ជាតិ
កម្ពុជា​មិនទាន់​អាច​ធ្វើជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទេ
21, Oct 2015 , 7:39 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​និយាយថា កម្ពុជា​មិនទាន់​ជា​ប្រទេស​ដែល​ត្រូវ​ប្រញាប់​ចូលរួម​ជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយនឹង​ប្រទេស​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច​ទេ។ ក្រុម​អ្នកជំនាញ​បាន​និយាយថា កម្ពុ​ជាមាន​កិច្ចការ​និង​បញ្ហា​ច្រើន​ទាក់ទង​នឹង​សេដ្ឋកិច្ច​ក្នុងប្រទេស​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក។


ក្រុម​ប្រទេស​ដែលមាន​ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច​ចំនួន១២បានធ្វើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ខែតុលា​នេះ​ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​កាន់តែ​មាន​ទំហំ​ធំ​ឡើង។
 
ដៃគូ​ពាណិជ្ជកម្ម​ថ្មី ដែល​អាច​បង្រួបបង្រួម​ទីផ្សារ​រហូតដល់៤០ភាគរយ​នៃ​សេដ្ឋកិច្ច​សកល ព្រមទាំង​មាន​ទិន្នផល​សរុប៣០លាន​លាន(ឬ ៣០ទ្រី​លាន $30 trillion)នោះ មានការ​ចូលរួម​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ខ្លះ តែ​កម្ពុជា ដែលជា​សមាជិក​អាស៊ាន​មួយ​ដែរនោះ មិនត្រូវ​បាន​គេ​អញ្ជើញ ឬ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​នោះទេ។
 
ក្រុមអ្នកវិភាគ​បាន​និយាយថា ការចូលរួម ឬ​មិន​ចូលរួម​ជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP នោះ មិនមែនជា​អាទិភាព​និង​មិនមែនជា​អ្វីដែល​កម្ពុជា​ត្រូវ​ព្រួយបារម្ភ​ទេ។ កម្ពុជា​ពេលនេះ​មាន​ដៃគូ​ច្រើន​រួចទៅហើយ ដូចជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ជា​សមាជិក​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​និង​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយនឹង​ស្ថាប័ន​ជាច្រើន​ទៀត។
 
លោក ជេ​យ៉ាន មី​និ​ន (Jayant Menon) អ្នកសេដ្ឋកិច្ច​នាំមុខ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB នៅ​ក្រុង​ម៉ា​និល ដែលជា​ទីស្នាក់ការ​ធំ​របស់ ADB បាន​និយាយថា ប្រទេស​កម្ពុជា​ពេលនេះ​មិនគួរ​បារម្ភ​អំពី​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទេ។
 
«ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​គឺមាន​កិច្ចព្រមព្រៀងផ្សេងៗគ្នា។ ប្រទេស​កម្ពុជា​គួរ​ខ្វល់ខ្វាយ​អំពី​ការ​ធ្វើតាម​កាតព្វកិច្ច​អាស៊ាន ដូចជា​បញ្ហា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន»។
ក្នុងឋានៈ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច កម្ពុជា​ពេលនេះ​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​កែទម្រង់ អភិវឌ្ឍ និង​បំពេញ​តាម​កាតព្វកិច្ច​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹងមាន​សមាហរណកម្ម​នៅ​ចុងឆ្នាំ​នេះ និង​តាម​កាតព្វកិច្ច អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។
 
លោក​ទទួលស្គាល់ថា ក្នុងចំណោម​ប្រទេស​ទាំង១០ មាន​ប្រទេស​តែ៤ប៉ុណ្ណោះ​គឺ​ប្រទេស​វៀតណាម ប្រ៊ុយណេ សី​ង្ហ​បូរី និង​ម៉ាឡេស៊ី ដែល​ចូល​ជា​សមាជិក​នៃ​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP។ តែ​លោ​កថា ប្រទេស​សមាជិក​អាស៊ាននីមួយៗមាន​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី រួចទៅហើយ ដែល​រឿងនេះ​មិនមែន​ជាការ​បំបែក សមាគម​អាស៊ាន​ទេ។
 
«សមាជិក​អាស៊ាន​និមួយៗមាន​កិច្ចព្រមព្រៀងទ្វេភាគី​ដែរ មិន​អញ្ចឹង? ដូច្នេះ​ខ្ញុំ​មិន​គិតថា រឿងនេះ​នឹង​បំបែក​អាស៊ាន​ទេ។ អាស៊ាន​ជាការ​ណ៍​ពិត នឹងធ្វើ​កិច្ចការ​ខ្លាំង​ឡើង​ដើម្បី​រក្សារ​អត្តសញ្ញាណ​របស់ខ្លួន។ តែ​ខ្ញុំ​មិន​គិតថា រឿងនេះ​នឹងមាន​ការផ្លាស់ប្តូរ​ច្រើន​នោះទេ»។
 
លោក​បន្ថែមថា វា​ឆាប់​ពេក​ហើយ​គឺ​មិនទាន់​អាច​និយាយ​ពី​រឿងនេះ​បានទេ ព្រោះ​កិច្ចព្រមព្រៀង TPP ទើបតែ​ត្រូវ​បានបញ្ចប់ ហើយ​នៅ​តម្រូវ​ឲ្យ​សភា​នៃ​ប្រទេសនីមួយៗ ផ្តល់​ការយល់ព្រម​ទៀត។ គេ​ត្រូវ​ចាំមើល​ឯកសារ​ចរចា ដែល​ត្រូវ​ចេញ​នៅ​ខែក្រោយ ហើយ​ពេលនោះ ទើប​គេ​អាចមាន​គំនិត​ប្រសើរឡើង។
 
បណ្ឌិត ចាប សុថា​វិ​ទ្ធ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​ដែល​គាំទ្រ​ពាណិជ្ជកម្ម ហើយ​កម្ពុជា​ដែលជា​ប្រទេស​មាន​សក្តានុពល​នោះ អាច​នឹង​ចូល​ជា​សមាជិក​នៅពេល​ក្រោយ តែ​លោក​ចាត់ទុកថា ពេលនេះ TPP មិនមែនជា​អាទិភាព​ស​ម្រា​ប់​កម្ពុជា​ទេ។
 
«អញ្ចឹង​ថ្ងៃក្រោយ​បើ​យើង​ពង្រីក​មូលដ្ឋាន​ផលិត​របស់​យើង​កាន់តែ​ល្អ យើង​រក​ទីផ្សារ​កាន់តែច្រើន។ អញ្ចឹង​យើង​ត្រូវតែ​ចូល​ជា​សមាជិក​ដូច​ប្រទេស​ទាំងនោះ​ដើម្បី​រក​ទីផ្សារ​ឲ្យ​បាន។ ផលិតផល​យើង​នាំចូល​ទៅ​គេ​ដោយ​រួច​ពន្ធ។  អញ្ចឹង​ទំនិញ​យើង​ដែល​ថោក វា​អាច​លក់បាន។ ហើយ​បើ​គេ​យកពន្ធ យើង​យកទៅលក់ យកទៅ​ប្រជែង​ម៉េច​កើត? ហើយ​ដូចគ្នា បើសិន​យើង​នាំចូល​ផលិតផល​យើង​ទៅ​ប្រទេស​គេ យើង​ក៏ត្រូវ​តែបើ​ក​ទីផ្សារ​ដើម្បី​ឲ្យ​ទំនិញ​គេ​ចូលមក​ប្រទេស​យើង»។
 
លោក​បាន​បន្ថែមថា ទន្ទឹមនឹង​ការ​ចំណេញ​ដោយ​ការរកបាន​ទីផ្សារ​ក្នុង​បណ្តា​ប្រទេស TPP កម្ពុជា​ក៏ត្រូវ​ប្រឈម​បញ្ហា​នានា​ដែរ ដោយសារ​កម្ពុ​ជាមាន​ផលិត​ក្នុងស្រុក ដែល​ត្រូវ​ប្រកួតប្រជែង​យ៉ាង​ស្រួចស្រាវ​ផ្នែក​ផលិតភាព គុណភាព និង​ដោយសារតែ​មានការ​នាំចូល​ដោយ​សេរី ហើយ​មិនមាន​ការយកពន្ធ។ តែ​លោក​បាន​សម្លឹង​ឃើញថា កម្ពុ​ជាមាន​សក្តានុពល​ខ្លាំងជាងគេ​វិញ​សម្រាប់​អនាគត ដោយសារ​កម្ពុជា​មានព​លកម្ម​ថោក។ លោក​និយាយថា លើកលែងតែ​អាវុធ  កម្ពុជា​នាំចេញ​ផលិតផល​ទំនិញ​សព្វបែបយ៉ាង​ទៅកាន់​ប្រទេស ដែល​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​សហភាព​អឺរ៉ុប​និង​ស.រ.អា. ដោយ​គ្មាន​ការបង់ពន្ធ។ លោក​ចាប សុថា​រិ​ទ្ធ​បន្ថែមថា ដូច្នេះ​កម្ពុជា​ចូល​ជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅពេល​ក្រោយ។
 
លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C-CAWDU) បាន​អះអាងថា កម្ពុជា​យើង​នឹង​ចំណេញ​ពី​ការនាំចេញ​ដែរ បើសិនជា​កម្ពុជា​អាច​ចូលរួម​ក្នុងប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម TPP។ តែ​លោ​កថា កម្ពុជា​ក៏​មិនមាន​បញ្ហា​អ្វី​ដែរ បើ​មិនទាន់​ចូល TPP ពេលនេះ ព្រោះ​កម្ពុ​ជាមាន​ការនាំ​ចេញទៅ​ប្រទេស​នានា​ដែរ ហើយ​ប្រទេស​ទាំងនោះ​មានការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​រួចទៅហើយ។
 
«តែ​សម្រាប់​កម្ពុជា​យើង ខ្ញុំ​គិតថា យើង​អត់​ទាន់​មាន​អ្វី​ធ្វើបាន មានតែ​កាត់ដេរ និង​អង្ករ​អី​តិចតួច។ ដូច្នេះ​យើង​អាច​ចំណេញ​តិចតួច​ទេ មិន​ច្រើន​ប៉ុន្មាន​ទេ។ តែ​កម្ពុជា​ទោះបីជា​មិនទាន់​ចូល TPP ក៏​យើង​នៅតែ​នាំទៅ​ស.រ.អា. និង​នាំទៅ​ប្រទេស​មួយចំនួន​ដែល​អត់​យកពន្ធ ព្រោះ​គេ​ចាត់ទុកថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ។ អញ្ចឹង​ដូចជា​មិនសូវមាន​ប្រយោជន៍​អី​ប៉ុន្មាន​សម្រាប់​ការចូល TPP ហ្នឹង​ទេ»។
 
កម្ពុជា​នាំចេញ​សម្លៀកបំពាក់​ដល់​ទៅ៦ពាន់​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ដែល​បង្កើត​ការងារ​ដល់​មនុស្ស​ជាង៧០ម៉ឺន​នាក់​ជា​ស្ត្រី។ លោក​អាត់ ធន់​ថ្លែងថា កម្ពុជា​អាច​នឹង​ទាក់ទាញ​អ្នកវិនិយោគធំៗបាន ដូច​វៀតណាម និង​ប្រទេសផ្សេងៗទៀត​នៅពេល​ចូល​ជា​សមាជិក TPP។
 
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន​ម៉ុង ឫទ្ធី ដែល​គេ​ស្គាល់​ថា ជា​មហាសេដ្ឋី​ខ្មែរ​ម្នាក់ បាន​អះអាងថា ទោះ​ជាមាន​ល្បឿន​យឺត​ក្តី កម្ពុជា​មានការ​ខិតខំ​ព្រម​គ្នា​សម្រាប់​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។
 
«យើង​ចេះតែ​ខិតខំ​ប្រឹងប្រែង។  វិស័យ​ឯកជន និង​រដ្ឋ​ប្រឹងប្រែង​ដូចគ្នា តែ​ថា ឲ្យ​លឿន​ដូច​គេ​តែម្តង វា​ទៅ​អត់​រួច​ទេ ដោយសារ​ថា គេ​ខាន​ច្បាំង​យូរហើយ។ ដល់​ខ្មែរ​យើង​ទើបតែ​ខាន​ច្បាំង​ពី​ឆ្នាំ១៩៩៨មក​ទេ។ អញ្ចឹង​ទៅ ការដែល​ខំប្រឹងប្រែង​ចេះតែ​ខំ​ទៅ តែ​វា​មិនអាច១ថ្ងៃ ១ខែ ១ឆ្នាំ លឿន​ដូច​គេ​ទេ»។
 
លោក​បញ្ជាក់ថា ចំពោះ​លោក​ផ្ទាល់​ពេលនេះ​គឺ​ផ្តោត​ខ្លាំង​ទៅលើ​រោងចក្រ កែច្នៃ​ស្បែក ដើម្បី​ដើរ​ឲ្យ​ទាន់​ប្រទេសជិតខាង វៀតណាម និង​ថៃ​ដែលមាន​ការផលិត​នាំចេញ​ច្រើន​នោះ។
 
លោក​ទទួលស្គាល់ថា កម្ពុជា​កន្លងមក​នាំចេញ​វត្ថុធាតុដើម និង​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​យ៉ាងច្រើន ដូចជា​កៅស៊ូ​ត្រូវ​នាំចេញ ហើយ​ទិញ​កង់ឡាន​ចូល​មកវិញ​ក្នុងតម្លៃ​ខ្ពស់។ នាំ​ប្រេង​ចេញ ដូចជា​នាំ​ប្រេងដូង​ចេញទៅ​ក្រៅ ហើយ​នាំ​ផលិត​សម្រេច​ពី​ប្រទេសក្រៅ​ចូលមក​វិញ ដូច​ប្រេងឆា។
 
ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP គឺ​ភាគច្រើន ជា​ប្រទេស​ដែលមាន​ឧស្សាហកម្ម​ខ្ពស់ ដូចជា​ជប៉ុន មានការ​នាំចេញ​គ្រឿងចក្រ និង​រថយន្ត ហើយ​ប្រទេស​រីកចម្រើន​បន្ទាប់​មានការ​នាំចេញ​ផលិតផល​កសិកម្ម វាយ​ន​ភណ្ឌ ជាដើម។ អ្នកវិភាគ​ខ្លះ​បាន​និយាយថា ប្រទេស​ដែលមាន​ផលិតផល​នាំចេញ​ច្រើន​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​ការចូល​ក្នុង​សមាជិក TPP នេះ។ តែ​អ្នកខ្លះ​ថា ប្រទេស​ទាំងអស់​ទទួល​ផលប្រយោជន៍រៀងៗខ្លួន​ពី​ការពង្រីក​ពាណិជ្ជ​កម្មនេះ។
 
ប្រទេស​ទាំង១២នៃ​សមាជិក​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ ប៉ាស៊ីហ្វិក TPP មាន​អូស្ត្រាលី កាណាដា ឈី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហបូរី ស.រ.អា. និង​វៀតណាម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com