ពីនេះ ពីនោះ
ហេតុអ្វី​បានជា​គ្រូបង្រៀន​មួយចំនួន​បង្រៀន​សាលា​ឯកជន ល្អ​ជាង​បង្រៀន​នៅ​សាលា​រដ្ឋ? មិន​យល់..?
17, Oct 2015 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេល​និយាយ​ពី​សីលធម៌​គ្រូបង្រៀន​គេ​តែងតែ​នឹក​ដល់​ភ្លាម​ពី​តួនាទី​និង​កាតព្វកិច្ច​របស់​គ្រូបង្រៀន​ដែល​ត្រូវធ្វើ និង​ផ្ដល់​ឲ្យ​សិស្ស​របស់ខ្លួន។ តួនាទី និង​កាតព្វកិច្ច ដែលជា​ក្រមសីលធម៌​សម្រាប់​គ្រូបង្រៀន​គ្រប់រូប​ត្រូវ​ប្រតិបត្តិ​នោះ​គឺ ការស្រឡាញ់​និង​ការ​ថ្នាក់ថ្នម​សិស្ស មាន​ភាព​ម៉ឹងម៉ាត់​គួបផ្សំ​ជាមួយនឹង​ចិត្ត​ទូលាយ​និង​សណ្ដោស មាន​ស្មារតី​យុត្តិធម៌ មាន​ភក្តីភាព អំណត់​អត់ធន់ មាន​វិធីសាស្ត្រ​ក្នុង​ការបង្រៀន​គ្រប់គ្រាន់ មានការ​យល់ដឹង​និង​ចំណេះដឹង​ទូលាយ។ ហើយ​កិច្ចការ​របស់​គ្រូ​គឺ​ត្រូវ​ទៅ​អប់រំ​បញ្ញា អប់រំ​កាយ អប់រំ​សីលធម៌  អប់រំ​ពលកម្ម អប់រំ​សិល្ប៍វិជ្ជា​ដល់​សិស្ស​និស្សិត​ហើយ​ធ្វើ​ការផ្ទេរ​ចំណេះ​ជូន​សិស្ស​ដោយ​ស្មារតី​ស្មើភាព។


 
ប៉ុន្តែ​មាន​គ្រូបង្រៀន​មួយចំនួន ទៅ​បង្រៀន​នៅ​សាលា​រដ្ឋ គឺ​ទៅ​បំពេញ​តែ​អវត្តមាន បង្ហាញ​តែ​មុខ បង្រៀន​សិស្ស​ដែរ​តែ​មិនសូវ​ដិតដល់ ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​តែ​បាន​ដល់​ម៉ោង ផ្ទេរ​ចំណេះដឹង​ឲ្យ​សិស្ស​មិនបាន​ពេញលេញ។ តែ​នៅពេល​ទៅ​បង្រៀន​នៅ​សាលា​ឯកជន បង្រៀន​គួរ ឬ​បង្រៀន​តាម​ផ្ទះ​វិញ ទាំង​វិធីសាស្ត្រ​បង្រៀន ទាំង​របៀប​ពន្យល់ ការផ្ទេរ​ចំណេះ​ជូន​សិស្ស និង​ការគោរព​ម៉ោង​ពេល គឺ​បំពេញ​បានល្អ​ជាទីបំផុត។
 
តើ​តួនាទី និង​កាតព្វកិច្ច​របស់​គ្រូបង្រៀន​ត្រូវ​ប្រែប្រួល​តាម​សាលា​រដ្ឋ និង​ឯកជន​មែន​ទេ?  ឬ​គ្រូ​ចាំបាច់​ត្រូវតែ​បង្រៀន​ល្អ​នៅ​សាលា​ឯកជន ហើយ​សាលា​រដ្ឋ​បំពេញ​តែ​មុខ​បាន​ហើយ? តាមពិតទៅ​ក៏មាន​គ្រូបង្រៀន​ដែល​ល្អ ដែល​បំពេញ​តួនាទី​របស់ខ្លួន​បានល្អ មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ​របស់ខ្លួន​ដែរ​ទាំង​នៅ​សាលា​រដ្ឋ​និង​ឯកជន។ ចុះ​ហេតុអ្វី​បាន​ជាមាន​គ្រូបង្រៀន​មួយចំនួន​បែរជា​ធ្វើ​ការងារ បែងចែក​គោលការណ៍​អត្ថប្រយោជន៍ ដែល​ខ្លួន​ទទួលបាន​ពី​ការបង្រៀន​របស់ខ្លួន? តើ​ការធ្វើ​បែបនេះ​អាច​និយាយបានថា​ក្បត់​មនសិការ​គ្រូបង្រៀន​បានទេ? តើ​មូល​ហេតុអ្វី​បានជា​គ្រូបង្រៀន​មួយចំនួន​ចាំបាច់​ធ្វើបែបនេះ? ពិតជា​ពិបាក់​យល់​ពី​គំនិត​គ្រូបង្រៀន​ប្រភេទ​នោះ​ណាស់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com