ពីនេះ ពីនោះ
អា​រី​ស្ដូ​ត៖ គុណធម៌​សំខាន់​គឺ​គុណធម៌​បញ្ញា និង​សីល​គុណធម៌
16, Dec 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
មិន​ថា​នៅក្នុង​សម័យ​ណា​នោះទេ បញ្ញត្តិ គុណធម៌ គឺជា​ចំនុច​ស្នូល​សម្រាប់​អ្នកក្លាហាន និង​អ្នកប្រាជ្ញ​បណ្ឌិត ដែល​តែងតែ​យកមក​ធ្វើជា​មាគ៌ា​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់ខ្លួន។ ព្រោះតែ​គុណធម៌ គឺជា​ធម៌​មួយ​ដែលនាំឱ្យ​មាន​ភាព​សុខ​ចម្រើន និង​បរិសុទ្ធ​ដោយ​សេចក្ដី​ល្អ។ គុណធម៌ ជា​កម្លាំងចលក​នៃ​ការគិត​ពិចារណា​អំពី​សេរីភាព ឯករាជ្យ ការគ្រប់គ្រង ដឹកនាំ ចាត់ចែង​ទៅតាម​ឧត្ដមគតិ​របស់​បុគ្គល។ ក្នុងន័យ​ថា កាលណា​ឧត្ដមគតិ​ល្អ​របស់​បុគ្គល មាន​ច្បាស់លាស់​វា​នឹង​ក្លាយជា គុណធម៌​មួយ។  សម្រាប់​លោក​អា​រី​ស្តូ​ត លោក​បាន​បែងចែក​គុណធម៌​ជា​ពីរ​ក្រុម គឺ​គុណធម៌​បញ្ញា និង​សីល​គុណធម៌។ តើ​គុណធម៌​ទាំងពីរ​នេះ​មានន័យ​យ៉ាងណា?




ពាក្យ​ថា គុណធម៌​បញ្ញា ដែល​លោក​អា​រី​ស្ដូ​ត​បានលើកឡើង​នេះ គឺជា​គុណធម៌​មួយ​ដែល​សមត្ថភាព​បញ្ញា​របស់​បុគ្គល អាច​រិះគិត​កាន់តែ​ល្អ​ឡើង មាន​មូលដ្ឋាន​នៃ​ការសិក្សា​ច្បាស់លាស់ ដើម្បី​សាង​ពុទ្ធិ ដែលមាន​លក្ខណៈ​សច្ចៈ ត្រឹមត្រូវ នាំទៅរក​ការប្រុងប្រយ័ត្ន គតិ​វិញ្ញូ និង​បញ្ញា។ 
 
រីឯ​សីល​គុណធម៌ គឺជា​គុណធម៌ ដែលមាន​នៅក្នុង​ទម្លាប់​របស់​បុគ្គល ដែលមាន​លទ្ធភាព​គ្រប​សង្កត់​លើ​ប្រតិកម្ម​នៃ​វិចារណញ្ញាណ និង​ក្នុង​ទម្លាប់​ប្រ​ព្រឹ​ត្ដ​សមរម្យ ត្រឹមត្រូវ បើទោះបីជា​ស្ថិតនៅក្នុង​ស្ថានភាព​ណាក៏ដោយ។ សីលគុណ​ធម៌​នេះ ជាយា​ន្ត​មួយ​ដែល​នាំ​សកម្មភាព​របស់​បុគ្គល ទៅរក​សេចក្ដីថ្លៃថ្នូរ។
 
ជារួម​មនុស្ស​ម្នាក់​គឺ​ចាំបាច់​ត្រូវតែមាន​គុណធម៌​ទាំងពីរ​នេះ​ដើម្បី​ក្លាយខ្លួនជា​បុគ្គល​ដែល​ប្រពៃ ដែលមាន​កិ​ត្ត​យស មានតម្លៃ មាន​លក្ខណៈ​ជា​មនុ​ស្សពិត មនុស្ស​ពេញលេញ​ក្នុងនាម​ជា​ស័ព្ទ​មនុស្ស។ ការយក​មាគ៌ា​គុណធម៌​ជា​ថ្នាល​ដឹកនាំ​ជីវិត តែងតែ​ជួយ​ឲ្យ​ឆន្ទៈ​របស់​អ្នក​ស្ថិតនៅក្នុង​ភាព​ស្ងប់​សុខ ទោះ​ជាមាន​ឧបសគ្គ​អ្វី​ក៏ដោយ ក៏​វា​អាច​គ្រប​សង្កត់​ចិ​ត្ដ ធ្វើឱ្យ​យើង​ស្ថិតនៅក្នុង​ភាព​សុ​ខុ​ដុម​ខាងក្នុង​ខ្លួន​របស់​អ្នក​ដែរ។ ហើយ​ប្រសិនបើ​បុគ្គល​ម្នាក់​មានតែ​គុណធម៌​បញ្ញា ហើយ​គ្មាន​សីលគុណ​ធម៌ ក៏​មិនអាច​ក្លាយជា​មនុស្ស​មានតម្លៃ​បាន​ទាំងស្រុង​នោះដែរ។ ហេតុនេះ​បុគ្គល​គ្រប់រូប​គួរណា​ស់ត្រូវ​កសាង​គុណធម៌​ទាំងនេះ​ឲ្យ​មាននៅ​ក្នុង​ខ្លួន​ជានិច្ច៕
 

© រក្សាសិទ្ធិដោយ thmeythmey.com