សង្គមអន្តរជាតិ
អន្តរជាតិ
ម៉ាស៊ីនកែច្នៃសំរាមវៀតណាមទទួលបានជោគជ័យក្នុងឆាកអន្តរជាតិ
× ក្រោយពេលធ្វើការស្រាវជ្រាវអស់ជាង២៥ឆ្នាំមក នៅទីបំផុត វៀតណាមសម្រេចបាននូវម៉ាស៊ីនកែច្នៃប្រែក្លាយសំរាម ទៅជាឧស្ម័ន អគ្គិសនី ឬក៏ជីធម្មជាតិសម្រាប់ការប្រើប្រាស់របស់ប្រជាជន។ ប្រទេសជាច្រើនបានចុះកិច្ចសន្យាទិញម៉ាស៊ីននេះពីវៀតណាម។ ឡាវ និងកម្ពុជាយើងក៏បានសុំឲ្យវៀតណាមសហការជួយកែច្នៃសំរាមក្នុងស្រុកផងដែរ។
ម៉ាស៊ីនកែច្នៃសំរាមវៀតណាមត្រូវបានយកទៅធ្វើការសាកល្បងនៅខែត្រLong An ភាគខាងត្បូងប្រទេស។ មុនបង្កើតបានម៉ាស៊ីននេះឡើង វិស្វករវៀតណាមបានសហការស្រាវជ្រាវជាមួយវិស្វករអាមេរិក យូរណាស់មកហើយ។ ថវិកាដែលចំណាយក្នុងការស្រាវជ្រាវបង្កើតនេះគឹមានប្រមាណជិត៣០លានដុល្លារ។
ម៉ាស៊ីននេះអាចកែច្នៃសំរាមបានគ្រប់ប្រភេទ ហើយប្រែក្លាយសំរាមឲ្យទៅជាធ្យូងធម្មជាតិសម្រាប់ប្រើក្នុងផ្ទះបាយ ឬក៏ទៅជាជីធម្មជាតិដើម្បីធ្វើឲ្យដីមានជីជាតិផងដែរ។ ហ្វីលីពីនបានបញ្ជាទិញម៉ាស៊ីន១២គ្រឿង ដែលមានលទ្ធភាពកែច្នៃសំរាប់៤០០តោនក្នុង១ថ្ងៃ។ អាមេរិកក៏បានចុះកិច្ចសន្យាទិញ១គ្រឿងដែរ ដែលមានលទ្ធភាពកែច្នៃ៣០០តោនក្នុង១ថ្ងៃ។ ប្រទេសនៅអាហ្វ្រិកក៏សុំទិញច្រើនគ្រឿងយកទៅប្រើដែរ។
យោងតាមវិស្វករវៀតណាម កាលពីទសវត្សរ៍ឆ្នាំ១៩៩០ ប្រេងសាំងក្នុងស្រុកមានតម្លៃខ្ពស់ណាស់។ អ្នកនេសាទគ្មានលុយគ្រប់គ្រាន់ដើម្បីទិញវាប្រើ។ ដូច្នេះហើយទើបកាលនោះ វិស្វករបាននាំគ្នាស្រាវជ្រាវរកមធ្យោបាយបង្កើតឧបករណ៍ផលិតអ៊ីដ្រូសែនឡើង ដើម្បីជំនួសប្រេងសាំងវិញ។
ក្រោយមកទៀត ឆ្នាំ១៩៩៥ ពេលដែលពិភពលោកកំពុងប្រឈមនឹងការបំពុលបរិស្ថានបង្កឡើងដោយសំរាមនោះ គេសង្កេតឃើញថា ក្នុងការកែច្នៃសំរាម ប្រទេសជឿនលឿនដូចជាបារាំង អង់គ្លេស ឬ អាមេរិក បានប្រើប្រាស់ម៉ាស៊ីនកម្តៅ និងចម្រាញ់យកទឹកមកវិញ។ ការកែច្នៃ សម្រាមបែបនេះ អាចប៉ះពាល់បរិស្ថាន និងសុខភាពមនុស្សធ្ងន់ធ្ងរ។ ដូច្នេះហើយទើបវិស្វករវៀតណាមបានសម្រេចរកមធ្យោបាយបង្កើតម៉ាស៊ីនកែច្នៃសំរាមមានលក្ខណៈប្រសើរជាងមុន មិនបំផ្លាញបរិស្ថាន និងសុខភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com