ពីនេះ ពីនោះ
ចង់​ធ្វើ​មន្ត្រី​រដ្ឋ បែរ​មិន​ចង់​ធ្វើ​ការបម្រើ​សាធារណជន...មិន​យល់?
19, Oct 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​រដ្ឋ​គឺជា​បុគ្គល​សាធារណៈ​ដែលមាន​តួនាទី និង​កាតព្វកិច្ច​ដើម្បី​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ និង ទៅកាន់​ការងារ​ស្រុកទេស ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ។បើ​និយាយ​ពី​ការងារ​រដ្ឋ​គឺ ជា​បន្ទុក​ដ៏​ធំ​សម្រាប់​បុគ្គលិក​រដ្ឋ​គ្រប់រូប ត្រូវធ្វើ​ដើម្បី​បំពេញ​ទៅតាម​មុខនាទី និង​តំណែង​របស់ខ្លួន។ និយាយ​ពីរ​ដ្ឋ​មួយ​គឺ មានការ​ងារ​ច្រើន​ណាស់ដែរ​ត្រូវធ្វើ មិន​ថា​រឿង​សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ សិល្បៈ កសិកម្ម សន្តិសុខ និង​ការងារ​អភិវឌ្ឍន៍​ជាតិ​ជាដើម ដែល​សុទ្ធតែជា​ការងារ​បន្ទុក​សម្រាប់​មន្ត្រី​រដ្ឋ​ធ្វើ។



តែមាន​មន្ត្រី​រដ្ឋ​មួយចំនួន ហាក់ដូចជា​មិនសូវ​មានការ​រវល់ ដូច​អ្វីដែល​ប្រជាពលរដ្ឋ និង​រដ្ឋ​ត្រូវការ​នោះទេ? ហើយ​មន្ត្រី​រដ្ឋ​មួយចំនួន​ហាក់​មិនមាន​ការ​មមារ​ញឹក​ទា​ល់​តែ​សោះ មើលទៅ​ដូចជា​នៅ​ស្ថាប័នរដ្ឋ​មួយ​ទាំងមូល​មិនមាន​ការងារ​ដែល​ត្រូវបំពេញ​ជាដើម។ ចំណែក​មន្ត្រី​មួយចំនួន ព្យាយាម​ប្រឡង​ចូល​ជា​មន្ត្រី​រដ្ឋ សូកលុយ​ដើម្បី​ក្លាយជា​មន្ត្រី​រដ្ឋ គឺ​មិនមែន​ចង់​ធ្វើ​ការងារ​ដើម្បី​ជួយ​ជាតិ​នោះទេ។ ប៉ុន្តែ​គឺ​ព្រោះតែ​យល់ថា​ពេលដែល​ខ្លួន​បាន​ក្លាយជា​មន្ត្រី​របស់រ​ដ្ឋ​ហើយ ខ្លួន​អាច​យកមុខ​នាទី និង​ដំណែង​របស់ខ្លួន​ទៅ​ប្រក​បរបរ​ផ្សេង ឬ​អាជីវកម្មផ្សេងៗបាន​យ៉ាង​ងាយ​ក្រោម​ឥទ្ធិពល​នៃ​អំណាច។ ចំណែក​មន្ត្រី​មួយចំនួនទៀត​ចង់​ក្លាយជា​មន្ត្រី​រដ្ឋ​ព្រោះតែ​គិតថា ការងារ​រដ្ឋ​គឺ​មិន​ប្រឈម​និង​ហានិភ័យ​ការងារ ទោះ​ខ្លួន​មិន​បានមក​ធ្វើការ ខ្លួន​ឈឺ ខ្លួន​ចង់​ឈប់សំរាក់ ឬ​ទៅរក​ការងារ​ក្រៅ​ក៏​មិន​ភ័យព្រួយ​ខ្លាច គេ​បញ្ឈប់​ពី​ការងារ កាត់​ប្រាក់ខែ ពិន័យ ឬ​ស្ដីបន្ទោស​ជាដើម។ ហើយជារឿយៗមន្ត្រី​ទាំងនោះ​តែងតែ​គិត​ទៅលើ​បញ្ហា​អាជីវកម្ម​របស់ខ្លួន​ក្រោម​ស្លាក​មន្ត្រី​រដ្ឋ ជាជាង​គិតថា​ពេល​ខ្ញុំ​ទៅកាន់​មុខនាទី​ក្នុង​រដ្ឋ​គឺ ខ្ញុំ​ត្រូវធ្វើ​អ្វី? ខ្ញុំ​ត្រូវបង្កើត​ផែនការ​ជាតិ​បែបណា? ខ្ញុំ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាតិ​បែបណា? ខ្ញុំ​ត្រូវធ្វើ​បែបណា​ទើប​ធ្វើ​ឲ្យ​ស្ថាប័ន​រីកចម្រើន? តើ​ខ្ញុំ​ត្រូវធ្វើ​បែបណា​ដើម្បី​ក្លាយជា​មន្ត្រី​គំរូ និង​ជាម​ន្ត្រី​មាន​ស្នាដៃ​ល្អ​សម្រាប់​ប្រទេសជាតិ?  
 
បើ​មិនដឹងថា​ពេល​ទៅធ្វើ​ការងារ​រដ្ឋ ខ្លួន​ត្រូវ​ទទួលបន្ទុក​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ប្រហែលជា​មិន​បញ្ហា​ទេ។ តែ​គ្មាន​មន្ត្រី​រដ្ឋ​ណាមួយ​ដែល​មិនដឹងថា​ខ្លួន​ត្រូវ​ធ្វើការ​អី​នោះទេ ពេល​ខ្លួន​ចូលទៅ​ធ្វើការ​ងារ​នោះ។ បើជា​គ្រូបង្រៀន គឺមាន​នាទី​បង្រៀន​សិស្ស អភិវឌ្ឍន​សិស្ស។ ជា​គ្រូពេទ្យ​ត្រូវតែ​ព្យាយាម​ពង្រឹង​សេវា​សុខាភិបាល និង​សុខភាព​ប្រជាពលរដ្ឋ។ ជា​មន្ត្រី​សាធារណៈ ត្រូវតែ​ផ្ដល់​សេវាសាធារណៈ​ឲ្យ​ទាន់ពេលវេលា និង​យុត្តិធម៌។ ជា​មន្ត្រី​នគ​បាល ទាហាន កង​ខេមរៈភូមិន្ទ​ត្រូវ​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។ ជា​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ត្រូវតែ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ។ល។
 
តែ​ពេល​ប​ច្ចប្ប​ន្ន នៅតែមាន​មន្ត្រី​ដែល​អសកម្ម​ចំពោះ​ការងារ​របស់ខ្លួន។ ឬមួយ​មន្ត្រី​ទាំងនោះ​ពិតជា​មិនដឹង​ពី​តួនាទី និង​កាតព្វកិច្ច​របស់ខ្លួន​មែន? ឬ​នៅក្នុង​ស្ថាប័នរដ្ឋ​ពិតជា​មិនសូវមាន​ការងារ​ត្រូវធ្វើ​មែន? ឬមួយ​មកពី​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ និង​វិន័យ​នៅក្នុង​ស្ថាប័នរដ្ឋ​មាន​ភាព​ធូរ​លុង? ដែល​នាំ​ឲ្យ​មន្ត្រី​រដ្ឋ​ទាំងនោះ​កាន់តែ​បានចិត្ត និង​គ្មាន​ម្ចាស់ការ​ចំពោះ​កិច្ចការ​របស់ខ្លួន។ កត្តា​ទាំងនេះ​ពិតជា​មិន​យល់ ថា​មកពី​បញ្ហា​ណាមួយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com