អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​តារា​កំប្លែង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្វា​តេ​ម៉ា​ឡា​
26, Oct 2015 , 7:39 pm        
រូបភាព
​អតីត​តារា​កំប្លែង​ទូរទស្សន៍​មួយរូប ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្វា​តេ​ម៉ា​ឡា កាលពី​ថ្ងៃអាទិត្យ​។ លោក Jimmy Morales មាន​អាយុ​៤៦​ឆ្នាំ នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​ប្រហែល​៧០​ភាគរយ ស្របពេល​ដៃ​គួ​ប្រជែង​របស់លោក អតីត​ស្ត្រី​ទី​១ លោកស្រី Sandra Torres​ទទួលបាន​ត្រឹម​២៧.៦​ភាគរយ​។​



​អតីត​តារា​កំប្លែង​លោក Jimmy Morales បានទទួល​ការគាំទ្រ​យ៉ាង​លើសលប់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុងប្រទេស​ក្វា​តេ​ម៉ា​ឡា ដោយ​ទទួល​សន្លឹកឆ្នោត​ប្រហែល ៧០​ភាគរយ​។ នេះ​បញ្ជាក់ថា លោក​បាន​ផ្ដួល​គូប្រជែង​ជា​អតីត​ស្ត្រី​ទី​១​លោកស្រី Sandra Torres ក្នុងការ​បោះឆ្នោត​ជុំ​ទី​២​។​

​លោក Morales​និង​លោកស្រី​Torres​ជា​បេក្ខជន​នាំមុខគេ​២​រូប​ក្នុងការ​បោះឆ្នោត​ជុំ​ទី​១​កាលពី​ថ្ងៃទី​៦ ខែកញ្ញា​កន្លងទៅ​។​

​ការបោះឆ្នោត​នេះ​បានធ្វើ​ឡើង ក្រោយ​ការ​លា​ចេញពី​តំណែង​របស់​អតីត​ប្រធានាធិបតី​លោក Otto Perez  ព្រោះ រឿងអាស្រូវ​ពុករលួយ​។ រឿងក្តី​នេះ​កំពុងតែ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ ដើម្បី​ឈានទៅ​កាត់ទោស​អ្នកទទួល​សំណូក​ជាច្រើន​លាន​ដុល្លារ​នេះ​។

​លោក Jimmy Morales​គឺជា​អតីត​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព តែ​លោក​គ្មាន​បទពិសោធន៍​ទាល់តែសោះ​ទាក់ទង​រឿង​នយោបាយ​។ លោក​តែង​អះអាងថា លោក​ជា​អ្នក​និយម​កណ្ដាល ហើយ​ជាម​នុស្ស​ស្អាតស្អំ​ប្រឆាំងនឹង​អំពើពុករលួយ​។ ដោយសារ​គោលជំហរ​ប្រឆាំង​អំពើពុករលួយ​នេះហើយ ទើប​នាំឱ្យ​លោក​Morales​ទទួលបាន​ប្រជាប្រិយ​ខ្ពស់​លើស​បេក្ខជន​ដទៃ​។​

​យ៉ាងណាក៏ដោយ លោក​Morales​ក៏​រង​ការរិះគន់​ផងដែរ ដោយសារ​គោលនយោបាយ​ប្លែក​របស់គាត់​។ ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត លោក​បាន​សន្យាថា លោក​នឹង​ផ្ដល់​ទូរស័ព្ទ​អាយ​ហ្វូ​ន​ដល់​សិស្ស និង​ភ្ជាប់​ឧ​បករ​ណ៏​GPS​ដល់​គ្រូបង្រៀន​ទាំងអស់​ដើម្បី​ធានាថា ពួកគេ​មក​បង្រៀន​ជានិច្ច​៕ 


Tag:
 ក្វា​តេ​ម៉ា​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com