អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សកាន់អំណាចនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាហ្សង់ទីន
26, Oct 2015 , 4:41 pm        
រូបភាព
អភិបាលរដ្ឋធានី Buenos Aires លោក Daniel Scioli កំពុងតែមានសំឡេងនាំមុខ ដៃគូប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាហ្សង់ទីន ខណៈការរាប់សន្លឹកឆ្នោតកំពុងតែបន្ត។ ការបោះឆ្នោតនឹង បន្តទៅជុំទី២ម្ដងទៀត ប្រសិនបើគ្មានបេក្ខជនណាទទួលបានសម្លេងគាំទ្រចំនួនច្រើនជាង៤៥ភាគរយទេនោះ។

លោក Daniel Scioli ដែលជាបេក្ខជនមកពីគណបក្សរណសិរ្សដើម្បីជ័យជម្នះ បាននាំមុខការក្នុងការបោះឆ្នោតជុំទី១ ជាមួយសំឡេង៤១.៣ភាគរយ ស្របពេលដៃគូប្រជែងរូបទៀតគឺលោក Mauricio Macriទទួលបាន៣០.៥ភាគរយ និងលោក Sergio Massaទទួលបាន២០.៦ភាគរយ។ 
 
យោងតាមគណៈកម្មការបោះឆ្នោតអាហ្សង់ទីន ការបោះឆ្នោតនៅថ្ងៃអាទិត្យ បានបិទនៅម៉ោង៩ ម៉ោងក្នុងស្រុក។ អ្នកបោះឆ្នោតប្រហែល៧០ភាគរយនៃចំនួនអ្នកចុះឈ្មោះសរុប៣២លាននាក់ បានទៅបោះឆ្នោតនៅតាមការិយាល័យនានានៅទូទាំងប្រទេស។ 
 
យ៉ាងណាមិញ ប្រសិនបើលោក Scioli មិនទទួលបានសម្លេងគាំទ្រលើស៤៥ភាគរយទេនោះ លោកScioli នឹងត្រូវប្រជែងគ្នាម្ដងទៀតជាមួយលោក Macriដែលជាបេក្ខជនទទួលបានការគាំទ្រលំដាប់ទី២ ក្នុងបោះឆ្នោតជុំទី២ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយ។
 
លោក Daniel Scioliគឺជាអភិបាលរដ្ឋនិងជាមនុស្សមានឥទ្ធិពលមួយរូប ហើយរូបលោកត្រូវបានជ្រើសរើសដោយប្រធានាធិបតីចប់អាណត្តិលោកស្រី Cristina Kirchner ឲ្យឈរឈ្មោះ ក្រោយលោកស្រីកាន់អំណាចជិត១០ឆ្នាំ។ ឯលោក Macriវិ ញ ក៏ជាអភិបាលក្រុងម្នាក់ផងដែរ។
 
គួររម្លឹកថា អាហ្សង់ទីន ជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣ក្នុងតំបន់ បន្ទាប់ពីប្រេស៊ីលនិង ម៉ិកសិក ។ ប៉ុន្តែ ប្រទេសនេះត្រូវប្រឈមបញ្ហាសេដ្ឋកិច្ចច្រើនក្រោយងើបផុតពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០២មក ហើយបញ្ហាដែលប្រធានាធិបតីថ្មីត្រូវដោះស្រាយមានដូចជាអតិផរណា ការកើនឡើងតម្លៃរូបិយវត្ថុក្នុងស្រុក ជាពិសេសបំណុលសាធារណជាដើម។ 
 
 
 

Tag:
 អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com