមគាំទ្រ​កៀ​ឌី​ស្តង់ និង​ក្រុម​ឆ្វេងនិយម​កំពុង​ធ្វើបាតុកម្ម​បរិហារ​ពី​ហិង្សា​នៅ ភាគខាងត្បូង​ប្រទេស។
 
ក្រោយ​ភេរវកម្ម ប្រធានាធិបតី​តួ​ក​គី​បានប្រកាស​បើក​ការស៊ើបអង្កេត​ដើម្បី​រក​ចន្លោះប្រហោង ផ្នែក​សេវា​ការពារ​សន្តិសុខ។ រដ្ឋាភិបាល​បាន​ផ្តោត​ការសង្ស័យ​ខ្លាំងជាងគេ ទៅលើ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម។ យោងតាម​សារព័ត៌មាន​Hürriyet គេ​បាន​រកឃើញ​អត្តសញ្ញាណ​ជន​ដាក់​គ្រាប់បែក​អត្តឃាត​ទាំង២នាក់ ដែល​បានដាក់​គ្រាប់បែក កាលពី​ថ្ងៃ​សៅរ៍​នោះ ឃើញ​ហើយ។ 
 
ក្នុងចំណោម​ជនសង្ស័យ​ទាំង២រូប ម្នាក់​ជា​បងប្អូន​ប្រុសរ​បស់​មេខ្លោង​ភេរវកម្ម​ក្រុង​Suruç។ ភេរវកម្ម​នេះ​បាន​កើតឡើង​កាលពី​ខែមករា​ដើមឆ្នាំ នៅ​ជិត​ព្រំដែន​ជាមួយ​ស៊ី​រី សម្លាប់​មនុស្ស​ជាង៣៤នាក់។ ជនសង្ស័យ​ម្នាក់ទៀត ធ្លាប់បាន​ទៅ​ប្រឡូក​សមរភូមិ​សង្គ្រាម​នៅ​ស៊ី​រី។ 
 
ភេរវកម្ម កាលពី​ថ្ងៃ​សៅរ៍ បានធ្វើអោយ​ក្រុមប្រឆាំង​រិះគន់​រដ្ឋាភិបាល​ជាខ្លាំង ពិសេស​ក្រុមគាំទ្រ​កៀ​ឌី​ស្តង់ មកពី​បក្សប្រឆាំង ដែលជា​គូប្រជែង របស់លោក​អ៊ែរ​ដូ​ហ្កា​ន សម្រាប់​ការបោះឆ្នោត​សភា ថ្ងៃ១វិច្ឆិកា​ខាងមុខ។ ក្រុមប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​ថា មិន​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​សន្តិសុខ​រប​ស់សកម្ម​ជន​ដែល​គាំទ្រ កៀ​ឌី​ស្តង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com