ជាតិ
ស្ពាន​អ្នក​លឿង​ក្លាយជា​រមណីយដ្ឋាន​មួយ ជួយ​អាជីវករ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
15, Oct 2015 , 7:19 pm        
រូបភាព
ដោយ:
ទោះបីជា​ស្រឡាង​អ្នក​លឿង​ត្រូវបាន​ដកចេញ ជំនួស​មកវិញ​នូវ​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹ​បា​សា (Tsubasa) ដ៏​វែង​អន្លាយ​បោះ​រំលង​ដង​ទន្លេមេគង្គ​ក្តី ក៏​អាជីវករ​ដែល​ធ្លាប់​លក់ដូរ​នៅស្រឡាង​អ្នក​លឿង​ពីមុន នៅតែ​អាច​រកចំណូលនៅតំបន់អ្នកលឿងបាន​ដដែល នោះគឺនៅតំបន់គល់ស្ពានអ្នកលឿង។ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ តុលា ឆ្នាំ២០១៥នេះ ទាំង​អាជីវករ​នៅ​ត្រើយខាងលិច និង​ខាងកើត​ស្ពាន​អាច​ទទួលបាន​ចំណូល​ច្រើន​គួរ​សមពី​ការលក់ទំនិញ វត្ថុ​អនុស្សាវរីយ៍ នំ​បុ័ង ម្លូ​ស្លា ម្ហូបអាហារ ភេសជ្ជៈ​ដល់​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ចំណង មិត្តភាព​ជប៉ុន-កម្ពុ​ជាមួយនេះ។


 
អាជីវ​ករលក់​ម្ហូបអាហារ​ម្នា​ក់នៅ​ត្រើយ​ខាងលិច​នៃ​ស្ពាន​អ្នក​លឿង អ្នកស្រី ស៊ុំ សារ៉េត អាច​រកចំណូល​ជា​មធ្យម​ពី ២០ម៉ឺន ទៅ៤០ម៉ឺន​រៀលក្នុងមួយថ្ងៃៗ ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ ស្រី្ត​វ័យ​ជាង ៤០ឆ្នាំ​រូបនេះ និយាយថា ទោះបីជា​ស្រឡាង​អ្នក​លឿង​ឈប់​ដំណើរ​ក៏ដោយ ក៏​អាជីវករ​នៅតែ​អាច​រក​ចំណូល​ពី​ការលក់ទំនិញ​បាន​ដដែល ដោយ​អ្នកស្រី​អះអាងថា អ្នកដំណើរ​ដែល​ឆ្លង​កាន់​ស្ពាន​ភាគច្រើន តែង​ឈប់​សំចតសម្រាក​នៅ​ត្រើយម្ខាង​ៗនៃគល់ស្ពាន មុននឹង​បន្តដំណើរទៅមុខទៀត។ «មីង​លក់​បាយ​បាន​ច្រើន នៅពេល​ពិធី​បុណ្យទានម្តងៗហ្នឹង ព្រោះ​អ្នកដំណើរ ទៅមក​ពេល​ច្រើន។ ឯ​ថ្ងៃ​ធម្មតា​វិញ អ្នក​តិច​បាន​ក៏​ចំណូល​តិច​ដែរ ពី ១០ម៉ឺន ទៅ ២០ម៉ឺន​ទេ»។ នេះ​ជាការ​បញ្ជាក់​របស់​ស្រី្ត​សម្បុរ​ខ្មៅ​ស្រអែម ប្រកប​របរ​លក់​បាយ​ម្ហូប​អស់​ជាង ៣ឆ្នាំ។

អ្នកស្រី ឆាយ សារឹម អាជីវករ​លក់​ផ្លូវ​ក្រូច នំ​បុ័ង ម្លូ​ស្លា នៅ​ត្រើយ​ខាងលិច​ដែរនោះ ក៏​អាច​រកចំណូលបាន​ច្រើន​គួរសម បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ធម្មតា។ អ្នកស្រី​និយាយ​ទាំង​ញញឹម ថា អ្នកស្រី​អាច​រក​ចំណូល​មធ្យម​ពី ១០ ទៅ ៤០ម៉ឺន​រៀល​ដែរ អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ ដោយសារ​អ្នកដំណើរ​ភាគច្រើន ឈប់​យានជំនិះ ដើម្បី​សម្រាក​យក​កម្លាំង​មុន​បន្តដំណើរ ទៅ​លំនៅឋាន​របស់​ពួកគេ។ លោកស្រី​ថា៖«រកចំណូលបាន​គ្រាន់​ទប់​ជីវភាព​ប្រចាំថ្ងៃ ឲ្យ​កូន​រៀនសូត្រ​ប៉ុណ្ណឹង បើ​រក​ឲ្យ​សល់​គឺ​មិន​សល់​ទេ ព្រោះ​មីង​រក​បានតែ​រដូវ​បុណ្យម្តង។ បើ​ទូទាត់​នឹង​ថ្លៃ​ទិញ​ឥ​វ៉ាន់​ចូល​សល់​បាន​ជាង ១០ ទៅ២០ម៉ឺន​ដែរ ក្នុងមួយថ្ងៃៗ ពេល​បុណ្យ​នេះ»។
 
សម្រស់ និង​ទិដ្ឋភាព​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន ត្សឹ​បា​សា ឬ​ស្ពាន​អ្នក​លឿង កំពុង​ទាក់ចិត្ត​អ្នកធ្វើដំណើរ​ឆ្លងកាត់​ជាច្រើន​នាក់ ឲ្យ​ឈប់​ទស្សនា​កម្សាន្ត និង​ថតរូប​ទុកជា​អនុស្សាវរីយ៍ មុន​ពេលដែល​ពួកគេ​បន្តដំណើរ​ឆ្ពោះទៅកាន់​ស្រុកកំណើត​ដើម្បី​ចូលរួម​ក្នុង ឱ្យ​កាស​បុណ្យ​ភ្ជុំបិណ្ឌ។ អ្នកលក់​ភេសជ្ជៈ និង​សម្ភារៈប្រើប្រាស់ វត្ថុ​អនុស្សាវរីយ៍ ដូចជា វ៉ែនតា នាឡិកា ខ្សែដៃ កន្ត្រៃ​កាត់​ក្រចក និង​ប្រេងខ្យល់​ជាដើម ក៏​អាច​រកចំណូលបាន​ច្រើន​ផងដែរ។
 
យុវជន រ៉​ន សារី វ័យ​ជាង ១៨ឆ្នាំ បាន​ឆ្លៀតឱកាស​ទំនេរ​ពី​ការសិក្សា ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍ បាន​និយាយថា រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​អាច​រកចំណូលបាន​ពី​ជាង ៥ ទៅ១០ម៉ឺន​ដែរ ក្នុង​មួយថ្ងៃ។ យុវជន​សម្បុរ​ខ្មៅ​ស្រអែម​ជា​អ្នក​ខេត្តព្រៃវែង​រូបនេះ និយាយមួយៗថា៖ «លក់ដាច់​ដែរ​បង ខ្ញុំ​លក់បាន​ច្រើនតែ​ពេល​បុណ្យ​នេះ​ទេ។ ក្រៅពី​ការសិក្សា ពេលទំនេរ ខ្ញុំ​តែង​មក​លក់​ឥ​វ៉ាន់​នៅទីនេះ។ ខ្ញុំ​លក់បាន​ចំណូល​មិន​ទៀងទេ ថ្ងៃ​ខ្លះ៥ម៉ឺន ថ្ងៃខ្លះ១០ម៉ឺន ហើយ​ពេលខ្លះពុំមាន​សោះ​ក៏មានដែរ»។
 
គួរ​បញ្ជាក់ថា ស្ពាន​អ្នក​លឿង ឬ​ស្ពាន ត្សឹ​បា​សា (Tsubasa) ចាប់ផ្តើម​សាងសង់​នៅ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១០ មាន​បណ្តោយ ៥,៤ គីឡូម៉ែត្រ និង​ទទឹង​ជាង ១៣ ម៉ែត្រ វែង​ជាងគេ​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៥ ។ ពាក្យ​ថា ត្សឹ​បា​សា ភាសា​ជប៉ុន​នេះ មា​នន​យ័​ជា​ភាសា​ខ្មែរ​ថា ស្លាប។ វា​ជា​ប្រភេទ​ស្ពាន​ខ្សែកាប​យោង​ទី១ធំជាងគេ​នៅ​កម្ពុជា ដែល​ស្ពាន​នេះ កសាងឡើង​ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩៥ លាន​ដុល្លារ​អាមេរិក ជា​ស្ពាន​ត​ភ្ជាប់​ស្រុក​ពីរ ស្ថិតនៅត្រើយម្ខាងៗនៃ​ទន្លេមេគង្គ​ក្រោម គឺ​ស្រុក​លើកដែក ​ខេត្តកណ្ដាល និង​ស្រុក​ពាមរ ​ខេត្តព្រៃវែង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com