អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ Cameron យក​អង់គ្លេស​មក​ភ្នាល់​ជាមួយ​សហភាព​អឺរ៉ុប
16, Oct 2015 , 9:27 am        
រូបភាព
ដោយ:
 
នៅ​ខែវិច្ឆិកា​ខាងមុខនេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​ដាវី​ត ខាំ​ម៉ឺ​រ៉ុ​ន នឹង​ដាក់សំណើ​កំណែទម្រង់​ដល់​ក្រុង​ព្រុ​ច​សែ​ល។ ជា​កំណែទម្រង់​ដែល​សហភាព​អឺរ៉ុប​ត្រូវ​អនុវត្តតាម ដើម្បីអោយ​លោក​ខាំ​ម៉ឺ​រ៉ុ​ន​ព្រម​គាំទ្រ​អោយ​អង់គ្លេស​បន្ត​ស្ថិតក្នុង​សហភាព​អឺរ៉ុប។ យ៉ាងយូរបំផុត នៅ​ឆ្នាំ២០១៧ អង់គ្លេស​ត្រូវ​បោះឆ្នោត​ប្រជាមតិ​សម្រេច​ថា តើ​ត្រូវ​ស្ថិតនៅ​អឺរ៉ុប​ទៀត រឺ​យ៉ាងណា។ បើ​លោក​ខាំ​ម៉ឺ​រ៉ុ​ន​ហ៊ាន​បង្ហាញ​ការគាំទ្រ​អោយ​អង់គ្លេស​បន្ត​ខ្លួន​ជា​សមាជិក​អឺរ៉ុប ប្រជាជន​អង់គ្លេស​ភាគច្រើន​គ្មាន​បំណង​ដូច​លោក​ខាំ​ម៉ឺ​រ៉ុ​ន​នោះទេ។


អ្នកនាង  ព្រំសឿន​ សូលីណា លម្អិតព័ត៌មាននេះ



នាយករដ្ឋមន្ត្រី​អង់គ្លេស ពិតជា​ថ្លើមធំ​ណាស់ ដែល​ហ៊ាន​ប្រកាស​ដាក់សំណើ​កំណែទម្រង់​ទៅអោយ​សហភាព​អឺរ៉ុប ដើម្បីអោយ​អឺរ៉ុប​សង្ឃឹមថា អង់គ្លេស​អាច​ព្រម​បន្ត​ខ្លួន​ធ្វើជា​សមាជិក​អឺរ៉ុប​តទៅទៀត។ យោងតាម​លោក​ខាំ​ម៉ឺ​រ៉ុ​ន ប្រធានបទ​ពាក់ព័ន្ធ​កំណែទម្រង់ ដែល​លោក​នឹង​បង្ហាញ​ទៅ​ក្រុង​ព្រុ​ច​សែ​ល នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ ទាក់ទង​នឹង​បូរណភាព​អង់គ្លេស ភាព​ស្វ័យ​តនៃ​បណ្តា​ប្រទេស​ដែល​មិន​ចាយលុយ​អឺរ៉ូ រឺក៏​លទ្ធភាព​របស់​អង់គ្លេស​ទាក់ទង​នឹង​រឿង​ជនអន្តោប្រវេសន៍​អឺរ៉ុប​ជាដើម។
 
សំណើ​កំណែទម្រង់ លក្ខខណ្ឌ​ដែល​លោក​ខាំ​ម៉ឺ​រ៉ុ​ន ចង់អោយ​សហភាព​អឺរ៉ុប​គោរព​តាម​នោះ បើ​ស្តាប់ទៅ គ្រប់គ្នា​អាច​គិតថា អង់គ្លេស​ពិតជា​អស្ចារ្យ​ណាស់ ដែល​ហ៊ាន​គ្រហឹម​គំរាម​អឺរ៉ុប រឺក៏​ថា សហភាព​អឺរ៉ុប​ពិតជា​អន់​ណាស់​ដែល​ត្រូវ​អោនលំទោន​តាម​អង់គ្លេស ព្រោះ​ខ្លាច​អង់គ្លេស​ឈប់​ធ្វើជា​សមាជិក​ខ្លួន​តទៅទៀត។ ប៉ុន្តែ មើល​អោយ​ដិតដល់ រឿង​អង់គ្លេស​ចង់​នៅ រឺក៏​ចង់​ចេញពី​អឺរ៉ុប​នោះ បញ្ហា​មិន​ស្ថិត​លើ​អឺរ៉ុប​ទេ។ បញ្ហា​គឺ​ស្ថិត​លើ​អង់គ្លេស​ខ្លួនឯង​នឹង​តែម្តង។ មិនមែន​មានន័យថា លោក​ខាំ​ម៉ឺ​រ៉ុ​ន​គាំទ្រ​អោយ​អង់គ្លេស​បន្ត​នៅ​អឺរ៉ុប ទើប​អង់គ្លេស​ត្រូវតែ​នៅ​នោះទេ។ លោក​ត្រូវ​ប្រឈម​បកស្រាយ​ពី​សំណើ​នេះ ជាមួយ​ពលរដ្ឋ​អង់គ្លេស និង​បក្ស​អភិរក្ស​របស់លោក ដែល​មិន​ពេញ​ចិត្តនឹង​នយោបាយ​អឺរ៉ុប​ទៅវិញ​ទេ។ ការស្ទង់មតិ​ចំនួន២ ក្នុងពេលថ្មីៗនេះ បង្ហាញថា​ប្រជាជន​ភាគច្រើន​មិន​ចង់អោយ​អង់គ្លេស​ស្ថិតក្រោម​នយោបាយ​អឺរ៉ុប​តទៅទៀត​ឡើយ។ 
 
លោក​ខាំ​ម៉ឺ​រ៉ុ​ន ហ៊ាន​ដាក់​លក្ខខណ្ឌ​ទៅ​ក្រុង​ព្រុ​ច​សែ​ល ផ្ទុយ​ពី​ការចង់បាន​របស់​ប្រជាជន​ដូច្នេះ គឺ​មានន័យថា លោក​ក្លាហាន​ណាស់ ដែល​ហ៊ាន​យក​ប្រទេសជាតិ​ទៅ​ភ្នាល់​លេង​ជាមួយ​អឺរ៉ុប។ មិនដឹងថា លោក​ត្រូវ​ដោះស្រាយ​ប្រាប់​ប្រជាជន​ពី​ល្បែងភ្នាល់​នេះ​យ៉ាងដូចម្តេច​ទេ! នេះ គេ​នៅ​មិន​គិតពី​ការទាស់ទែង​គ្នា ក្នុង​បក្ស​អភិរក្សនិយម​ផង​ទេ។ អ្នកនយោបាយ​បក្ស​កាន់អំណាច​ក៏​មិន​ពេញ​ចិត្តនឹង​អោយ​អង់គ្លេស​បន្ត​នៅក្រោម​នយោបាយ​អឺរ៉ុប​ដែរ។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រហែល​គិតថា សំណើ​លោក​អាច​បំពេញចិត្ត​ក្រុមប្រឆាំង​នយោបាយ​អឺរ៉ុប។ ហើយ​បើ​ក្រុង​ព្រុ​ច​សែ​ល​ព្រម​អនុវត្តតាម​សំណើ​លោក ប្រហែលជា​ប្រជាជន​អង់គ្លេស​អាច​ប្តូរ​ចិត្ត ទៅ​បោះឆ្នោត​បន្ត​អោយ​អង់គ្លេស​ស្ថិតក្នុង​សហភាព​អឺរ៉ុប​ហើយ​មើលទៅ!
 
ដោយឡែក ល្បែងភ្នាល់​រវាង​លោក​ខាំ​ម៉ឹ​រ៉ុ​ន និង​ក្រុង​ព្រុ​ច​សែ​ល មិនមែន​ស្រួល​សម្រាប់​អង់គ្លេស​ទេ។ ក្នុង​ល្បែង​នេះ សហភាព​អឺរ៉ុប​ក៏​អាចមាន​បៀ​សន្លឹក​អាត់ ផ្តួល​អង់គ្លេស​បានដែរ។ ព្រោះថា បើ​អឺរ៉ុប​បដិសេធ​លក្ខខណ្ឌ​លោក​ខាំ​ម៉ឺ​រ៉ុ​ន ហើយ​បើ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប សេដ្ឋកិច្ច​អង់គ្លេស​អាច​ត្រូវ​ដើរ​ថយក្រោយ និង​ខាតបង់​ធ្ងន់ធ្ងរ​ទៅវិញ​ទេ។ យោងតាម​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច ករណី​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប រនាំង​ពន្ធគយ​នឹងមាន​ឡើងវិញ​រវាង​អង់គ្លេស​និង​អឺរ៉ុប។ ពន្ធ​លើ​ទំនិញ​ដូចជា​ថ្នាំពេទ្យ អាច​នឹង​កើន​ដល់​ជាង៤,៥ភាគរយ ពន្ធ​លើ​រថយន្ត​អាច​ឡើងដល់​ជាង១០ភាគរយ ហើយ​ពន្ធ​ចំណីអាហារ​និង​ថ្នាំជក់​អាច​កើន​ជាង២០ភាគរយ​ផងដែរ។ 
 
គួររំលឹកថា តាំងពី​ចូល​ជា​សមាជិក​អឹ​រ៉ុ​ប ឆ្នាំ១៩៧៣មក អង់គ្លេស​បានទទួល​ប្រយោជន៍​ច្រើនណាស់។ ទំនិញ​អង់គ្លេស​ហូរ​ចូល​ស្រួល​ក្នុង​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប។ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​និង​អឺរ៉ុប​គឺមាន​ច្រើន​លើសលុប​នឹង​គ្នា។ បើ​ដើរ​ចេញពី​អឺរ៉ុប អង់គ្លេស​អាច​ខាត​ថវិកា​ដល់​ទៅ៧៨ពាន់​លាន​អឺរ៉ូ​ឯណោះ សម្រាប់​រយៈពេល១០ឆ្នាំ។ ទោះ​យ៉ាងនេះ​ក្តី បើ​អង់គ្លេស​ដើរ​ចេញពី​អឺរ៉ុប អឺរ៉ុប​ក៏​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​អង់គ្លេស​ដែរ។ ដោយឡែក សេដ្ឋកិច្ច​អឹ​រ៉ុ​ប​មាន​ឥទ្ធិពល​ខ្លាំង ក្នុង​ពិភពលោក ជួយ​យឹតយោង​មុខមាត់​អង់គ្លេស​មិនតិច​ទេ។ 
 
ប៉ុន្តែ ប្រជាជន​អង់គ្លេស​មិនបាន​គិតពី​ផលវិបាក​សេដ្ឋកិច្ច​នៅ​ចំពោះមុខ​ទេ។ សម្រាប់​ពួកគេ បញ្ហា​ដែល​រឹត​ក​អង់គ្លេស គឺ​បញ្ហា​ជនអន្តោប្រវេសន៍។ ពលរដ្ឋ​អង់គ្លេស​គិតថា ប្រៀប​នឹង​ប្រទេស​អឺរ៉ុប​នានា ជនអន្តោប្រវេសន៍​ចាប់អារម្មណ៍ រត់ទៅរក​ការងារ​ធ្វើ នៅ​អង់គ្លេស​ច្រើនជាងគេ។ បើ​អង់គ្លេស​ចេញពី​អឺរ៉ុប អង់គ្លេស​ក៏​អាច​ស្រួល​សម្រេច​នយោបាយ​អន្តោប្រវេសន៍​ដោយ​ខ្លួនឯង​បានដែរ។ ហើយ​អង់គ្លេស​ក៏​មិនចាំបាច់​នឹង​បន្ត​បង់​ថវិកា​ប្រចាំឆ្នាំ​ជិត១៤ពាន់​លាន​អឺរ៉ូ ជួយ​អឺរ៉ុប​ទៀត​ដែរ។ សម្រាប់​ក្រុមប្រឆាំង​នយោបាយ​អឺរ៉ុប បើ​បន្ត​ខ្លួន​ជា​សមាជិក​អឺរ៉ុប គឺ​អង់គ្លេស​ទៅវិញ​ទេ ដែល​ខាតបង់​ធ្ងន់។
 
បើ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ចង់អោយ​អង់គ្លេស​បន្ត​ស្ថិតនៅ​អឺរ៉ុប ទាល់តែ​លោក​ខំ​ធ្វើយ៉ាងណា​អោយលក្ខខណ្ឌ​កំណែទម្រង់​ដែល​លោក​ត្រូវដាក់​ទៅ​ក្រុង​ព្រុ​ច​សែ​ល ក្នុងពេល​ខាងមុខនេះ លោក​ត្រូវ​លៃលក​យ៉ាងណា​អោយលក្ខខណ្ឌ​ទាំងនេះ ស្របតាម​បំណង​ពលរដ្ឋ​ក្នុងស្រុក​អង់គ្លេស​ខ្លះ​ដែរ ក្រែង​ឆ្នាំ២០១៧ ពលរដ្ឋ​អង់គ្លេស​អាច​ប្តូរ​ចិត្ត​បោះឆ្នោត​បន្ត​អោយ​អង់គ្លេស​ស្ថិត​ជា​សមាជិក​អឺរ៉ុប​ទៀត៕
 

Tag:
 ​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com