អន្តរជាតិ
អូស្ត្រាលី ៖ បុរស​ម្នាក់​ពុំបាន​ផឹកទឹក តែមាន​ជីវិត​រស់នៅ​តំបន់​រហោស្ថាន ៦ថ្ងៃ ដោយសារ​បរិភោគ​សត្វ​ស្រមោច
17, Oct 2015 , 10:20 am        
រូបភាព
ដោយ: ធីតា
បុរស​អាយុ ៦២ ឆ្នាំ​ម្នាក់​មានជីវិត​រស់រាន ៦ ថ្ងៃ​ដោយ​មិនបាន​ផឹកទឹក​មួយ​តំណក់​ទាល់តែសោះ នៅ​តំបន់​វាល​រហោស្ថាន​ប្រទេស​អូស្ត្រាលី ដោយសារ​បរិភោគ​សត្វ​ស្រមោច នេះ​បើតាម​ការប្រកាស​របស់​ប៉ូលិស កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ។

 
លោក Reg Foggerdy បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ៧ ក្នុងអំឡុងពេល​ចេញទៅ​បរបាញ់​សត្វ។ គាត់​បាន​ទៅ​តំបន់ Shooter’s Shack ជា​កន្លែង​បរបាញ់​ដ៏​មាន​ពេញនិយម​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​នៃ​រដ្ឋ​របស់​អូស្ត្រាលី​ភាគ​ខាងលិច។
 
ក្រុមគ្រួសារ​របស់គាត់​បាន​ប្តឹង​ប៉ូលិស នៅពេលដែល​ពួកគេ​មិនឃើញ​គាត់​ត្រឡប់មកវិញ។ ក្រុមការងារ​របស់​ប៉ូលិស​បាន​ចុះ​រក​បុរស​ចំណាស់ ហើយ​ក៏បាន​ប្រទះឃើញ​បុរស​នេះ​នៅ​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ចំណុច​ដែល​គាត់​បាន​បាត់​ខ្លួន។
 
អ្នកនាំពាក្យ​របស់​ប៉ូលិស​អូស្ត្រាលី​បាន​ប្រាប់​សារព័ត៌មាន West Australian ថា​លោក Reg គ្មាន​ទឹក​សម្រាប់​បរិភោគ​ទាល់តែសោះ​នោះ។លោក​បាន​អង្គុយ​ក្រោម​ដើមឈើ​មួយ និង​បាន​ហូប​សត្វ​ស្រមោច​ខ្មៅ​នៅក្រោម​ដើម​នោះ នៅ​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​វង្វេង​នៅ​តំបន់​ដាច់ស្រយាល​នោះ។ អ្នកនាំពាក្យ​រូបនេះ​បាន​បន្តទៀតថា៖ « ខ្លួនប្រាណ​របស់គាត់​ខ្សោះ​ជាតិ​ទឹក ប៉ុន្តែ​យើង​បាន​នាំយក​ជំនួយ​បឋម​ទៅ​ជួយ​គាត់ ហើយ​គាត់​ក៏​អាច​ងើប​អង្គុយ និង​និយាយបាន។ នៅ​ទីនោះ ធាតុអាកាស​ក្តៅ​ខ្លាំងណាស់ វា​ស្ថិតនៅ​ឆ្ងាយ​ដាច់​សង្វែង។ មនុស្ស​ភាគច្រើន​គ្មាន​ជីវិត​រស់នៅ​ទេ » ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com