អន្តរជាតិ
ប្រជាជន​កូរ៉េខាងត្បូង​ប្រើ​Google មិន​ដល់១០ភាគរយ​ឡើយ
16, Oct 2015 , 7:39 pm        
រូបភាព
សេ​អ៊ូ​ល៖ និយាយ​ដល់​ប្រព័ន្ធ​សម្រាប់​ស្វែងរក​ព័ត៌មាន​ហ្គូ​ហ្ក​ល Google មនុស្ស​ស្ទើរ​គ្រប់គ្នា សុទ្ធតែ​ស្គាល់​ច្បាស់​ហើយ​ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​សម្រួល​ដល់​ការ ស្វែងរក​រាល់​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត។ប៉ុន្តែ​ប្រទេស​ប្រហែល១០នៅលើ​ពិភពលោក​បាន​បង្កើត​ប្រព័ន្ធ​បច្ចេកទេស​សម្រាប់​ស្វែងរក​ខ្លួនឯង​តម្រូវ​តាម​សង្គម​និង​ការចង់បាន​របស់ ប្រជាជន​ខ្លួន​ក្នុងនោះ​មាន​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ។



លោក រឿន ភា​រុន រាយការណ៍​ព័ត៌មាន លម្អិត៖



ប្រព័ន្ធ​សម្រាប់​ស្វែងរក (Searching engine ) របស់​ប្រទេស​កូរ៉េខាងត្បូង​នេះ មាន​ឈ្មោះថា Naver ដែល​មកទល់​បច្ចុប្បន្ន មាន​ប្រជាជន​កូរ៉េ​ប្រហែល​ច្រើនជាង ៨០ភាគរយ​ប្រើប្រាស់​ប្រចាំថ្ងៃ។ តាមពិតទៅ​ការបង្កើត​នេះ វា​ទាក់​ទាក់ទង និង​បច្ចេកវិទ្យា​ដែល​ប្រទេសនីមួយៗមាន​ផងដែរ ដូចដែល​ឃើញស្រាប់​ប្រទេស​កូរ៉េខាងត្បូង​មាន​បច្ចេកវិទ្យាទំនើបៗ និង​មាន​ធនធាន មនុស្ស​ច្រើន​ផង។ តែ​វា​អាច​ថា ជា​កត្តា​តូច​មួយ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​កូរ៉េ​ឈប់​ពឹង​ផ្អែកលើ​ប្រព័ន្ធ​ហ្គូ​ហ្ក​ល​របស់​សហរដ្ឋអាមេរិក។

បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ សកល​វិទ្យាល័យ​កូរ៉េ​លោក Seongcheol Kim មូលហេតុ​ជំរុញ​ឲ្យ​កូរ៉េ​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​ស្វែងរក​របស់​អាមេរិក​ហ្គូ​ហ្ក​ល​មាន​ច្រើន។ មូលហេតុ​ចម្បង គឺ​ប្រជាជន​កូរ៉េ​ភាគច្រើន​មាន​ស្មារតី​ជាតិនិយម​ខ្ពស់ ហើយ​ពួកគេ​ចង់​មាន​អ្វី​ដែលមាន​តែមួយ​អ្វីដែល​ល្អ​ប្លែក​ពី​គេ និង​ជា​អត្តសញ្ញាណ​តំណាង​ឲ្យ​សង្គម​ប្រជាជាតិ​និង​មាន​លក្ខណៈ​ប្រសើរ​តម្រូវ​ការចង់បាន​របស់​ប្រជាជន​កូរ៉េខាងត្បូង​ទូទៅ​ថែមទៀត។

បើសិនជា​គ្មាន​ស្មារតី​ជាតិនិយម និង​មហិច្ឆតា​ចង់បាន​អ្វី​ដែលជា​អត្តសញ្ញាណ និង​តំណាង​ឲ្យ​ប្រជាជាតិ​ខ្លួន​ទេ កូរ៉េខាងត្បូង​ក៏​នៅ​បន្ត​ប្រើប្រាស់​ប្រភេទ​ប្រព័ន្ធ​ស្វែងរក​ហ្គូ​ហ្ក​ល​ដូច​ប្រទេស ឯទៀត​បច្ចុប្បន្ន​ដែរ។ លោក​បាន​សង្កត់ធ្ងន់ថា វា​ជា​ការពិត​ដែលថា​ការប្រើប្រាស់​ប្រព័ន្ធ​ស្វែង រក​ដូចជា​ហ្គូ​ហ្ក​ល​របស់​អាមេរិក​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាជន​គ្រប់​រួប ឬ​អាច​និយាយ ថា​វា​មាន​ឥទ្ធិពល​លើ​ការគិត​ពិចារណា​របស់​ប្រជាជន​ខ្លាំង។

ក្រៅពី​មាន​បច្ចេកវិទ្យា​រីកចម្រើន​ដោយ​បង្កើត​ប្រព័ន្ធ​ស្វែងរក​ផ្ទាល់ខ្លួន​កូរ៉េខាងត្បូង​ក៏​ស្ថិត ក្នុង​ចំណាត់ថ្នាក់​ប្រទេស​ដែលមាន​ល្បឿន​អ៊ិន​ធឺ​ណែ​ត​លឿន​ផុត​គេ​មួយ​លើ​លោក​ដែរ ដោយមាន​ល្បឿន​ដល់ ២២ម៉េ​ហ្កា​បៃ​ក្នុង​មួយ​វិនាទី​ឯណោះ។ អ្វីដែល​ពិសេស​ជាងនេះទៀត នោះ​ប្រជាជន​ជិត​ដល់ ១០០ភាគរយ​មាន​អ៊ី​ន​ធឺ​ណែ​ត​ប្រើប្រាស់​ហើយ​សេវា​អ៊ី​ន​ធឺ​ណែ​ត វ៉ា​យ​ហ្វា​យ សម្រាប់​បង់​ប្រចាំខែ​តាម​ផ្ទះ​មានតម្លៃ​ត្រឹម ២០ដុល្លារ​ប៉ុណ្ណោះ៕


Tag:
 បច្ចេកវិទ្យា
  Google
  Naver
© រក្សាសិទ្ធិដោយ thmeythmey.com