កីឡាជាតិ
ជាតិ
កម្ពុជា និង​ចិន បន្ត​ឯកភាពគ្នា​លើ​សំណង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ
16, Oct 2015 , 12:33 pm        
រូបភាព
ពិធីសារ​ជា​កិច្ចព្រមព្រៀង​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ជា​ឯកសារ​មួយ​ក្នុងចំណោម៥ ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១៥ ខែតុលា នៅ​វិមាន​ប្រជាជន​ចិន ក្រុង​ប៉េកាំង ក្រោម​វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jinping) ។ បើតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ពិធីសារ​នេះ គឺជា​ការទទួលស្គាល់​នូវ​គម្រោង​ថវិកា​ដែល​បាន​វាយតម្លៃ​លើ​ការសាងសង់​ពហុ​កីឡដ្ឋាន​ដ៏​ទំនើប​នៅ​កម្ពុជា​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ២០២៣ ។



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ធ្វើជា​សាក្សី​នា​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៥កាលពី​ថ្ងៃទី១៥ ខែតុលា នៅ​វិមាន​ប្រជាជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង ដោយ​ពិធីសារ​ជា​កិច្ចព្រមព្រៀង​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ២០២៣ គឺជា​ឯកសារ​ទីមួយ​ដែល​ត្រូវ​ចុះហត្ថលេខា។

អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា ពិធីសារ​ជា​កិច្ចព្រមព្រៀង​នេះ គឺជា​ការទទួលស្គាល់​នូវ​គម្រោង​ថវិកា​ដែល​វាយតម្លៃ​សំណង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដ៏​ទំនើប​នៅ​កម្ពុជា។

នា​ពិធី​ចុះហត្ថលេខា​ពេលនោះ ភាគី​ចិន បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន១ពាន់​លាន​យ័ន ឬ​ជាង១៥០លាន​ដុល្លារ​អាមេរិក។ ដោយ​មិនបាន​លើកឡើង​ពី​ចំនួន​ពិតប្រាកដ លោក វ៉ា​ត់ ចំរើន បាន​អះអាងថា ខ្ទង់​ជំនួយ​ភាគច្រើន នឹង​ប្រើប្រាស់​ទៅលើ​ការសាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដែល​ស្ថិត​ចម្ងាយ១៥គីឡូម៉ែត្រ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ។

នៅលើ​ផ្ទៃដី​ជាង៨០ហិច​តា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​គ្រឿងចក្រ​បើក​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ទំនើប​ស្តង់ដារ​អន្តរជាតិ​នេះ កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ។ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ដំណាក់កាល​ទីមួយ​ដែលមាន​អាង​ហែល​ទឹក ទីលាន​ហ្វឹកហាត់​កីឡា​ក្នុង​សាល និង​អគារ​ស្នាក់នៅ​របស់​កីឡាករ​ជាដើម​នោះ បានសម្រេច៧០ភាគរយ​ហើយ ខណៈ​ដំណាក់កាល​ទី​ពីរ​ដែល​ផ្តោតទៅលើ​សំណង់​ចម្បង​របស់​កីឡដ្ឋាន ត្រូវ​ចាប់​ដំណើរ​នៅ​ដើមឆ្នាំ២០១៦ មុននឹង​ឈានដល់​ដំណាក់កាល​ទី​បី សម្រាប់​សំណង់​បន្ទាប់បន្សំ។

លោក​អគ្គលេខាធិការ NOCC បាន​វាយតម្លៃថា ក្រុមការងារ​សាងសង់ យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​សំណង់​ដ៏​ទំនើប​នេះ ដោយ​ភាគី​ចិន​សន្យាថា នឹងធ្វើ​ឲ្យ​បានល្អ​ឥតខ្ចោះ ដោយ​មិន​ខ្វល់​ពី​ថវិកា​ដែល​ត្រូវ​ចំណាយ។ លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា កាលពីថ្មីៗនេះ ប្លង់​មេ​នៃ​សំណង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ត្រូវ​បានដាក់​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៌​អន្តរជាតិ​មួយ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី ដោយ​សំណង់​នេះ នឹង​ក្លាយជា​ស្ថាបត្យកម្ម​កីឡា​ថ្មី និង​ទំនើប​មួយ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា កម្ពុជា​ត្រូវបាន​ផ្តល់​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ នា​ឆ្នាំ២០២៣ ខាងមុខ ដោយ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នឹង​ក្លាយជា​ទីតាំង​ចម្បង​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​នេះ។

នៅក្នុង​សន្ទរកថា​មួយ​នៅ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចិន​គឺជា​កល្យាណមិត្ត​របស់​ក​ម្ពុ​ជា​ក្នុង​គ្រប់​កាលៈទេសៈ។ លោក​បាន​អះអាងថា បើ​គ្មាន​ការឧបត្ថម្ភ​ពី​មិត្ត​ចិន​ទេ ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា​ពិតជា​មិន​អាចមាន​ភាពជោគជ័យ​ដូច​សព្វថ្ងៃនេះ​ទេ៕


Tag:
 ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ
  ស៊ី​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com