អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ព្រមាន​កូរ៉េខាងត្បូង​នឹងមាន​ការប្រឈមមុខ​យោធា បើ​បន្ត​ការបាញ់​គំរាម​នៅ​ដែនសមុទ្រ​
26, Oct 2015 , 3:59 pm        
រូបភាព
​កង​នាវា​ជើង​ទឹក​កូរ៉េខាងត្បូង បាន​បាញ់​គំរាម​ដល់​នាវា​កូរ៉េខាងជើង​ដែល​បាន​ចូលទៅ​បំពាន​ក្នុង​តំបន់ សមុទ្រ​ជម្លោះ​ប្រទេស​ទាំងពីរ ក៏ប៉ុន្តែ មិនមាន​ការបាញ់​តប​ពី​កូរ៉េខាងជើង​វិញ​នោះទេ​។ ការប្រឈមមុខ គ្នា កើតឡើង​ខណៈពេល​ការជួបជុំ​បងប្អូន​កូរ៉េ​ទាំងពីរ កំពុងតែ​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​នៃ​រដ្ឋាភិបាល​ទាំងពីរ​។​


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ



​កាលពី​ចុង​សបា្តហ៍​កន្លងទៅនេះ ទាហានជើងទឹក​កូរ៉េខាងត្បូង និង កូរ៉េខាងជើង បាន​ប្រឈមមុខគ្នា​នៅ​តំបន់​ជម្លោះ​សមុទ្រ​ព្រំដែន​កូរ៉េ​ទាំងពីរ​ដែល​កន្លងមក​តំបន់​នោះ​ធ្លាប់មាន​ការប៉ះទង្គិច​គ្នា​រហូតដល់​មាន​ទាហាន​ទាំងសងខាង​ជាច្រើន​នាក់​បាន​ស្លាប់​ផងដែរ​។ ការប្រឈមមុខគ្នា​បែបនេះ បានកើត​ឡើងជា​បន្តបន្ទាប់ ព្រោះ អវត្តមាន​នៃ​កិច្ចព្រមព្រៀង​ស្តីពី​តំបន់​ព្រំដែន​តាំងពី​កូរ៉េ​ទាំងពីរ​បែងចែក​គ្នា​ជា​ពីរ​។ 
 
​ឧប្បទ្ទវហេតុ​មួយ បាន​កើតឡើង​នៅក្នុង​តំបន់​សមុទ្រ​ព្រំដែន​កូរ៉េ​ទាំងពីរ​។ ក្នុងនោះ ទាហាន​កូរ៉េ​ខាង ត្បូង បាន​បាញ់​គំរាម​កូរ៉េខាងជើង​ជាច្រើន​គ្រាប់ ដើម្បី​ឲ្យ​ចាក​ចេញពី​តំបន់​ដែល​មិនទាន់បាន​ដោះស្រាយ​គ្នា​ដាច់ស្រេច​។ ក៏ប៉ុន្តែ មិនមាន​ការបាញ់​តប​ពី​ភាគី​កូរ៉េខាងជើង​នោះទេ​។ 
 
​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​កូរ៉េខាងជើង បាន​អះអាងថា​សកម្មភាព​កូរ៉េខាងត្បូង​ក្នុង​ការបាញ់​គំរាម​នៅ ក្នុង​តំបន់​ជម្លោះ​គឺជា​ទម្លាប់​មួយ​ទៅហើយ​។ ជាមួយគ្នានេះ កូរ៉េខាងជើង ក៏បាន​ព្រមាន​កូរ៉េខាងត្បូង បើ​នៅតែ​បន្តសកម្មភាព​នេះ​ទៀត នឹង​អាចធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នារ​វាង​កងកម្លាំង​ទាំងពីរ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឧប្បទ្ទវ​ហេតុនេះ ផ្ទុះឡើង​ខណៈពេល​ប្រជាជន​កូរ៉េ​ទាំងពីរ កំពុង​អនុវត្ត​កិច្ច ព្រមព្រៀង​ដែល​រដ្ឋាភិបាល​ទាំងពីរ​ធ្វើឡើង​កាលពី​ថ្ងៃ​២៥​ខែសីហា ដែល​ផ្តួចផ្តើម​ឲ្យ​ប្រជាជន​ទាំងពីរ អាច​ជួបជុំគ្នា​ចាប់ពី​ថ្ងៃទី​២០​ដល់​២៦​តុលា ក្រោយពី​មានការ​បាញ់​គ្រាប់ផ្លោង ដាក់គ្នា​នៅតាម​តំបន់​ព្រំដែន​។ 
 
​សួ​ម​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ​១៩៩៩ នាវា​កូរ៉េ​ទាំងពីរ បាន​បុក​គ្នា​នៅ​តំបន់​ជម្លោះ​សមុទ្រ ដែល​បាន បណ្តាល​ឲ្យ​ទាហាន​កូរ៉េ​ទាំងពីរ​ជាច្រើន​នាក់​បាន​ស្លាប់​។ ក្រោយមក នៅ​ឆ្នាំ​២០១០ នាវា​កូរ៉េខាងត្បូង បាន​លិច​ដោយសារ​ការវាយប្រហា​រ​ដោយ​គ្រាប់បែក​បាញ់​នាវា​ដែល​កូរ៉េខាងត្បូង​ចោទថា​ជាការ​ទទួលខុសត្រូវរ​បស់​កូរ៉េ​ជើង ប៉ុន្តែ​ត្រូវ​កូរ៉េខាងជើង​បដិសេធ​។ 
 
​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣ មិនមាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ឬ កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កូ​រ៉​ទាំងពីរ​ត្រូវបាន​ធ្វើឡើង​នោះឡើយ​។ បើតាម​បច្ចេកទេស​យោធា ស្ថានភាព​ឧបទ្វីប​កូរ៉េ​កំពុង​ស្ថិតក្នុង​សង្គ្រាម​៕ 
 

Tag:
 កូរ៉េខាងត្បូង-កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com