ពីនេះ ពីនោះ
«ខ្ញុំមិនខ្វល់ពីរឿងនយោបាយ», ជាទស្សនៈដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិខ្មែរ!
× ភ្នំពេញ៖ នៅពេលគេដើរចូលហាងគុយទាវកាហ្វេ ឬហាងបាយផ្សេងៗ ដែលជាកន្លែង ជជែកគ្នាពីបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយ គេតែងតែលឺពាក្យថា «កុំមិនខ្វល់ពីរឿងនយោបាយ។ រឿងនយោបាយទុកឲ្យអ្នកនយោបាយគេធ្វើ នរណាឈ្នះ ខ្ញុំនៅតែធ្វើជាអ្នកលក់ដូរ ខ្ញុំនៅតែធ្វើជាកម្មករ ខ្ញុំនៅតែធ្វើខ្ញុំគេដដែល»។ ទស្សនៈនេះ ត្រូវបានមនុស្សខ្មែរមួយចំនួន យកមកអនុវត្ត និងសាបព្រោះបន្តនៅក្នុងសង្គម។ ឃ្លាទាំងនេះ បានបង្អាក់ដំណើរការសង្គម ដំណើរការរដ្ឋបាលសាធារណៈ និង បានធ្វើ រចនាសម្ព័ន្ធសង្គមខ្មែរ ត្រូវរលាយ ប្រសិនបើ ពលរដ្ឋខ្មែរគ្រប់រូប អនុវត្តន៍តាមពាក្យមួយឃ្លានេះ។ តើហេតុអ្វី គ្រាន់តែពាក្យមួយឃ្លានេះសោះ អាចបំផ្លាញដំណើរសង្គម សេដ្ឋកិច្ច និងនយោបាយខ្មែរ?
ពាក្យមួយឃ្លាថា «ខ្ញុំមិនខ្វល់ពីរឿងនយោបាយ» មិនដឹងជាមានប្រភពមកពីណា បរទេស ឬខ្មែរជាអ្នកបង្កើតនោះទេ ប៉ុន្តែឃ្លានេះ បាននឹងកំពុងស្ថិតនៅយ៉ាងស្ងៀមស្ងាត់ ក្នុងផ្នត់គំនិតមនុស្សខ្មែរមួយចំនួន ដែលតែងតែភ្លយមាត់ម្តងម្កាល នៅតាមហាងកាហ្វេ ហាងបាយ គុណទាវ និងកន្លែងដែលមនុស្សជជែកគ្នា។ ឃ្លាដ៏គ្រោះថ្នាក់នេះ បានបង្អាក់ទឹកចិត្ត យុវជនមួយចំនួន ដែលខិតខំតាមដានពីសកម្មភាពអ្នកនយោបាយ ជាពិសេស ការដឹកនាំប្រទេស ដើម្បីធ្វើឲ្យពួកគេ មានឥទ្ធិពលលើអ្នកនយោបាយ ក្នុងការបម្រើប្រយោជន៍ដល់ពលរដ្ឋទូទៅ។ ចំពោះអ្នកដែលទើបចង់ចេះ ចង់ដឹង ក្មេងខ្ចី អំពីរឿងនយោបាយ គ្រាន់តែលឺពាក្យមួយឃ្លានេះ ពួកគេអាចនឹងដកខ្លួនលេងខ្វល់ លែងចង់ស្តាប់ លេងចង់លឺពីបញ្ហានេះបន្តទៀត។
ជាការពិត ពលរដ្ឋខ្មែរមួយចំនួន ដែលធ្លាប់ឆ្លងកាត់របបវាលពិឃាត (របបខ្មែរក្រហម) គឺនៅតែដិតដាមនូវការភ័យខ្លាចចំពោះពាក្យថា«នយោបាយ»។ ដើម្បីឲ្យពលរដ្ឋឈប់ខ្លាច មិនមែនរងចាំតែបន្ទោសពលរដ្ឋនោះទេ តែត្រូវពន្យល់ពួកគេឲ្យបានច្បាស់លាស់ពីពាក្យថា នយោបាយ។
នៅក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពាក្យថា នយោបាយ មានន័យថា ឧបាយក្នុងការដឹកនាំ កលល្បិចឬមេគំនិតដែលគេផ្តើមឡើងដើម្បីដឹកនាំជនដទៃ ឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ ឬកិច្ចការដែលទាក់ទងនឹងការគ្រប់គ្រងរដ្ឋ។ តាមពិតទៅពាក្យនេះ មានដើម្បីកំណើតមកពីភាសាក្រិចបូរាណថា ប៉ូលិធិកា(Politika) ជាភាសាអង់គ្លេស គេប្រែថា ប៉ូលីសធិច(Politics) ហើយប្រែជាភាសាខ្មែរថា នយោបាយ។
សម្រាប់និយមន័យនៃពាក្យថានយោបាយ ត្រូវបានទស្សនវិទូផ្តល់និយមន័យខុសៗគ្នា ប៉ុន្តែនិយមន័យទាំងឡាយ មិនបានចាកឆ្ងាយពីខ្លឹមសារដើមរបស់វានោះទេ។
សម្រាប់ទស្សនវិទូក្រិច លោក ប្លាតុង ពាក្យថា នយោបាយ មានន័យថា ជាភាពប៉ិនប្រសបផង និងជាចំណេះដឹងផ្នែកទ្រឹស្តីផង សម្រាប់ដឹកនាំគ្រប់គ្រងអប់រំមនុស្ស ធ្វើឲ្យមនុស្សមានក្តីជឿជាក់ ឬស្រុះស្រួលគ្នាទៅលើអ្វីមួយ។ រីឯទស្សនវិទូក្រិចម្នាក់ទៀត លោក អារីស្តូត បានឲ្យនិយមន័យ ពាក្យនយោបាយថា ជាវិទ្យាសាស្ត្រដែលទាក់ទងដល់ភាពថ្កុំថ្កើងរុងរឿង សម្បូរសប្បាយរបស់មនុស្សក្នុងបុរីទាំងមូល។ លោកអារីស្តូត ក៏បានឲ្យនិយមន័យដ៏ខ្លីបំផុតថា«មនុស្សតាមធម្មជាតិគឺជាសត្វនយោបាយ»។ (ដកស្រង់ពីសៀវភៅ«ប្រវត្តិគំនិតនយោបាយបស្ចឹមប្រទេស»រៀបរៀងដោយលោកសាស្ត្រាចារ្យ អ៊ុំ ប៉ុម)។
ខ្លឹមសារដើមនៃពាក្យថា នយោបាយ គឺមានន័យថា ជាមធ្យោបាយក្នុងការដឹកនាំ ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ។ ការធ្វើនយោបាយ គឺការធ្វើឲ្យមានភាពរីកចម្រើននូវប្រយោជន៍រួម ឬប្រយោជន៍សាធារណៈ។ នៅក្នុងន័យនេះ មនុស្សដែលរស់នៅក្នុងសង្គម ចាំបាច់ត្រូវតែចូលរួម នៅក្នុងកិច្ចការនយោបាយ ព្រោះនយោបាយ គឺសំដៅលើការដឹកនាំគ្រប់គ្រងរដ្ឋ។ ប្រសិនបើមនុស្សមិនខ្វល់ពីរឿងនយោបាយ បានន័យថា មនុស្សលែងខ្វល់ពីប្រយោជន៍សាធារណៈ លែងខ្វល់ពីធម្មជាតិមនុស្សដែលចូលចិត្តរស់នៅជាលក្ខណៈសង្គមរួមផ្តុំ។ មនុស្សបានចងក្រងគ្នាជាកិច្ចសន្យាសង្គម(Social contract) ដែលមនុស្សបាន មករស់នៅផ្តុំគ្នា ដើម្បីរស់នៅជាមួយគ្នា ដោយចង់បានការធានាសុវត្ថិភាព និងចង់ទទួលបានការរស់នៅមួយប្រកបដោយសេចក្តីសុខ។ មនុស្សមិនអាចរស់នៅ ដាច់ដោយឡែកម្នាក់ឯងបានទេ នេះជាលក្ខណៈចិត្តសាស្ត្រ និងសង្គមសាស្ត្រ ពីព្រោះ មនុស្សត្រូវការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក។
សរុបមក ផ្នត់គំនិតមិនខ្វល់ពីរឿងនយោបាយ គឺជាផ្នត់គំនិតដ៏គ្រោះថ្នាក់សម្រាប់សង្គមខ្មែរ ពីព្រោះ ទស្សនៈនេះ បានធ្វើឲ្យពលរដ្ឋទូទៅ ឈប់តាមដានការងាររបស់មន្ត្រីរាជការគ្រប់ប្រភេទ និងការងាររបស់ថ្នាក់ដឹកនាំប្រទេសជាតិ។ ការដែលពលរដ្ឋមិនខ្វល់ពីការងារ ប្រទេសជាតិនេះហើយ ទើបធ្វើឲ្យអ្នកនយោបាយមួយចំនួន យកប្រជាពលរដ្ឋជាឈ្នាន់ ដើម្បីក្តាប់អំណាចបានយូរអង្វែង ហើយធ្វើបាប ជិះជាន់គាបសង្កត់ រំលោភសិទ្ធពលរដ្ឋតាមទំនើងចិត្ត ដែលផ្ទុយពីសង្គមទំនើប ដែលពលរដ្ឋមានការយល់ដឹងខ្ពស់អំពីរឿងរ៉ាវនយោបាយ ហើយពលរដ្ឋក្នុងសង្គមនោះ តែងតែមានឥទ្ធិពលលើអ្នកដឹកនាំប្រទេស។
ការដែលពលរដ្ឋមិនខ្វល់ពីរឿងនយោបាយ បានន័យថា ពលរដ្ឋមិនបានខ្វល់ពីប្រយោជន៍សាធារណៈ មិនខ្វល់ពីប្រយោជន៍រួម ពោលគិតតែពីកេងចំណេញពីប្រយោជន៍សាធារណៈ ដើម្បីបំប៉នប្រយោជន៍បុគ្គល។ ហើយនៅក្នុងសង្គមមួយ ដែលមានពលរដ្ឋបែបនេះកាន់តែច្រើន សង្គមនោះប្រាកដជាពិបាកនឹងងើបចេញពីភាពក្រីក្រខ្លាំងណាស់។
ដូច្នេះពាក្យមួយឃ្លាថា«ខ្ញុំមិនខ្វល់ពីរឿងនយោបាយ» ល្មមពលរដ្ឋខ្មែរ ផ្លាស់ប្តូរទស្សនៈមួយនេះ ចេញពីសង្គមខ្មែរហើយ ព្រោះបើមនុស្សខ្មែរ នៅតែយកទស្សនៈនេះ មកប្រើប្រាស់ និងផ្សព្វផ្សាយបន្តទៀតនោះ នោះប្រទេសជាតិនឹងមិនអាចរីកចម្រើនបាននោះទេ តែផ្ទុយទៅវិញ ទស្សនៈនេះ បែរជាបានបំផ្លាញបឫសគល់នៃស្មារតីពលរដ្ឋខ្មែរ ឲ្យឈប់ខ្វល់ពីតម្លៃជាតិ និងធ្វើឲ្យកម្លាំងសាមគ្គីរបស់ជាតិខ្មែរ មានភាពរង្គោះរង្គើ ដែលអាចរាំងស្ទះដល់ការអភិវឌ្ឍសង្គមទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
© រក្សាសិទ្ធិដោយ thmeythmey.com