អន្តរជាតិ
នយោបាយអន្តរជាតិ
អ៊ីស្រាអែលនិងហ្ស៊កដានីសម្រេចបានកិច្ចព្រមព្រៀងស្តីពីទីលានសាសនានៅJérusalem
× ប្រមុខការទូតអាមេរិក ចន ឃែររី បានប្រកាសពីកិច្ចព្រមព្រៀងនេះ នៅក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី នៅថ្ងៃសៅរ៍ម្សិលមិញ។ជាកិច្ចព្រមព្រៀងដើម្បីដោះស្រាយហិង្សាជម្លោះដែលផ្ទុះឡើង តាំងពីខែកញ្ញា រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ជាជម្លោះទាក់ទងនឹងទីលានបន់ស្រន់ នៅក្រុងហ្សេរុយសាឡិម។
គួររំលឹកថា ជម្លោះនៅទីលានសាសនា បានផ្ទុះឡើង នៅក្រុងហ្សេរុយសាឡិមចាស់ តាំងពីថ្ងៃ១៣កញ្ញា ថ្ងៃបុណ្យចូលឆ្នាំជនជាតិជ្វីហ្វ។ ថ្ងៃនោះ ប៉ាឡេស្ទីនបានចោទអ៊ីស្រាអែលថា អនុញ្ញាតអោយជនជាតិជ្វីហ្វមកបន់ស្រន់ នៅទីលានដែលប្រមូលផ្តុំដោយវិហារសាសនា ផ្ទុយពីកិច្ចព្រមព្រៀងចែងតាំងពីឆ្នាំ១៩៦។
កិច្ចព្រមព្រៀងដាក់ចេញឆ្នាំ១៩៦៧ ដាក់កម្រិតអោយជនជាតិជ្វីហ្វអាចមកទីលានសាសនា តែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយពួកគេគ្មានសិទ្ធីបន់ស្រន់ទេ។ ផ្ទុយទៅវិញ យោងតាមកិច្ចព្រមព្រៀង ប្រជាជនប៉ាឡេស្ទីនមានសិទ្ធិចូលទៅបន់ស្រន់ គ្រប់ពេលវេលា។ គួរបញ្ជាក់ថា សម្រាប់ជនជាតិជ្វីហ្វ ទីលានសាសនានេះ ក៏ជាទីកន្លែងដែលពួកគេធ្លាប់បន់ស្រន់ ពីមុនមកដែរ។
ដោយសារប៉ាឡេស្ទីនបានចោទប្រកាន់ដូច្នេះ ហិង្សាបានផ្ទុះឡើងប្រឆាំងនឹងអ៊ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនប្រើកាំបិត បង្កហិង្សាធ្វើអោយប្រជាជនអ៊ីស្រាអែលបារម្ភខ្លាំង។ ទាហានអ៊ីស្រាអែលបានបាញ់តបតទៅវិញ ធ្វើអោយប្រជាជនប៉ាឡេស្ទីនស្លាប់ច្រើននាក់។
ក្នុងចំណោមវិធានការនៃកិច្ចព្រមព្រៀងដែលហ្ស៊កដានីនិងអ៊ីស្រាអែលសម្រេចបាន នៅថ្ងៃសៅរ៍ម្សិលមិញ ដើម្បីដោះស្រាយហិង្សា គេឃើញមានវិធានការដាក់កាមេរ៉ាវីដេអូ២៤ម៉ោង លើ២៤ម៉ោង ដើម្បីថតមើលថា តើភាគីអ៊ីស្រាអែលពិតជាបានរំលោភបំពានលើកិច្ចព្រមព្រៀងឆ្នាំ១៩៦៧ ដោយបានអនុញ្ញាតអោយប្រជាជនខ្លួនមកបន់ស្រន់មែនរឺយ៉ាងណា។ ជាវិធានការដែលស្នើឡើងដោយក្សត្រអាប់ដាឡាII នៃប្រទេសហ្ស៊កដានី។
គួរបញ្ជាក់ថា ហ្ស៊កដានីក៏ដូចប៉ាឡេស្ទីនដែរ បានចោទថា អ៊ីស្រាអែលចង់បែងចែកទីលានសាសនា នៅហ្សេរុយសាឡិម ជាពីរចំណែកផ្សេងពីគ្នា ដើម្បីជាប្រយោជន៍អោយជនជាតិជ្វីហ្វបានចូលទៅបន់ស្រន់។ ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ។
នៅក្រុងតែល អាវីវ ថ្ងៃសៅរ៍ម្សិលមិញដែរ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានចូលរួមបាតុកម្មជាមួយប្រជាជនប៉ាឡេស្ទីន ទាមទារអោយអ៊ីស្រាអែលនិងប៉ាឡេស្ទីនចូលតុចរចារកដំណោះស្រាយសន្តិភាពឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com