កីឡាជាតិ
ការប្រកួតជើងឯកកីឡាវាយសីថ្នាក់ជាតិ បានចាប់ផ្តើមហើយ
× ការប្រកួតជ្រើសរើសជើងឯកកីឡាវាយសីថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ ដើម្បីពង្រឹង និងត្រៀមខ្លួនប្រកួតក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បានចាប់ដំណើរការ ហើយកាលពីថ្ងៃទី១៥ ខែតុលា ម្សិលមិញនៅអគារដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានកីឡាករចូលរួមប្រកួតចំនួន ១២៩នាក់ (កីឡាការនី ១៧នាក់) មកពីក្លិប សមាគមចំនួន ១១ ប្រកួតក្នុង២ក្របខណ្ឌ ដោយគ្រោងបញ្ចប់នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ។
លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា អត្តពលិកទាំង១៤៦នាក់ ប្រកួតតំណាងឱ្យ ក្លិប សមាគមចំនួន១១ រួមមានក្លិបមកពី ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ចាម កំពង់ឆ្នាំង ក្លិបត្រពាំងស្រែ ក្លិបមុនីឋាបនា ក្លិបខេមរៈ ក្លិបព្រះខ័នរាជ ក្លិបទីចាត់ការបច្ចេកទេសកងយោធពលខេមរភូមិន្ទ ក្លិបខេត្តកោះកុង និងក្លិបពហុកីឡដ្ឋានជាតិ ។
លោក ជាម សុភា បានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកវាយសីថ្នាក់ជាតិប្រចាំឆ្នាំ២០១៥នេះ ក្នុងគោលបំណងធំជ្រើសរើសអត្តពលិក ដើម្បីបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងដើម្បីត្រៀមខ្លួនប្រកួតនៅលើឆាកអន្តរជាតិ ជាពិសេសប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ។
សម្រាប់ការប្រកួតបែងចែកជា ២ ក្របខ័ណ្ឌគឺ ក្របខ័ណ្ឌក១ និងក២ ប្រកួតក្នុងវិញ្ញាសាវាយទោលបុរស(ក១) វាយគូបុរស(ក១) វាយទោលបុរស(ក២) អាយុ១៩ឆ្នាំឡើង វាយទោលបុរសអាយុក្រោម១៩ឆ្នាំក្របខ័ណ្ឌក២ វាយទោលបុរសអាយុក្រោម១៦ឆ្នាំ វាយគូបុរសអាយុក្រោម១៩ឆ្នាំ វិញ្ញាសាវាយទោលបុរសអាយុក្រោម១៣ឆ្នាំ វាយគូបុរសអាយុក្រោម១៣ឆ្នាំ វិញ្ញាសាវាយទោលនារី វិញ្ញាសាវាយគូនារី និងវិញ្ញាសាប្រកួតជាក្រុម។
ចំពោះប្រាក់រង្វាន់សម្រាប់ការប្រកួតនេះ ជើងឯកទទួលបាន១៥ម៉ឺនរៀល លេខ២បាន១០ម៉ឺនរៀល និងលេខ៣បាន៨ម៉ឺនរៀល សម្រាប់អត្តពលិកដែលវាយជាលក្ខណៈឯកត្តជន។ ចំណែកឯវាយជាគូ និងវាយជាក្រុមវិញ បើឈ្នះម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ដូចវិញ្ញាសាឯកត្តជន៕
© រក្សាសិទ្ធិដោយ thmeythmey.com