អន្តរជាតិ
លោក អូ​បា​ម៉ា ប្រកាស​ទុក​ទ័ព១ម៉ឺន​នាក់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​រហូត​ចប់​អាណត្តិ
16, Oct 2015 , 8:59 pm        
រូបភាព
ប្រមុខរដ្ឋ​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ទុក​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ក្នុង​កម្រិត ៩៨០០ រហូតដល់​ឆ្នាំ២០១៧នៅពេលដែល​លោក​ចាក​ចេញពី​តំណែង។ ការសម្រេចចិត្ត​ជាថ្មី​នេះ​កើតឡើង​ក្រោយ​មានការ​ចរចា​គ្នា​អស់​ពេល​ជាច្រើន​ខែ​រវាង​មេដឹកនាំ​អាមេរិក​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ក្រោយ​ពេលដែល​ក្រុម​តា​លី​បង់​បង្កើន​ការវាយប្រហារ​និង​ដណ្តើម​តំបន់​ជាច្រើន​យកទៅ​កាន់កាប់​កាលពីថ្មីៗកន្លងមកនេះ។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អួ​បា​ម៉ា បានសម្រេច​ថា រដ្ឋបាល​របស់លោក​នឹង​រក្សាទុក​កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ចំនួន៩៨០០នាក់ រហូតដល់​ឆ្នាំ ២០១៧ ទើប​មានការ​កាត់បន្ថយ​បន្តទៀត។ ឆ្នាំ ២០១៧ ជា​ពេលវេលា​ដែល​លោក អូ​បា​ម៉ា ត្រូវ​ចាក​ចេញពី​សេត​វិមាន និង​បញ្ចប់​មុខតំណែង​ជា​ប្រធានាធិបតី​ដូចគ្នា​ដែរ។ បើតាម​គម្រោង​ថ្មី​កងទ័ព​អាមេរិក​ដែល​នៅ​ឈរជើង​ជួយ​ជ្រោមជ្រែង​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​ប្រឆាំង​ក្រុម​តា​លី​បង់ នឹងត្រូវ​បន្ថយ​មក​ត្រឹម៥៥០០នាក់​នៅក្នុង​ឆ្នាំ ២០១៧ ។

កាលដើមឡើយ​រដ្ឋបាល​លោក អូ​បា​ម៉ា បានប្រកាស ដក​កងទ័ព​អាមេរិក​អោយអស់​ចេញពី​ប្រទេស​នេះ​នៅ​ចុងឆ្នាំ ២០១៦ ។ នៅ​ដើមឆ្នាំ ២០១៥នេះ បណ្តា​ទាហាន​សម្រាប់​ប្រយុទ្ធ​របស់​អាមេរិក និង​កងកម្លាំង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ត្រូវបាន​ដកចេញ​ស្ទើរ​ទាំងស្រុង ទុក​តែមួយ​ចំនួន​សម្រាប់​បង្វឹក​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​ប្រយុទ្ធ​ទប់ទល់​ជាមួយ​ក្រុម​ភេរវជន​តា​លី​បង់​ប៉ុណ្ណោះ។

ការផ្លាស់ប្តូរ​ពេលវេលា​និង​ផែនការ​ដកទ័ព​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ កើតឡើង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ការចរចា​រវាង​ប្រមុខរដ្ឋ​អាមេរិក​លោក អូ​បា​ម៉ា និង​ប្រមុខរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន លោក Ashraf Ghani ក្នុងពេលដែល​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន​រូបនេះ​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។

ការផ្លាស់ប្តូរ​គម្រោង​ដកទ័ព​ម្តង​ហើយ​ម្តងទៀត​នោះ អាច​ដោយសារ​ស្ថាន​ភាពមិន​អំណោយផល ហើយ​ក្រុម​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​ក៏​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់ និង​រឹង​ដៃ​រឹង​ជើង​ល្មម​សម្រាប់​ការពារ​ខ្លួន​ដែរ។ បើសិនជា​ទ័ព​អាមេរិក​និង​ទ័ព​ណា​តូ​ដក​អស់​ភា្លមៗ វា​ប្រាកដ​ណាស់​ថា អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​តា​លី​បង់​ជាថ្មីទៀត។  ដួច​ដែល​ឃើញស្រាប់ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កងកម្លាំង​ក្រុម​ភេរវជន​តា​លី​បង់ បាន​បន្ត​វាយប្រហារ​លើ​ទាហាន​រដ្ឋាភិបាល និង​ដណ្តើម​យកបាន​ទឹកដី​ច្រើន​ផងដែរ ដែល​នេះ​ជាស​ញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល។

ទោះជា​ការបន្ត​ទុក​ទ័ព​ជា​រឿង​សំខាន់​ក៏ដោយ តែ​ស្ថានភាព​សង្គ្រាម​អា​ហ្វ​ហ្កា​នី​ស្ថាន​មិន​ងាយ​នឹង​ចប់​ទេ ហើយ​អាមេរិក​ដកទ័ព​ចេញ​មិន​ខុសពី​ការ​ដោះដៃ​ចោល​ឲ្យ​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ដោះស្រាយ​ជោគវាសនា​របស់​ខ្លូន​ដោយ​ខ្លួនឯង​ដូច្នេះ​ដែរ។  ជុំវិញ​ការដោះស្រាយ​បញ្ហា​នេះ ការ​បង្វឹក​កងទ័ព​អា​ហ្វា​ហ្កា​នី​ស្ថាន​ឲ្យ​ខ្លាំង ផ្តល់ជំនួយ​គាំទ្រ​យោធា​និង​សេដ្ឋកិច្ច ហើយនឹង​ជ្រោមជ្រែង​ការចរចា​រវាង​រដ្ឋាភិបាល​និង​ក្រុម​តា​លី​ប់ង ជា​វិធានការ​ស្នូល​របស់​អាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ត​ត្រូវ​យកចិត្តទុកដាក់។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​បានសម្រេច​ឈ្លានពាន​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ឆ្នាំ ២០០១ ក្រោយ​មាន​សោកនាដកម្ម​បុក​កម្ទេច​អាគារ​ពាណិជ្ជក​កម្ម​ពិភពលោក ហើយ​អាមេរិក​ដាក់​ការសង្ស័យ​លើ​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​តា​លី​បង់​នេះឯង។ តាមពិតទៅ​កាលនោះ  ក្រុម​តា​លី​បង់​នេះ​កំពុង​កាន់កាប់​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល ហើយ​ក្រុម​នេះ​ព្យាយាម​ការពារ​លោក អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ដែលជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក។  ក្រោយ​កងទ័ព​អាមេរិក កងកម្លាំង​ណា​តូ និង​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​របប​ក្រុង​កា​ប៊ុល ផ្តួលរំលំ​រដ្ឋាភិបាល​ក្រុម​តា​លី​បង់ នៅក្នុង​ឆ្នាំ ២០០៤ ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ត្រូវបាន​រៀបចំឡើង។ តែ​របប​ប្រជាធិបតេយ្យ​លើក​បន្ទុប​ដោយ​លោកខាងលិច មិនបាន​បញ្ចប់សង្គ្រាម​រវាង​រដ្ឋាភិបាល​និង​ក្រុម​តស៊ូរ​តា​លី​បង់​ឡើយ៕


Tag:
 លោក អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com