អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បន្ត​ប្រឆាំង​ការប្រើ​កម្លាំងយោធា​ដោះស្រាយ​វិបត្តិ​ស៊ី​រី
16, Oct 2015 , 4:17 pm        
រូបភាព
ជាថ្មី​ម្ដងទៀត ប្រទេស​ចិន​បានប្រកាស​ប្រឆាំងនឹង​ការប្រើប្រាស់​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​ក្នុងប្រទេស​ស៊ី​រី ដោយ​លើកឡើងថា ដំណោះស្រាយ​នយោបាយ​គឺជា​ផ្លូវ​ចេញ​តែមួយគត់។ នេះ​បើ​យោងតាម ការដកស្រង់​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​ចិន។

 
រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បានប្រកាស​ជាថ្មី​ម្ដងទៀត​ពី​គោលជំហ​របស់​ប្រទេស​ចិ​ិ​ន ដែល​មិន​គាំទ្រ​ទាល់តែសោះ​នូវ​ចំណាត់ការ​យោធា​ក្នុង​ប្រ​ទេ​ស៊ី​រី។ ខណៈ​កំពុង​ទស្សនកិច្ច​ក្នុងប្រទេស​ប៊ុលហ្គារី លោក វ៉ាង យី និយាយថា៖ ចិន​គាំទ្រ​ប្រតិបត្តិការ​របស់​អន្តរជាតិ​ក្នុងការ​ប្រឆាំង​ក្រុម​ភេ​វរជន ដែល​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ​និង​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ពាក់ព័ន្ធ។
 
ការប្រកាស​នេះ​បានធ្វើ​ឡើង​ក្រោយ​ការវាយប្រហារ​យោធា​ក្នុង​ទឹកដី​ស៊ី​រី ដោយ​រុស្សី​និង​អាមេរិក ជាមួយនិង​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្តរៀងៗខ្លួន។ សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​បានធ្វើការ​វាយប្រហារ​ដែ​ន​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម និង​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​លោក​អាសាដ។
 
ចំណែកឯ រុស្សី​ក៏បាន​វាយប្រហារ​ដែនអាកាស​ក្នុងប្រទេស​ស៊ី​រី​ផងដែរ តែ​ត្រូវ​លោកខាងលិច​រិះគន់ថា ប្រតិបត្តិការ​នេះ​មាន​គោលបំណង​ជួយ​លោក​អាសាដ ជាជាង​វាយប្រហារ​លើ​ក្រុម​រដ្ឋ​ឥស្លាម បើទោះជា​រុស្សី​អះអាងថា​ការវាយប្រហារ​កន្លងមក បាន​ចំ​លើ​ទីតាំង​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម។
 
មិនតែប៉ុណ្ណោះ លោក​យី ក៏បាន​លើកឡើង​ពី​វិធី​តែមួយគត់​សម្រាប់​ជម្លោះ​នេះ គឺ​ដំណោះស្រាយ​នយោបាយ។ លោក​ថា៖ សហគមន៍​អន្តរជាតិ​គួរតែ​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេ​វរជន ដោយ​មិនគួរ​ចង្អុល​ដាក់គ្នា​នោះទេ។ 
 
គួររម្លឹកថា នៅឯ​ក្រុមប្រឹក្សាសន្តិសុខ ប្រទេស​ចិន​និង​រុស្សី​តែងតែ​បោះឆ្នោត​ប្រឆាំងនឹង​ដំណោះស្រាយ​នានា​ក្នុង​រឿង​របស់​ស៊ី​រី។ ប៉ុន្តែថ្មីៗនេះ ចិន​បាន​សម្ដែង​ការព្រួយបារម្ភ ចំពោះ​ការរំលោភបំពាន​កិច្ចការ​ផ្ទៃក្នុង​របស់​ស៊ី​រី និង​ទទូច​ឱ្យមាន​ដំណោះស្រាយ​នយោបាយ​សមស្រប​សម្រាប់​ស៊ី​រី។ ប្រទេស​ចិន ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ប្រេង​ពី​មជ្ឈិមបូព៌ា ជឿថា​ការប្រើ​កម្លាំង​មិនអាច​ដោះស្រាយ​បញ្ហា​បានទេ តែ​វា​នឹងធ្វើ​ឱ្យ​បញ្ហា​កាន់តែ​ផុង​ជ្រៅ។
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com